
ភ្នំពេញ៖ ក្នុងរយៈពេល៨ខែ ឆ្នាំ២០២៥ កម្ពុជាបាននាំចេញអង្ករ-ស្រូវសរុប ៥,៣២១,៦៣៨តោន ទទួលបានចំណូលសរុប ១,៤៦២.២៥លានដុល្លារ។ នេះបើតាម សហព័ន្ធស្រូវអង្ករកម្ពុជា។
អង្ករបានចំនួន ៤៧២ ៨០៣តោន ត្រូវបាននាំចេញតាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៥១ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៦៦។ បើតាមការបញ្ជាក់ សហព័ន្ធស្រូវអង្ករកម្ពុជា។
សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា ក្នុងនោះ ទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ២៦ បានបរិមាណអង្ករចំនួន ២២ ៦៩១តោន គិតជាទឹកប្រាក់ចំនួន ១៧៦.៣៣លានដុល្លារ, ប្រទេសចិន និងហុងកុង ចំនួន ១១៦ ៣២០តោន គិតជាទឹកប្រាក់ចំនួន ៦៨.៨៦លានដុល្លារ។
ទៅកាន់ប្រទេសក្នុងអាស៊ាន ចំនួន ៧ប្រទេសបានបរិមាណចំនួន ៦២ ១៥៨តោន គិតជាទឹកប្រាក់ចំនួន ៤៣.៥០លានដុល្លារ។
និងទៅកាន់គោលដៅ ៣២ប្រទេសផ្សេងទៀតមាន អាហ្វ្រិក មជ្ឈឹម បូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន ។ល។ បានចំនួន ៦៧ ៤១១ តោន គិតជាទឹកប្រាក់ចំនួន ៥៩.៤៨ លានដុល្លារ។
ចំពោះ ប្រភេទអង្ករដែលបាននាំចេញមាន អង្ករក្រអូបចំនួន ៨៧% ប្រភេទអង្ករសគ្រាប់វែង ៩.៧២% អង្ករចំហ៊ុយ ១% អង្ករសរីរាង្គចំនួន ១.៨៣% និងអង្ករផ្សេងៗចំនួន ០.៤៥%។
បើតាម សហព័ន្ធស្រូវអង្ករកម្ពុជា ប្រទេសកម្ពុជាក៏បាននាំចេញស្រូវចំនួន ៤ ៨៤៨ ៨៣៥តោនស្រូវសើម ដែលគិតជាទឹកប្រាក់បានប្រមាណ ១១១៤.២៥លានដុល្លារ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)