
ភ្នំពេញ៖ នៅសល់តែប្រមាណ ៣ សប្តាហ៍ទៀតប៉ុណ្ណោះការប្រកាសបង់ពន្ធលើអចលនទ្រព្យនឹងត្រូវផុតកំណត់ ខណៈអចលនទ្រព្យ ១០ប្រភេទ ទទួលបានការលើកលែងពន្ធលើអចលនទ្រព្យ។
ពន្ធលើអចលនទ្រព្យជាប្រភេទពន្ធប្រចាំឆ្នាំដែលប្រមូលលើអចលនទ្រព្យមានតម្លៃលើសពី ១០០លានរៀល និងមានទីតាំងស្ថិតនៅក្នុងរាជធានីភ្នំពេញ និងនៅក្នុងក្រុងនៃបណ្តាខេត្តនានា។ ម្ចាស់អចលនទ្រព្យដែលមានកាតព្វកិច្ច ត្រូវប្រកាសនិងបង់ពន្ធលើអចលនទ្រព្យប្រចាំឆ្នាំ២០២៥ ចាប់ពីថ្ងៃទី១ ខែមករា រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ ពោលគឺនៅសល់តែប្រមាណ ៣ សប្តាហ៍ទៀតប៉ុណ្ណោះ។
ទោះជាយ៉ាងនេះក្តី ពន្ធនេះក៏ត្រូវបានលើកលែងចំពោះអចលនទ្រព្យ ១០ប្រភេទផងដែរ បើយោងតាមប្រការ៧ នៃប្រកាសលេខ៥៧៦ សហវ.ប្រក.អពដ ចុះថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤។
ពន្ធលើអចលនទ្រព្យ ត្រូវបានលើកលែងដូចខាងក្រោម៖
១-អចលនទ្រព្យដែលមានតម្លៃតិចជាងឬស្មើ ១០០ ០០០ ០០០ (មួយរយលាន) រៀល។
២-អចលនទ្រព្យដែលជាដឹកសិកម្ម។ ដឹកសិកម្ម សំដៅដល់ ដីដែលកំពុងបង្កបង្កើនផលកសិកម្ម មានជាអាទិ៍ ដីស្រែ ដីចំការ ដីដំណាំ កសិ-ឧស្សាហកម្ម ដឹកសិដ្ឋានចិញ្ចឹមសត្វ វារីវប្បកម្ម និងដីស្រែអំបិល។ ផ្ទះ អគារ ឬសំណង់ផ្សេងៗដែល សាងសង់សម្រាប់បម្រើផ្ទាល់ និងជាអចិន្ត្រៃយ៍ដល់សកម្មភាពកសិកម្មទាំងនេះ ក៏ត្រូវបានលើកលែងពន្ធផងដែរ។ ក្នុងករណី ចំណែកណាមួយនៃដឹកសិកម្មត្រូវបាន យកមកសាងសង់ផ្ទះ អគារ ឬសំណង់ផ្សេងៗ ដែលមិនបម្រើផ្ទាល់និងជាអចិន្ត្រៃយ៍ដល់សកម្មភាពកសិកម្ម ចំណែកដីនេះមិនត្រូវបាន លើកលែងពន្ធនេះទេ។
៣-អចលនទ្រព្យដែលជាកម្មសិទ្ធិរបស់រាជរដ្ឋាភិបាល ឬស្ថាប័នរាជរដ្ឋាភិបាល វៀរលែងតែអចលនទ្រព្យដែល បានកត់ត្រាជាទ្រព្យសកម្ម របស់សហគ្រាសសាធារណៈឬក្រុមហ៊ុនចម្រុះរដ្ឋ។
៤-អចលនទ្រព្យដែលជាដីកម្មសិទ្ធិរបស់រាជរដ្ឋាភិបាល ឬស្ថាប័នរាជរដ្ឋាភិបាល បានជួលឱ្យឯកជនសាងសង់ សំណង់សម្រាប់ធ្វើអាជីវកម្ម ដីនោះត្រូវបានលើកលែងពន្ធលើអចលនទ្រព្យ ប៉ុន្តែសំណង់ត្រូវជាប់ពន្ធ។
៥-អចលនទ្រព្យដែលជាកម្មសិទ្ធិបុគ្គលណាមួយ ដែលត្រូវបានរៀបចំឡើងនិងដំណើរការសម្រាប់គោលដៅសុទ្ធសាធខាងសាសនានិង សប្បុរសធម៌ និងគ្មានចំណែកណាមួយនៃអចលនទ្រព្យឬប្រាក់ចំណូលត្រូវបានប្រើប្រាស់ជាប្រយោជន៍ឯកជន។ ការលើកលែង ដូចមានចែងក្នុងកថាខណ្ឌនេះ មិនរាប់បញ្ចូលទេ ចំពោះ៖
ក- អចលនទ្រព្យដែលត្រូវបានជួលឬផ្តល់ឱ្យបណ្ដោះអាសន្ន សម្រាប់គោលដៅសុទ្ធសាធខាងសាសនា និងសប្បុរសធម៌។
ខ- អចលនទ្រព្យជាកម្មសិទ្ធិរបស់អង្គការសាសនាឬអង្គការសប្បុរសធម៌ ដែលបានជួលឬផ្តល់ជាបណ្តោះអាសន្នឱ្យទៅសហគមន៍ឬ បុគ្គលណាមួយ ដែលប្រើប្រាស់អចលនទ្រព្យនោះក្រៅពីគោលដៅសុទ្ធសាធខាងសាសនា និងសប្បុរសធម៌។
៦-អចលនទ្រព្យជាកម្មសិទ្ធិរបស់បេសកកម្មការទូតឬកុងស៊ុលបរទេស អង្គការអន្តរជាតិ និងទីភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេសរបស់ រដ្ឋាភិបាលនានា ដែលទទួលស្គាល់ដោយរាជរដ្ឋាភិបាល។ ការលើកលែងដូចមានចែងក្នុងកថាខណ្ឌនេះ មិនរាប់បញ្ចូលទេ ចំពោះ៖ អង្គការអន្តរជាតិ និងទីភ្នាក់ងារ
ក- អចលនទ្រព្យជាកម្មសិទ្ធិរបស់បុគ្គលណាមួយដែលបានជួលទៅឱ្យបេសកកម្មការទូតឬកុងស៊ុលបរទេស សហប្រតិបត្តិការបច្ចេកទេសរបស់រដ្ឋាភិបាលនានា។
ខ-អចលនទ្រព្យជាកម្មសិទ្ធិរបស់បេសកកម្មការទូតឬកុងស៊ុលបរទេស អង្គការអន្តរជាតិ និងទីភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេសរបស់ រដ្ឋាភិបាលនានា ដែលបានជួលទៅឱ្យបុគ្គលដទៃ។
៧- អចលនទ្រព្យ ដែលជាហេដ្ឋារចនាសម្ព័ន្ធ រួមមាន ផ្លូវ ស្ពាន ប្រព័ន្ធផលិតទឹកស្អាតឬផលិតអគ្គិសនី ទីលានទុកជាក់សំរាម ព្រលានយន្តហោះ កំពង់ផែ ស្ថានីយអយស្ម័យយាន រួមបញ្ចូលទាំងអគារ និងការិយាល័យដែលបម្រើផ្ទាល់ដល់សកម្មភាពនៃហេដ្ឋារចនាសម្ព័ន្ធទាំងនោះ។
៨- អចលនទ្រព្យដែលទទួលរងនូវការខូចខាតធ្ងន់ធ្ងរដោយករណីប្រធានស័ក្តិ ដែលជាបាតុភូត ឬជាព្រឹត្តិការណ៍ កើតឡើងដោយមិនដឹងជាមុន មិនអាចប៉ាន់ស្មានជាមុនបាន និងមិនអាចជម្នះបាន ដូចជា គ្រោះធម្មជាតិ សង្គ្រាម កុបកម្ម អគ្គិភ័យ ឬគ្រោះមហន្តរាយជាយថាហេតុ។
៩- ផ្ទះ អគារ ឬសំណង់ដែលកំពុងត្រូវបានសាងសង់តិចជាង ៨០ (ប៉ែតសិប) ភាគរយ និងមិនទាន់បានប្រើប្រាស់ វៀរលែងតែដីដែលត្រូវ ជាប់ពន្ធលើអចលនទ្រព្យ។
១០- អចលនទ្រព្យដែលស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស ដែលបម្រើផ្ទាល់ដល់សកម្មភាពផលិត និងសេវាកម្ម៕
ដោយ៖ មឿន ឌីណា (Moeun Dyna)