
ភ្នំពេញ៖ អ្នកជាប់ពន្ធដែលមិនយល់ព្រមនឹងការកំណត់ពន្ធឡើងវិញ ការផាកពិន័យជាប្រាក់ ឬសេចក្តីសម្រេចផ្សេងទៀតដែលធ្វើឡើងដោយ អង្គភាពមានសមត្ថកិច្ចរបស់រដ្ឋបាលសារពើពន្ធ អាចធ្វើការតវ៉ាទៅអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ក្នុងរយៈពេលយ៉ាងយឺតបំផុត ៣០ថ្ងៃនៃថ្ងៃធ្វើការ។
យោងតាមមាត្រា២៣៦ និងមាត្រា២៣៨ នៃច្បាប់ស្តីពីសារពើពន្ធ អ្នកជាប់ពន្ធដែលមិនយល់ព្រមនឹងការកំណត់ពន្ធឡើងវិញ ការផាកពិន័យជាប្រាក់ ឬសេចក្តីសម្រេចផ្សេងទៀតដែលធ្វើឡើងដោយ អង្គភាពមានសមត្ថកិច្ចរបស់រដ្ឋបាលសារពើពន្ធ អាចធ្វើការតវ៉ាទៅអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ក្នុងរយៈពេលយ៉ាងយឺតបំផុត ៣០ថ្ងៃនៃថ្ងៃធ្វើការ។ បើតាមការ លកើឡើង មន្រ្តីជាន់ខ្ពស់អគ្គនាយកដ្ឋានពន្ធដារ។
តាមការលើកឡើងនេះ លោកស្រី យុង សោភា អនុប្រធាននាយកដ្ឋាននីតិកម្ម គោលនយោបាយ សារពើពន្ធ និងសហប្រតិបត្តិការពន្ធដារអន្តរជាតិ និងលោក គឹម គន្ធឋានន្តរ៍ ប្រធានការិយាល័យនៃនាយកដ្ឋាននីតិកម្ម គោលនយោបាយ សារពើពន្ធ និងសហប្រតិបត្តិការពន្ធដារអន្តរជាតិ លើកយកប្រធានបទ “នីតិវិធីនៃការដាក់ពាក្យបណ្តឹងតវ៉ាលើការកំណត់ពន្ធឡើងវិញ មកធ្វើបទបង្ហាញ និងពិភាក្សា កាលពីថ្ងៃព្រហស្បតិ៍ ទី២៨ ខែសីហា ឆ្នាំ២០២៥ កម្មវិធី “ពន្ធដារកម្ពុជា។
បើតាមវាគ្មិនចំនួនពីរនេះ បានលើកឡើងបន្តថា ក្រោយថ្ងៃដែលអ្នកជាប់ពន្ធបានទទួលលិខិតជូនដំណឹងទារបំណុលពន្ធ ការផាកពិន័យជាប្រាក់ ឬសេចក្តីសម្រេចផ្សេងទៀតដែលធ្វើឡើងដោយអង្គភាពមានសមត្ថកិច្ចរបស់រដ្ឋបាលសារពើពន្ធ។
អ្នកតវ៉ាត្រូវភ្ជាប់មកជាមួយពាក្យបណ្តឹងតវ៉ានូវឯកសារសំខាន់ៗមួយចំនួនរួមមាន៖
១. លិខិតជូនដំណឹងស្តីពីការកំណត់ពន្ធឡើងវិញ ការផាកពិន័យជាប្រាក់ ឬសេចក្តីសម្រេចផ្សេងទៀត ដែលធ្វើឡើងដោយអង្គភាពមានសមត្ថកិច្ច របស់រដ្ឋបាលសារពើពន្ធ។
២. ឯកសារដែលបញ្ជាក់ពីការទូទាត់ប្រាក់ពន្ធ។
៣. ភស្តុតាងផ្សេងទៀតពាក់ព័ន្ធអង្គហេតុ ឬសំអាងហេតុនៃបណ្ដឹងតវ៉ារបស់អ្នកតវ៉ា ជាអាទិ៍ទិន្នានុប្បវត្តិ វិក្កយបត្រ កិច្ចសន្យា លិខិតយុត្តិការ ឬឯកសារផ្សេងៗ។
ក្នុងករណីអ្នកជាប់ពន្ធនៅតែមិនយល់ព្រមលើសេចក្តីសម្រេចជាថ្មីរបស់អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ អ្នកជាប់ពន្ធអាចដាក់ពាក្យបណ្ដឹងតវ៉ា ទៅគណៈកម្មាធិការដោះស្រាយវិវាទសារពើពន្ធ ដែលមានទីតាំងនៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក្នុងរយៈពេលយ៉ាងយឺតបំផុត ៣០ (សាមសិប) ថ្ងៃ ក្រោយពីថ្ងៃដែលបានទទួលសេចក្តីសម្រេច។ បើតាមការបញ្ជាក់ វាគ្មិនទាំងពីរ។
វាគ្មិនទាំងពីរ បានបន្តថា អ្នកជាប់ពន្ធមានសិទ្ធិប្តឹងទៅតុលាការមានសមត្ថកិច្ចជំទាស់នឹងសេចក្តីសម្រេចរបស់គណៈកម្មាធិការ ដោះស្រាយវិវាទសារពើពន្ធក្នុងរយៈពេលយ៉ាងយឺតបំផុត ៣០ (សាមសិប) ថ្ងៃ ក្រោយពីបានទទួលដំណឹងស្តីពីសេចក្តីសម្រេចនោះ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)