
ភ្នំពេញ៖ ក្នុងខែសីហា ឆ្នាំ២០២៥ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេច ចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន ៥១គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៦០៨លានដុល្លារ និងអាចបង្កើតការងារបានប្រមាណ ២៧ពាន់កន្លែង។ បើតាមការសេចក្ដីប្រកាសព័ត៌មាន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
ក្នុងចំណោម គម្រោងវិនិយោគសរុប គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៣៥គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ១៦គម្រោង។
ក្នុងខែសីហា ឆ្នាំ២០២៥ កម្ពុជាបានឈរនៅកំពូលតារាងនៃការវិនិយោគ ៤៥,៤៨% ខណៈចិនធ្លាប់តែលើកំពូលតារាងបានធ្លាក់នៅលេខ២ ៤៣,៥៧ សិង្ហបុរីលេខ៣ ៥,០៦% ចក្រភពអង់គ្លេស ២,៦០% កោះ Cayman ១,៧៤% ស្របពេលដែល កោះ British ០,៨៥% ក្នុងនោះ ជប៉ុនក៏ស្ថិតនៅក្នុងតារាងនេះដែរ ០,៧០%។
បើតាម ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងខែសីហា វិស័យឧស្សាហកម្មមានទុនវិនិយោគ ៣១៣លានដុល្លារ និងវិស័យវិស័យហេដ្ឋារចនាសម្ព័ន្ធ និងផ្សេងៗចំនួន ២៧៣លានដុល្លារ ហើយនិង វិស័យកសិកម្មនិងកសិឧស្សហកម្មចំនួន ១៤លានដុល្លារ ខណៈ វិស័យទេសចរណ៍ចំនួន ៨លានដុល្លារ។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ថា ខេត្តកំពង់ស្ពឺទទួលបាន ១៣គម្រោង, ខេត្តស្វាយរៀង ១១គ្រោង, ខេត្តតាកែវ ៧គម្រោង, ខេត្តកំពង់ឆ្នាំង ៦គម្រោង, ខណៈ ភ្នំពេញ និងខេត្តព្រះសីហនុ ៣គម្រោងរៀងគ្នា, ខេត្តកោះកុង និងបាត់ដំបង ២គម្រោង ហើយនិងខេត្តពោធិ៍សាត់និងកំពង់ធំ ក៏ទទួលបាន ១គម្រោងរៀងគ្នាផងដែរ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)