
ភ្នំពេញ៖ កម្ពុជាទទួលជំនួយសហហិរញ្ញប្បទានថវិកាចំនួន ១០០លានដុល្លារ ពីសមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) របស់ធនាគារពិភពលោក និងជំនួយឥតសំណងចំនួន ៥លានដុល្លារ ពីមូលនិធិបរធនពហុម្ចាស់ជំនួយសម្រាប់ភាពជាដៃគូសម្រាប់ការរៀនសូត្រតាំងពីវ័យក្មេងខ្ចី (Early Learning Partnership Multi-Donor Trust Fund) ជាជំនួយថ្មីសម្រាប់កែលម្អការអប់រំ និងការរៀនសូត្រសម្រាប់កុមារតូចនៅកម្ពុជា។
កុមារកម្ពុជាជាង ១,៧លាននាក់ ត្រូវបានកំណត់ថានឹងជាអ្នកទទួលបានប្រយោជន៍ពីការកែលម្អការអប់រំនៅកម្រិតបឋមសិក្សា បន្ទាប់ពីក្រុមប្រឹក្សាធនាគារពិភពលោកបានអនុម័តគម្រោងកែលម្អការអប់រំកម្រិតមូលដ្ឋាននៅប្រទេសកម្ពុជាកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥។ បើតាមការសេចក្ដីប្រកាសព័ត៌មាន ធនាគារពិភពលោក។
គម្រោងនេះ នឹងជួយពង្រឹងជំនាញអក្ខរកម្ម និងគណិតវិទ្យាមូលដ្ឋាននៅតាមសាលាបឋមសិក្សាទូទាំងប្រទេស។ លើសពីនេះ គម្រោងក៏នឹងពង្រីកលទ្ធភាពទទួលបានសេវាអប់រំកុមារតូច និងសេវាថែទាំកុមារ, កែលម្អគុណភាពនៃការបង្រៀន, ធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធសាលារៀន និងពង្រឹងប្រព័ន្ធគ្រប់គ្រងវិស័យអប់រំផងដែរ។
លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា៖ «គម្រោងនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការវិនិយោគលើមូលធនមនុស្ស និងធានាថាកុមារគ្រប់រូបមានឱកាសរៀនសូត្រ។ តាមរយៈការផ្តោតលើការរៀនសូត្រជាមូលដ្ឋាន យើងកំពុងរៀបចំមូលដ្ឋានគ្រឹះសម្រាប់អនាគតមួយដែលកាន់តែមានភាពធន់ និងវិបុលភាពជាងមុន»។
ប្រទេសកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងការពង្រីកលទ្ធភាពទទួលបានការអប់រំ ប៉ុន្តែការវាយតម្លៃនានាបានបង្ហាញថា កុមារជាច្រើនមិនទាន់ទទួលបានជំនាញអក្ខរកម្ម និងគណិតវិទ្យាមូលដ្ឋានដែលចាំបាច់សម្រាប់ការបន្តការសិក្សា ឬសម្រាប់ទទួលបានការងារដែលត្រូវការជំនាញខ្ពស់នៅឡើយទេ។ គម្រោងកែលម្អការអប់រំកម្រិតមូលដ្ឋាននឹងដោះស្រាយបញ្ហាប្រឈមទាំងនេះ តាមរយៈការអនុវត្តសកម្មភាពដែលមានប្រសិទ្ធភាពក្នុងការចំណាយ និងផ្អែកលើភស្តុតាងជាក់ស្តែង ដើម្បីកែលម្អលទ្ធផលនៃការរៀនសូត្ររបស់កុមារ។
គម្រោងនេះនឹងជួយធានាថាកុមារទទួលបានជំនាញមូលដ្ឋានដែលពួកគេត្រូវការ ដើម្បីឈានទៅសម្រេចជោគជ័យនៅក្នុងសាលា និងការងាររបស់ពួកគេនាអនាគត។ ធនាគារពិភពលោកមានមោទនភាពក្នុងការជួយគាំទ្រការកសាងប្រព័ន្ធអប់រំមួយកាន់តែរឹងមាំ និងមានភាពធន់ជាងមុន ដែលអាចជួយរៀបចំដល់កុមារកម្ពុជាសម្រាប់ការងារនាពេលខាងមុខ»។
គម្រោងនេះ នឹងជួយដល់ការការបង្កើតមជ្ឈមណ្ឌលថែទាំកុមារសាធារណៈចំនួន ៦០ កន្លែង និងថ្នាក់មត្តេយ្យសិក្សាថ្មីចំនួន ៦០ ថ្នាក់ ដើម្បីជួយម្តាយដែលកំពុងធ្វើការឱ្យមានលទ្ធភាពទទួលបាននូវសេវាថែទាំកុមារមានសុវត្ថិភាព និងមានតម្លៃសមរម្យ ហើយស្របគ្នានោះជួយកុមារត្រៀមលក្ខណៈសម្រាប់ចូលរៀននៅកម្រិតបឋមផងដែរ។
បន្ថែមលើសិស្សបឋមសិក្សាជាង ១,៧លាន់នាក់ ដែលនឹងទទួលផលប្រយោជន៍ពីគម្រោងនេះ មានកុមារតូចអាយុពី ០ ដល់ ២ឆ្នាំ ប្រហែល២២០០នាក់ និងកុមារអាយុពី៣ ដល់៥ឆ្នាំ ជាង៥០០០០នាក់ នឹងទទួលបានអត្ថប្រយោជន៍ពីការពង្រីកមណ្ឌលថែទាំកុមារ និងថ្នាក់មតេ្តយ្យសិក្សា។
ដើម្បីពង្រីកកម្មវិធីអំណាន និងកម្មវិធីគណិតវិទ្យាថ្នាក់ដំបូងនៅទូទាំងប្រទេស គម្រោងនឹងផ្តល់ការណែនាំ និងការបង្វឹកដល់គ្រូបង្រៀនជាង ៣៧ ០០០នាក់ និងផ្តល់ការបង្រៀនដល់សិស្សដែលរៀនអន់ជាងគេដែលជាគោលដៅត្រូវជួយ។
លើសពីនេះ ដើម្បីកាត់បន្ថយភាពណែនណាន់ក្នុងថ្នាក់ និងបង្កបរិយាកាសសម្រាប់រៀនសូត្រឱ្យបានកាន់តែប្រសើរ គម្រោងនឹងគាំទ្រថវិកាសម្រាប់ការសាងសង់ថ្នាក់រៀនថ្មីចំនួន ៩០០បន្ទប់ និងសម្រាប់សង់បន្ទប់ទឹក និងកន្លែងលាងដៃសម្រាប់កុមារា និងកុមារី ប្រើប្រាស់ដោយឡែកពីគ្នា ផងដែរ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)