Register Already an agent ? Login

ធនាគារ AIIB បង្ហាញចំណាប់អារម្មណ៍ស្វែងរកឱកាសជំរុញកិច្ចសហប្រតិបត្តិការ ជាមួយកម្ពុជា

សៀងហៃ៖ លោក Jin Liqun ប្រធានក្រុមប្រឹក្សាភិបាល និងជាប្រធានធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) បង្ហាញចំណាប់អារម្មណ៍ស្វែងរកឱកាសជំរុញកិច្ចសហប្រតិបត្តិការ ជាមួយកម្ពុជា។

ការបង្ហាញចំណាប់អារម្មណ៍ លោក Jin Liqun នាជំនួបទ្វាភាគីជាមួយ សម្តេចវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ កម្ពុជា នៅរសៀល ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូល នៃអង្គការសហប្រតិបត្តិការសៀងហៃ បូក ពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងធានជីង សាធារណរដ្ឋប្រជាមានិតចិន។

ក្នុងឱកាសនៃជំនួបនេះ ប្រធានក្រុមប្រឹក្សាភិបាល បានសម្ដែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសម្ដេចបវរធិបតី ដែលបានចំណាយពេលដ៏មមាញឹក អនុញ្ញាតឱ្យរូបលោក និងសហការីចូលជួបសម្ដែងការគួរសម និងបានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅជូនចំពោះ សម្ដេចបវរធិបតី ដែលបានអញ្ជើញមកបំពេញការងារនៅក្នុងទីក្រុងធានជីង នាឱកាសនេះ។

លោកប្រធានក្រុមប្រឹក្សាភិបាល ក៏បានគោរពជម្រាបជូនថា ជាមួយនឹងប្រតិបត្តិការ និងបទពិសោធន៍របស់ធនាគារ ដែលផ្តោតលើការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ ធនាគារ AIIB មានសេចក្តីសោមនស្សក្នុងការបន្តកិច្ចសហប្រតិបត្តិការលើគម្រោងគន្លឹះនានាជាមួយកម្ពុជា។

លោក បានគូសបញ្ជាក់ថា ជាមួយគ្នានេះ ធនាគារក៏មានចំណាប់អារម្មណ៍ក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសង្គម ជាពិសេសផ្តោតលើវិស័យអប់រំបែបទំនើប នៅកម្ពុជា ផងដែរ។

ជាការឆ្លើយតប សម្ដេចបវរធិបតី បានសម្ដែងនូវការស្វាគមន៍និងរីករាយ ដែលបានជួបជាមួយនឹងលោកប្រធានក្រុមប្រឹក្សាភិបាល និងសហការីជាថ្មី។ សម្ដេច ក៏បានគូសបញ្ជាក់ផងដែរថា វិស័យហេដ្ឋារចនាសម្ព័ន្ធរឹង នៅតែជាវិស័យអាទិភាព ដែលកម្ពុជាត្រូវបន្តអភិវឌ្ឍ ដូចជាផ្លូវ​ ថ្នល់ និងស្ពាន ជាដើម។

សម្ដេចបវរធិបតី ក៏បានគូសបញ្ជាក់ជូនលោកប្រធានក្រុមប្រឹក្សាភិបាល អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យនេះ ដូចជាការកសាងអាកាសយានដ្ឋានអន្តរជាតិថ្មីៗ និងគម្រោងព្រែកជីកហ្វូណនតេជោ សំដៅជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្ម និងឡូជីស្ទីក។

បន្ថែមលើនះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានគូសបញ្ជាក់ផងដែរថា អាទិភាពចម្បងរបស់រាជរដ្ឋាភិបាលចាប់តាំងពីរាជរដ្ឋាភិបាលអាណត្តិមុនៗ មកហូតមកបច្ចុប្បន្ន គឺផ្ដោតសំខាន់ទៅលើការកសាងនូវមូលធនមនុស្សប្រកបដោយគុណភាព។ ក្នុងន័យនេះ រាជរដ្ឋាភិបាល បានដាក់ចេញគោលនយោបាយកែទម្រង់វិស័យអប់រំ តាំងពីកម្រិតបឋមសិក្សារហូតដល់កម្រិតវិទ្យាល័យ, កម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងពង្រឹងមូលដ្ឋានសុខាភិបាលគ្រប់កម្រិត ពិសេសការផ្ដល់សេវានៅថ្នាក់មូលដ្ឋាន។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានសង្កត់ធ្ងន់ផងដែរថា ការផ្ដោតអាទិភាពទៅលើការកសាងមូលធនមនុស្សប្រកបដោយជំនាញវិជ្ជាជីវៈច្បាស់លាស់ គឺជាការវិនិយោគរយៈពេលវែង ដើម្បីឆ្លើយតបទៅនឹងតម្រូវការ នៃការរីកចម្រើននៃវិស័យឧស្សាហកម្មនាពេលបច្ចុប្បន្ន និងទៅអនាគត។

សម្ដេចបវរធិបតី បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ និងស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់ធនាគារ AIIB ក្នុងការស្វែងរកឱកាសនៃកិច្ចសហប្រតិបត្តិការនានានៅកម្ពុជា និងលើកទឹកចិត្តឱ្យធនាគារបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីចាប់យកឱកាសពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្ដែងបន្ថែមទៀត៕

ដោយ៖ មឿន ឌីណា (Moeun Dyna)