
កំពង់ចាម៖ គិតត្រឹមដំណាច់ខែសីហានេះ គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ ជាបួនគន្លង(ស្គន់-កំពង់ចាម) សម្រេចវឌ្ឍនភាពការងារបាន ៦៥,៣៨% ហើយ។ បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន។
លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការ និងជានាយកគម្រោង បានដឹកនាំក្រុមការងារដើម្បីចុះពិនិត្យវឌ្ឍនភាពគម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ នាថ្ងៃពុធ ទី២៧ ខែសីហា ឆ្នាំ២០២៥។
នាឱកាសនោះ លោក បានពិភាក្សាការងារដាំដើមឈើតាមដងផ្លូវ ការងារសាងសង់ប្រព័ន្ធរំដោះទឹក និងការងារសាងសង់ស្ថានីយថ្លឹងយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់។
បេសកកម្មចុះពិនិត្យនេះ ក៏មានកាចូលរួមពីសំណាក់ អនុរដ្ឋលេខាធិការ លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ចាម អភិបាលរងស្រុកពាក់ព័ន្ធ មន្រ្តីបច្ចេកទេសក្រសួង តំណាងក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន(CRBC) និងតំណាងក្រុមហ៊ុនទីប្រឹក្សាត្រួតពិនិត្យបច្ចេកទេសក្វាងចូវវ៉ានអាន(WACC)។
គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ ជាបួនគន្លង (ស្គន់-កំពង់ចាម)ប្រវែងសរុប ៤៥,៥០៤ គីឡូម៉ែត្រ (PK000+000 – PK45+502.84) ចាប់ផ្តើមពីស្រុកជើងព្រៃ ខេត្តកំពង់ចាម រហូតដល់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម។
សូមរម្លឹកថា គម្រោងពង្រីកនេះ បានចាប់ផ្តើមសាងសង់នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ រយៈពេលសាងសង់ ៤០ខែ ដែលតាមផែនការគម្រោងនឹងសាងសង់បញ្ចប់ ១០០% នៅអំឡុងខែកក្កដា ឆ្នាំ២០២៧ខាងមុខនេះ។
គួរបញ្ជាក់ថា ផ្លូវជាតិលេខ៧ គឺជាខ្សែផ្លូវយ៉ាងសំខាន់ និងជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្ដានុពល ដើម្បីជួយសម្រួលការធ្វើដំណើរ ,ការដឹកជញ្ជូនផលិតផលកសិកម្ម,កសិឧស្សាហកម្ម ព្រមទាំងលើកកម្ពស់ការអភិវឌ្ឍ និងសកម្មភាពសេដ្ឋកិច្ច-សង្គមជាតិ។
ផ្លូវជាតិលេខ៧ គឺជាខ្សែផ្លូវតភ្ជាប់ជាមួយផ្លូវជាតិលេខ៦ ពីរង្វង់មូលស្គន់ ឆ្ពោះទៅទិសដៅរាជធានីភ្នំពេញ និងជាទិសដៅទៅខេត្តកំពង់ធំ សៀមរាប និងតភ្ជាប់ទៅតាមបណ្ដាញផ្លូវសំខាន់ៗផ្សេងៗទៀត។
កំណាត់ផ្លូវជាតិនេះ ក៏តភ្ជាប់ជាមួយផ្លូវជាតិលេខ៨ និងផ្លូវជាតិលេខ១១ ឆ្ពោះទៅកាន់ខេត្តព្រៃវែង និងតភ្ជាប់ជាមួយផ្លូវ ៧១C, ផ្លូវជាតិលេខ៧៣ ឆ្ពោះទៅកាន់ខេត្តត្បូងឃ្មុំ និងផ្លូវជាតិលេខ៧៦, ផ្លូវជាតិលេខ៧៨ ឆ្ពោះទៅកាន់ខេត្តស្ថិតនៅភូមិភាគឦសាន ដូចជា៖ ខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងខេត្តរតនគិរី។ ខ្សែផ្លូវនេះក៏ភ្ជាប់ជាមួយបណ្តាញខ្សែផ្លូវរបស់បណ្តាប្រទេស នៃមហាអនុតំបន់មេគង្គ(GMS)ផងដែរ។
ខណៈដែលការដ្ឋានកំពុងមមាញឹកខ្លាំង លោកបានអំពាវនាវដល់អ្នកប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៧ (ស្គន់-កំពង់ចាម) មេត្តាប្រុងប្រយ័ត្នខ្ពស់ ដោយត្រូវបើកបរក្នុងល្បឿនមួយអាចគ្រប់គ្រងបាន ដើម្បីធានាសុវត្ថិភាពខ្លួនឯង និងអ្នកដទៃ និងបើកបរក្នុងល្បឿនសមល្មមដែលជាផ្នែកមួយជួយកាត់បន្ថយការហុយធូលីលើប្រជាពលរដ្ឋនៅតាមដងផ្លូវ។
លោក ក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋរស់នៅតាមសងខាងផ្លូវ និងប្រជាពលរដ្ឋធ្វើដំណើរ ដែលមានការយោគយល់ អធ្យាស្រ័យខ្ពស់ ក្នុងពេលដំណើរការដ្ឋានពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៧ កំពុងដំណើរការតែមមាញឹកនារដូវប្រាំងនេះ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)