
អន្តរជាតិ៖ វៀតណាម គ្រោងនឹងប្តូរទាំងស្រុងទៅជាប្រេងសាំងដែលលាយអេតាណុលចាប់ពីឆ្នាំក្រោយ ដោយបើកលទ្ធភាពសម្រាប់ប្រទេសអាស៊ីអាគ្នេយ៍ក្នុងការនាំចូលអេតាណុល និងពោតកាន់តែច្រើនពីសហរដ្ឋអាមេរិក។
ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម បានដាក់សំណើទៅរដ្ឋាភិបាលដើម្បីប្តូរទៅជា E10 ដែលជាល្បាយដែលលាយប្រេងសាំងជាមួយនឹងជីវអេតាណុលរហូតដល់ 10ភាគរយ ។ នេះបើយោងតាមឯកសាររបស់ក្រសួងដែលត្រូវបានពិនិត្យដោយ Reuters។ បច្ចុប្បន្ន វៀតណាមប្រើស្តង់ដារសាំងគ្មានជាតិគីមី RON95 និង RON92។
ការផ្លាស់ប្តូរនេះ នឹងត្រួសត្រាយផ្លូវសម្រាប់ការនាំចូលអេតាណុល និងពោតរបស់អាមេរិកទៅកាន់ប្រទេសវៀតណាម ខណៈដែលប្រទេសអាស៊ីអាគ្នេយ៍ស្វែងរកការបង្រួមគម្លាតពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ដែលជាទីផ្សារនាំចេញដ៏ធំបំផុតរបស់ខ្លួន។
សហរដ្ឋអាមេរិកបានកត់ត្រាឱនភាពពាណិជ្ជកម្មចំនួន 123ពាន់លានដុល្លារជាមួយវៀតណាមកាលពីឆ្នាំមុន ដែលជាចំនួនខ្ពស់បំផុតមួយនៅលើពិភពលោក។
ប្រទេសវៀតណាម កាលពីខែមីនាបានកាត់បន្ថយពន្ធនាំចូលរបស់ខ្លួនលើអេតាណុលពី 10ភាគរយមក 5ភាគរយ។ លោក ដូណាល់ ត្រាំ បាននិយាយកាលពីខែមុនថា វៀតណាមអាចនាំចូលផលិតផលអាមេរិកដោយមិនយកពន្ធ។
ប្រទេសវៀតណាមដែលប្រើប្រាស់ផលិតផលប្រេងតិចជាង 30លានតោនក្នុងមួយឆ្នាំ ក៏បានសន្យាជំរុញការនាំចូលផលិតផលអាមេរិកផ្សេងទៀត រួមទាំងយន្តហោះ ឧស្ម័ន LNG ប្រេងឆៅ និងផលិតផលកសិកម្ម។
ទិន្នន័យគយរបស់វៀតណាមបានបង្ហាញថា ការនាំចូលពីសហរដ្ឋអាមេរិកក្នុងរយៈពេលប្រាំពីរខែដំបូងនៃឆ្នាំនេះបានកើនឡើង 22.7ភាគរយដល់ 10.54ពាន់លានដុល្លារ ប៉ុន្តែ ឥន្ធនៈនិងពោតមិនត្រូវបានចុះបញ្ជីជាពិសេសក្នុងចំណោមការនាំចូលនោះទេ។
ឯកសារមួយក្នុងចំណោមឯកសារបានបង្ហាញថា បច្ចុប្បន្នប្រទេសនេះមានរោងចក្រអេតាណុលចំនួនប្រាំមួយ ដែលមានសមត្ថភាពផលិតសរុប 600,000ម៉ែត្រគូបក្នុងមួយឆ្នាំ ដែលបំពេញបានប្រហែល 40ភាគរយនៃតម្រូវការសម្រាប់ការផលិតប្រេងសាំង E10។
ឯកសារនេះ ក៏បាននិយាយផងដែរថា ការប្រើប្រាស់ប្រេងសាំង E10 នឹងជួយកាត់បន្ថយការបំភាយកាបូន និងស្របតាមគោលដៅសូន្យសុទ្ធរបស់ប្រទេស។
ប្រទេសវៀតណាមបានប្រកាសថា នឹងក្លាយទៅជាអព្យាក្រឹតកាបូននៅឆ្នាំ២០៥០ ក្នុងសន្និសីទអាកាសធាតុរបស់អង្គការសហប្រជាជាតិនៅទីក្រុង Glasgow (COP26) ក្នុងខែវិច្ឆិកា ឆ្នាំ២០២១៕
ប្រភព៖ CNA
ប្រែសម្រួលដោយ៖ MD-Angkor