Register Already an agent ? Login

ខេត្តពោធិ៍សាត់ជាខេត្តទី២៤ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល បង្គន់អនាម័យ១០០%

ពោធិ៍សាត់៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ប្រកាសទទួលស្គាល់ជាផ្លូវការ ខេត្តពោធិ៍សាត់ជាខេត្តទី២៤ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)​ ខណៈ មានខ្នងផ្ទះប្រើប្រាស់បង្គន់អនាម័យ ស្មើនឹង ១០០%។

ស្ថានភាពទូទៅនៅក្នុងខេត្ត ជាពិសេសការរីកចម្រើននៃជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងការផ្លាស់ប្ដូរទម្លាប់ក្នុងការរស់នៅតាមរយៈការបរិភោគ និងប្រើប្រាស់ទឹកស្អាត ព្រមទាំងការប្រតិបត្តិអនាម័យជាក់ស្ដែង ដោយនៅក្នុងខេត្តពោធិ៍សាត់ មានខ្នងផ្ទះប្រើប្រាស់បង្គន់អនាម័យ ស្មើនឹង ១០០%។ ជាការថ្លែង លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តពោធិ៍សាត់។

ក្នុងពីធីប្រកាសទទួលស្គាល់ជាផ្លូវការ ខេត្តពោធិ៍សាត់ ODF នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ លោក បានបន្តថា ក្នុងនោះ ខ្នងផ្ទះមានបង្គន់ប្រើប្រាស់ផ្ទាល់ខ្លួន ៩៤% និងខ្នងផ្ទះប្រើប្រាស់បង្គន់រួម ៦%។

លោក ឆាយ ឫទ្ធិសែនឆាយ ឫទ្ធិសែន បានអញ្ជើញជាអធិបតីក្នុងពីធីនេះ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើន និងសមិទ្ធផលនានា ដែលខេត្តពោធិ៍សាត់សម្រេចបាននាពេលកន្លងមកលើគ្រប់វិស័យ ជាពិសេសការផ្លាស់ប្តូរកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ការកែលម្អលក្ខខណ្ឌនៃការរស់នៅ តាមរយៈការផ្គត់ផ្គង់សេវាទឹកស្អាត និងការប្រើប្រាស់បង្គន់អនាម័យបានត្រឹមត្រូវ។

លោក បានលើកឡើងអំពីយុទ្ធសាស្ដ្រគន្លឹះទាំង ៥ របស់ក្រសួង ដែលមានចក្ខុវិស័យ “កសាងតំបន់ជនបទកម្ពុជាឱ្យមានវិបុលភាព ប្រកបដោយបរិយាបន្ន និងចីរភាព ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌”៕

ដោយ៖ មឿន ឌីណា (Moeun Dyna)