
ភ្នំពេញ៖ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបើកកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ គម្រោងវិនិយោគ ១៣គម្រោង មានទុនវិនិយោគសរុបប្រមាណ ៩៩លានដុល្លារ អាចបង្កើតការងារបានប្រមាណ ៥,៥ពាន់កន្លែង។
លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានដឹកនាំ “កិច្ចប្រជុំច្រកចេញ-ចូលតែមួយ” លើកទី១៣ ក្នុងឆ្នាំ២០២៥ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងខាងលើ ដោយមានការ ចូលរួមពីសំណាក់តំណាងក្រសួង-ស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្តពាក់ព័ន្ធ។
កិច្ចប្រជុំនេះ បានឱ្យដឹងថា គម្រោងវិនិយោគទាំងនេះ មានទុនវិនិយោគសរុបប្រមាណ ៩៩លានដុល្លារ អាចបង្កើតការងារបានប្រមាណ ៥,៥ពាន់កន្លែង និងមានមុខសញ្ញាវិនិយោគក្នុងវិស័យឧស្សាហកម្មចំនួន១១គម្រោង (ផ្គុំដំទ្បើងរថយន្ត, ផលិតសម្ភារៈបរិក្ខាសម្រាប់កន្ទុយសណ្តោងរថយន្តនិងគ្រឿងបន្ទាប់បន្សំ។
ក្នុងគម្រោងនេះ ផលិតសម្ភារៈបំពាក់និងតុបតែងរថយន្ត, ផលិតបរិក្ខារអគ្គិសនីបំភ្លឺ បរិក្ខារអគ្គិសនីលម្អ និងគ្រឿងបន្ទាប់បន្សំអគ្គិសនីគ្រប់ប្រភេទ, ផលិតដើមណូអែល គ្រឿងលម្អ និងគ្រឿងបន្លាស់ដើមណូអែលគ្រប់ប្រភេទ, ផលិតគ្រឿងសង្ហារិមគ្រប់ប្រភេទ, ផលិតក្រដាសកាតុង, , ផលិតអេប៉ុង , ផលិតថង់ប្លាស្ទិក បង់ស្អិត និងក្រដាសម៉ាកឃឺ) និងវិស័យកសិ-ឧស្សាហកម្មចំនួន២គម្រោងគឺគម្រោងរោងចក្រកែច្នៃជ័រកៅស៊ូ។ បើតាមកិច្ចប្រជុំដដែល។
គម្រោងវិនិយោគទាំង១៣ ដូចបានរៀបរាប់ខាងលើនេះ បានបោះទីតាំងនៅរាជធានីភ្នំពេញ ខេត្តកណ្តាល តាកែវ កំពង់ស្ពឺ កំពង់ឆ្នាំង និងត្បូងឃ្មុំ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)