
ភ្នំពេញ៖ គិតត្រឹមពាក់កណ្តាលខែសីហា ឆ្នាំ២០២៥នេះ គម្រោងស្ថាបនាស្ពានឆ្លងកាត់ទន្លេបាសាក់(ចាក់អង្រែក្រោម-ព្រែកប្រា)សាងសង់បាន៤១% ហើយ។ បើតាមការក្រសួងសាធារណការ និងដឹកជញ្ជូន បញ្ជាក់ថា ពេលនេះការដ្ឋានកំពុងសម្រុកខ្លាំង ដោយគោរពតាមបទដ្ឋានបច្ចេកទេស និងកិច្ចសន្យាបច្ចេកទេស ប្រកបដោយគុណភាព និងសោភ័ណភាព។
អង្គភាពគ្រប់គ្រងគម្រោង បានពន្លឿនការងារសាងសង់ផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ១ និងបន្តពង្រឹងសុវត្ថិភាពការងារ ដោយហេតុថារដូវវស្សាទឹកទន្លេចាប់ផ្តើមឡើង និងបន្តថែទាំ ដោយបំពាក់បន្ថែមពោងសុវត្ថិភាព លើទឹកធានាបីសុវត្ថិភាពអ្នកប្រើប្រាស់មធ្យោបាយដឹកជញ្ជូនតាមផ្លូវទឹក ឆ្លងទីតាំងការដ្ឋាននោះ។
គិតត្រឹមដើមខែសីហា ឆ្នាំ២០២៥នេះ ការងារសម្រេចបាន ១៧ខែហើយ ស្មើនឹង ៤០% នៃផែនការសាងសង់ ៤២ខែ ដោយមិនយឺតយ៉ាវជាងកម្មវិធីការងារដែលគ្រោងទុកទេ។ គម្រោងនេះ ត្រៀមបញ្ចប់នៅដើមឆ្នាំ២០២៨ ខាងមុខ។
ពេលសាងសង់រួចស្ពាននេះ នឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍លើស្ពានព្រះមុនីវង្សឆ្លងកាត់ទន្លេបាសាក់ ភ្ជាប់ផ្លូវជាតិលេខ១ ខណ្ឌច្បារអំពៅ ជួយពង្រឹងដល់ទំនាក់ទំនងសេដ្ឋកិច្ចសង្គម រវាងរាជធានីភ្នំពេញប៉ែកខាងត្បូង ព្រលានយន្តហោះអន្តរជាតិតេជោក្រុងតាខ្មៅ ជាពិសេសធ្វើឱ្យប្រសើរឡើងដល់ប្រសិទ្ធភាពនៃការដឹកជញ្ជូន និងភស្តុភារកម្មនៅក្នុងតំបន់រាជធានីភ្នំពេញ និងកាត់បន្ថយការកកស្ទះចរាចរណ៍នៅតាមដងទន្លេបាសាក់ និងជួយពន្លឿនការអភិវឌ្ឍតំបន់នោះផងដែរ។
បច្ចុប្បន្នការងារស្ពានផ្នែកខាងកើតស្ពានសម្រេចបាន៖ ១-ផ្នែកគ្រឹះស្ពាន សម្រេចបានប្រមាណ ៦១,៥០% ក្នុងនោះ សសរគ្រឹះចំនួន ១៥៦ដើម សម្រេចបាន ១៣៧ដើម ២០ជើងតាង សម្រេចបានចំនួន៩ និងធ្នឹមភ្ជាប់ក្រោមចំនួន១២ សម្រេចបាន ៨ធ្នឹម។
២-រចនាសម្ព័ន្ធក្រោមស្ពានសម្រេចបាន២៦,១២% រួមមាន៖ តួសរសរស្ពាន១២ សម្រេចបាន ៦សរសរ, សរសរស្ពាន ៥២ សម្រេចបាន២៤ និងធ្នឹមភ្ជាប់ក្បាលសរសរទទឹងស្ពានចំនួន៣៤ សម្រេចបាន ១០ធ្នឹម ព្រមទាំងការងារសំខាន់ៗមួយចំនួនទៀត។
គួររម្លឹកផងដែរថា គម្រោងស្ពាននេះ បានបើកការដ្ឋានសាងសង់ជាផ្លូវការកាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាព សម្តេចមធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោក វ៉ាង វិនធៀន អតីតឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។ ស្ពានតម្លៃ ៦០លានដុល្លារ ត្រូវបានសាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ និងទីប្រឹក្សាគម្រោង ដោយក្រុមហ៊ុនក្វាងចូវវ៉ានអាន៕
ដោយ៖ មឿន ឌីណា (Moeun Dyna)