Register Already an agent ? Login

កម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៣,៧១លាននាក់ ៧ខែ ដើមឆ្នាំ២០២៥

ភ្នំពេញ៖ កម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៣,៧១លាននាក់ ក្នុងនោះ ភ្ញៀវទេសចរចិនមានចំនួនជិត ៦៩ ម៉ឺននាក់ កើនឡើង ៤៨,២% រយៈពេល ៧ខែ ដើមឆ្នាំ២០២៥។ បើតាមការថ្លែង លោក ហួត ហាក់ រដ្ឋមន្រ្ដីក្រសួងទេសចរណ៍ ក្នុងកម្មវិធី “ស្លាបសន្តិភាព” ការសម្ដែងសិល្បៈសន្តិភាពកម្ពុជា-ចិន នារសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥។

វិស័យទេសចរណ៍ បានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ជាពិសេសលំហូរចូលយ៉ាងច្រើននៃភ្ញៀវទេសចរចិនមកកម្ពុជានៅមុនវិបត្តិជំងឺកូវីដ-១៩ មានចំនួនប្រមាណ ២,៤លាននាក់ នៅឆ្នាំ២០១៩។ ជាការបន្ត លោក ហួត ហាក់ បានថ្លែងរម្លឹកថា កាលពីឆ្នាំ២០២៤ កន្លងទៅ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិសរុបប្រមាណ ៦,៧ លាននាក់ កើនឡើងប្រមាណ ២៣% ធៀបនឹងឆ្នាំ២០២៣ ក្នុងនោះ ភ្ញៀវទេសចរចិន មានចំនួនប្រមាណ ៨៥ម៉ឺននាក់ កើនឡើង ៥៥%។

លោក រដ្ឋមន្រ្ដី បានថ្លែងបន្តទៀតថា សង្ឃឹមយ៉ាងមុតមាំថាតាមនិន្នាការនេះ ការកំណត់យកឆ្នាំ២០២៥ ជា «ឆ្នាំទេសចរណ៍កម្ពុជា-ចិន» នឹងក្លាយជាចលករយ៉ាងសំខាន់ ក្នុងការជំរុញកំណើនភ្ញៀវទេសចរចិនមកទស្សនាកម្ពុជា បង្កើនការវិនិយោគក្នុងវិស័យទេសចរណ៍ និងការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសទាំងពីរ សំដៅរួមចំណែកដល់ការសម្រេចបំណងប្រាថ្នាក្នុងការកសាងសហគមន៍ជោគវាសនារួម កម្ពុជា-ចិន។

តាមរយៈការរៀបចំកម្មវិធី ការសម្តែងសិល្បៈរួមគ្នា កម្ពុជា-ចិន ក្រោមប្រធានបទ «ស្លាបនៃសន្តិភាព» រួមចិត្ត រួមដៃ វាសនារួម នាពេលនេះ នឹងមិនត្រឹមតែចូលរួមដល់ការពង្រឹងចំណងមិត្តភាព និងការផ្លាស់ប្តូរវប្បធម៌គ្នាទៅវិញទៅមករវាងកម្ពុជា-ចិន ប៉ុណ្ណោះទេ ប៉ុន្តែនឹងជួយលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ និងវប្បធម៌ តាមរយៈការបង្ហាញពីសក្តានុពលទេសចរណ៍ សិល្បៈ និងវប្បធម៌ដ៏សម្បូរបែប ការពង្រីកការផ្សព្វផ្សាយពីសក្តានុពលទាំងនេះ ឱ្យកាន់តែទូលំទូលាយទៅកាន់ប្រជាជន នៃប្រទេសទាំងពីរ ក៏ដូចជាទៅកាន់ប្រជាជននៅទូទាំងពិភពលោក។ ជាការថ្លែងបន្ថែម លោក ហួត ហាក់។

បើតាមទំព័រហ្វេសប៊ុក លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានដកស្រង់តួលេខពីអាជ្ញាធរជាតិអប្សរា ថា ក្នុងរយៈពេលប្រាំពីរខែដំបូងឆ្នាំនេះ កម្ពុជាបានស្វាគមន៍ភ្ញៀវទេសចរចិនចំនួន ៥៣២៩១នាក់ កើនឡើង ២១% បើធៀបនឹងរយ:ពេលដូចគ្នាកាលពីឆ្នាំមុន។

នៅក្នុងខែកក្កដា ចិនគឺជាប្រភពភ្ញៀវទេសចរបរទេសច្រើនជាងគេសម្រាប់ប្រាសាទអង្គរវត្ត ដោយមានភ្ញៀវទេសចរចិនចំនួន ៥៧២០ នាក់បានទៅទស្សនាទីនោះ។ ឆ្នាំ២០២៥ ត្រូវបានកំណត់ថាជាឆ្នាំទេសចរណ៍កម្ពុជា-ចិន ចំនួនភ្ញៀវទេសចរចិនដែលមកទស្សនាប្រទេសកម្ពុជាត្រូវបានគេរំពឹងថានឹងបន្តកើនឡើងពេញមួយឆ្នាំ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)