Register Already an agent ? Login

ខេត្តមណ្ឌលគិរី ជាខេត្តទី២៣ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល

មណ្ឌលគិរី៖ ខេត្តមណ្ឌលគិរី ជាខេត្តទី២៣ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ខណៈ ខ្នងផ្ទះមានបង្គន់អនាម័យចំនួន ២១ ៥១២ ស្មើ ១០០%។

ផ្អែកលើទិន្នន័យបច្ចុប្បន្នភាពរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត នៅតាមខ្នងផ្ទះមានបង្គន់អនាម័យចំនួន ២១ ៥១២ ស្មើ ១០០% ក្នុងនោះ ខ្នងផ្ទះមានបង្គន់ផ្ទាល់ខ្លួនមានចំនួន ១៩ ២៥១ខ្នងផ្ទះ ស្មើនឹង៨៩,៥% និងខ្នងប្រើប្រាស់បង្គន់រួមមានចំនួន ២ ២៦១ខ្នងផ្ទះ ស្មើនឹង១០,៥%។ បើតាមការលើកឡើង លោក លន់ សុភាព អភិបាលស្តីទីខេត្តមណ្ឌលគិរី ពីធីប្រកាសទទួលស្គាល់ជាផ្លូវការ ខេត្តមណ្ឌលគិរី ODF នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥។

លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពីធីនេះ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើន និងសមិទ្ធផលនានា ដែលខេត្តមណ្ឌលគិរីសម្រេចបាននាពេលកន្លងមកលើគ្រប់វិស័យ ទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌។

លោក បានថ្លែងបន្តថា ជាពិសេសគឺ ការផ្លាស់ប្តូរកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ កាន់តែមានភាពប្រសើរឡើង និងការកែលម្អលក្ខខណ្ឌនៃការរស់នៅ តាមរយៈការផ្គត់ផ្គង់សេវាទឹកស្អាត និងការប្រតិបត្តិផ្លាស់ប្តូរទម្លាប់មប្រើប្រាស់បង្គន់អនាម័យបានត្រឹមត្រូវ និងរស់នៅប្រកបដោយភាពស៊ីវិល័យ។

ក្រសួងបាននិងកំពុងបន្តអនុវត្តផែនការសកម្មភាពជាតិស្តីពី ការផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទ ដែលបច្ចុប្បន្នសម្រេចបានអត្រាគ្របដណ្តប់ទឹកស្អាត និងអនាម័យទូទាំងប្រទេសប្រមាណ ៩១,៩៨%។ ជាការថ្លែងបន្តទៀត លោក ឆាយ ឫទ្ធិសែន។

លោក ឆាយ ឫទ្ធិសែន បានថ្លែងបន្ថែមថា ក្នុងនោះ ការផ្គត់ផ្គង់ទឹកស្អាតកម្រិតមូលដ្ឋានសម្រេចបាន ៨៩,២១% និងអនាម័យជនបទកម្រិតមូលដ្ឋានសម្រេចបាន ៩៤,៧៨% ព្រមទាំងបានកំណត់ថា នៅឆ្នាំ២០៣០ ប្រជាពលរដ្ឋនៅទូទាំងប្រទេសមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ និងការប្រតិបត្តិអនាម័យ ១០០% ព្រមទាំងរស់នៅក្នុងបរិស្ថានប្រកបដោយនិរន្ដរភាព៕

ដោយ៖ មឿន ឌីណា (Moeun Dyna)