
ភ្នំពេញ៖ ដីធ្លី មិនបានប្រើប្រាស់ សំដៅដល់ដីមានសំណង់ឬគ្មានសំណង់ដែលមិនបានប្រើប្រាស់ និងមានវិសាលភាពអនុវត្តចំពោះដធ្លីមិនបានប្រើប្រាស់ ដែលស្ថិតនៅក្រៅទីតាំងភូមិសាស្ត្រដែលជាកម្មវត្ថុនៃពន្ធលើអចលនទ្រព្យនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ យ៉ាងណាមិញ ពន្ធនេះក៏មានការលើកលែងមិនខុសពីប្រភេទពន្ធអាករផ្សេងទៀតនោះដែរ។
យោងលើប្រការ៧ នៃប្រកាសលេខ៥៧៣ សហវ.ប្រក.អពដ ចុះថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ស្តីពីពន្ធលើដីធ្លីមិនបានប្រើប្រាស់បានចែងថា ពន្ធលើដីធ្លីមិនបានប្រើប្រាស់ ត្រូវបានលើកលែងដូចខាងក្រោម៖
១-ដីធ្លីមិនបានប្រើប្រាស់ដែលមានផ្ទៃក្រឡាតិចជាងឬស្មើ ៥ (ប្រាំ) ហិកតា សម្រាប់ដីមួយកន្លែង។
២- ដីធ្លីមិនបានប្រើប្រាស់ដែលមានផ្ទៃក្រឡាលើសពី ៥ (ប្រាំ) ហិកតា ត្រូវបានលើកលែងពន្ធលើដីធ្លីមិនបានប្រើប្រាស់ ស្របតាមលក្ខខណ្ឌ ណាមួយដូចខាងក្រោម៖
ក-ដឹកសិកម្មកំពុងបង្កបង្កើនផលដោយមានការបញ្ជាក់ពីគណៈកម្មការឬអនុគណៈកម្មការវាយតម្លៃដីសម្រាប់ពន្ធលើដីធ្លីមិនបានប្រើប្រាស់។
ខ- ដីកំពុងបម្រើសកម្មភាពសេដ្ឋកិច្ចរបស់រូបវន្តបុគ្គល ឬនីតិបុគ្គលដែលបានចុះបញ្ជីពន្ធដារនៅរដ្ឋបាលសារពើពន្ធ។
គ- ដីមានសំណង់ឬគ្មានសំណង់ស្ថិតក្រោមកិច្ចសន្យាជួល។
ឃ- ដីដែលជាកម្មសិទ្ធិរបស់រាជរដ្ឋាភិបាល ឬស្ថាប័នរាជរដ្ឋាភិបាល។
ង- ដីដែលជាកម្មសិទ្ធិរបស់សហគមន៍។
ច- ដីសម្បទានសេដ្ឋកិច្ចដែលជួលពីរដ្ឋសម្រាប់ប្រើប្រាស់ជាសកម្មភាពសេដ្ឋកិច្ចផ្សេងៗ។
ឆ- ដីជាកម្មសិទ្ធិរបស់រដ្ឋ ដែលបានជួលទៅឱ្យនីតិបុគ្គលឬរូបវន្តបុគ្គលណាមួយសម្រាប់ប្រើប្រាស់ជាសកម្មភាពសេដ្ឋកិច្ចផ្សេងៗ ឬកិច្ចព្រមព្រៀងរវាងភាគីទាំងពីរ។
ជ- ដីដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ដែលបម្រើផ្ទាល់ដល់សកម្មភាពកសិកម្ម ឧស្សាហកម្ម និងសេវាកម្ម។
ឈ- ដីដែលត្រូវបានចុះបញ្ជីជាទ្រព្យសម្បត្តិរបស់សហគ្រាសក្នុងវិស័យអប់រំ សិក្សាធិការ និងបណ្តុះបណ្តាល វិជ្ជាជីវៈសម្រាប់គោលដៅ បម្រើការងារក្នុងវិស័យទាំងនេះ។
ក្នុងករណីដែលដីនេះ ត្រូវបានលក់ ឬមិនត្រូវបានប្រើប្រាស់តាមគោលដៅខាងលើ ត្រូវបំពេញ កាតព្វកិច្ចសារពើពន្ធស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារជាធរមាន៕
ដោយ៖ មឿន ឌីណា (Moeun Dyna)