Register Already an agent ? Login

គិតត្រឹមចុងឆមាសទី១ ឆ្នាំ២០២៥ បានទាក់ទាញគម្រោងវិនិយោគចំនួន៩៦០ ទុនសរុប ១២,៦ពាន់លានដុល្លារ

ភ្នំពេញ៖ តំបន់សេដ្ឋកិច្ចពិសេស គិតត្រឹមចុងឆមាសទី១ ឆ្នាំ២០២៥ បានទាក់ទាញគម្រោងវិនិយោគចំនួន៩៦០ ក្នុងដើមទុនសរុបប្រមាណ១២,៦ពាន់លានដុល្លារ និងបង្កើតការងារបានជាង ២០ម៉ឺនកន្លែង។ បើតាមការថ្លែង លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា។

តាមការថ្លែង លោក ជា វុទ្ធី នៅក្នុងបទអន្តរាគមន៍ស្តីពី បច្ចុប្បន្នភាពនៃការវិនិយោគ និងវឌ្ឍនភាពនៃការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែកក្កដា ឆ្នាំ២០២៥។

លោក បានថ្លែងគូសបញ្ជាក់ថា គម្រោងតំបន់សេដ្ឋកិច្ចពិសេស គឺជាកម្លាំងចលករ និងជាដែកឆក់ដ៏មានប្រសិទ្ធភាពក្នុងការស្រូបយកគម្រោងវិនិយោគលើឧស្សាហកម្មថ្មីៗ។

គួរបញ្ជាក់ថា បទអន្តរាគមន៍ លោក ជា វុទ្ធី ធ្វើឡើងនៅក្នុងកិច្ចប្រជុំពិភាក្សាការងារស្តីពីវឌ្ឍនភាពនៃការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស និងទិសដៅការងារបន្ត ក្នុងការអភិវឌ្ឍតំបន់ជាមួយគំនិតផ្តួចផ្តើមបង្កើតតំបន់ឧស្សាហកម្មប្រមូលផ្តុំ ដែលដឹកនាំដោយ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ដឹកនាំកិច្ចប្រជុំនេះ លោក ស៊ុន ចាន់ថុល បានសម្តែងនូវអំណរគុណចំពោះវត្តមានចូលរួមកិច្ចប្រជុំពិភាក្សានេះពីតំណាងក្រុមហ៊ុនអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស ដែលនេះបានបង្ហាញឱ្យឃើញពីឆន្ទៈខ្ពស់ និងការតាំងចិត្តឥតងាករេ របស់វិស័យឯកជនក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា។

អនុប្រធានទី១ បានធ្វើការកត់សម្គាល់ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងនិងការចូលរួមរបស់វិស័យឯកជន ដែលបានបោះជំហានទៅមុខឥតដកថយ ក្នុងការបង្កើនវឌ្ឍនភាពគម្រោងវិនិយោគរបស់ខ្លួន ក៏ដូចជាចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការទាក់ទាញការវិនិយោគមកកម្ពុជា។

ដោយ៖ មឿន ឌីណា (Moeun Dyna)