
ភ្នំពេញ៖ ពន្ធលើមធ្យោបាយដឹកជញ្ជូនចំពោះរថយន្តអគ្គិសនី (EV) មានអត្រាពន្ធជាមធ្យម ទាបជាងប្រមាណពី ២០% ទៅ ៣០% បើធៀបនឹងរថយន្តប្រើប្រាស់ប្រេងឥន្ធនៈ។ បើតាមការបញ្ជាក់ មន្ត្រីជាន់ខ្ពស់អគ្គនាយកដ្ឋានពន្ធដារ។
លោកស្រី អ៊ុន វណ្ណដាវីន អនុប្រធានការិយាល័យនៃនាយកដ្ឋានពន្ធចលនទ្រព្យនិងអចលនទ្រព្យ និងលោក អ៊ុក ជាវិសុទ្ធ មន្ត្រី នាយកដ្ឋានពន្ធចលនទ្រព្យនិងអចលនទ្រព្យ ដែលជាវាគ្មិនក្នុងកម្មវិធី ពន្ធដារកម្ពុជា កាលពីទី៣ ខែកក្កដា ឆ្នាំ២០២៥ ក្រោមប្រធានបទ “ពន្ធលើមធ្យោបាយដឹកជញ្ជូន។
បើតាម វាគ្មិន បានលើកឡើងថា ដើម្បីរួមចំណែកក្នុងការកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន តាមរយៈការជំរុញនិងលើកទឹកចិត្តការប្រើប្រាស់យានយន្តអគ្គិសនី (EV) រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានកំណត់អត្រាពន្ធលើមធ្យោបាយដឹកជញ្ជូនចំពោះរថយន្តអគ្គិសនី (EV) ទាបជាងអត្រាពន្ធលើមធ្យោបាយដឹកជញ្ជូនចំពោះរថយន្តប្រើប្រាស់ប្រេងឥន្ទនៈ ជាមធ្យមចន្លោះពី ២០% ទៅ ៣០%។
ចាប់ពីឆ្នាំ២០២៥តទៅ ពន្ធលើមធ្យោបាយដឹកជញ្ជូនត្រូវអនុវត្តតាមអនុក្រឹត្យលេខ១៩៦ អនក្រ.បក ចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ និងប្រកាសលេខ៧៣៨ សហវ.ប្រក ចុះថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ស្តីពីពន្ធលើមធ្យោបាយដឹកជញ្ជូន ដោយក្នុងនោះ រថយន្តអគ្គិសនី (EV) ត្រូវបានកំណត់តាមកម្លាំងសេះ (HP) និងឆ្នាំផលិត ដោយមានអត្រាកំណើនតាមថ្នាក់ដូចករណីរថយន្តប្រើប្រាស់ប្រេងឥន្ធនៈ ដែលកំណត់ប្រាក់ពន្ធតាមទំហំស៊ីឡាំង (CC) និងឆ្នាំផលិតដែរ។
គួរបញ្ជាក់ផងដែរថា ពន្ធលើមធ្យោបាយដឹកជញ្ជូនចំពោះរថយន្តអគ្គិសនី (EV) ទើបតែចាប់ផ្តើមអនុវត្តនៅឆ្នាំ២០២៣ ហើយសម្រាប់ឆ្នាំជាប់ពន្ធ ២០២៣ និងឆ្នាំជាប់ពន្ធ ២០២៤ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចអនុញ្ញាតជាគោលការណ៍ឱ្យម្ចាស់រថយន្តអគ្គិសនី (EV) គ្រប់ប្រភេទបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន ១៥០ ០០០រៀល ក្នុងមួយឆ្នាំ សម្រាប់រថយន្តមួយគ្រឿង ដោយមិនគិតពីកម្លាំងសេះ (HP) និងឆ្នាំផលិតនោះទេ។
អគ្គនាយកដ្ឋានពន្ធដារ បានក្រើនរម្លឹកដល់ម្ចាស់យានយន្តដែលមានកាតព្វកិច្ចប្រកាសនិងបង់ប្រាក់ពន្ធលើមធ្យោបាយដឹកជញ្ជូន រួសរាន់បំពេញកាតព្វកិច្ចឱ្យបានយ៉ាងយឺតបំផុត ត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ តាមជម្រើសជាច្រើនប្រកបដោយភាពងាយស្រួល ឆាប់រហ័ស និងបត់បែនតាមតម្រូវការ។
ម្ចាស់យានយន្ត អាចបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនបាននៅតាមបណ្តាសាខាពន្ធដារខេត្ត-ខណ្ឌ ឬនៅធនាគារពាណិជ្ជដៃគូរបស់អគ្គនាយកដ្ឋាន ពន្ធដារដែលមានសាខានៅទូទាំងប្រទេស ឬកាន់តែងាយស្រួលជាងនេះទៀត លោកអ្នកអាចប្រើប្រាស់កម្មវិធីទូរស័ព្ទដៃអ្នកជាប់ពន្ធ (GDT Taxpayer App) ដើម្បីបង់ពន្ធនេះបាន ហើយអ្វីកាន់តែពិសេសបន្ថែមទៀតបន្ទាប់ពីធ្វើការបង់ប្រាក់ពន្ធរួច ភ្នាក់ងាររបស់អគ្គនាយកដ្ឋានពន្ធដារ នឹងដឹកជញ្ជូនលតាមត្រដល់ទីតាំងរបស់លោកអ្នកផងដែរ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)