
ភ្នំពេញ៖ ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ គឺជាពន្ធដែលត្រូវបង់នៅពេលមានការទិញ លក់ ឬដោះដូរ ឬធ្វើអំណោយ អចលនទ្រព្យ ឬការដាក់ភាគហ៊ុនជាអចលនទ្រព្យក្នុងក្រុមហ៊ុន។
អ្នកជាប់ពន្ធត្រូវមានកាតព្វកិច្ចដាក់លិខិតប្រកាសសារពើពន្ធ និងបង់ប្រាក់ពន្ធ ឱ្យបានចប់សព្វគ្រប់ក្នុងរយៈពេល ៣ខែ ចំពោះ៖
ក-អចលនទ្រព្យដែលបានចុះបញ្ជី (មានបណ្ណកម្មសិទ្ធិឬប្លង់រឹង) បន្ទាប់ពីកាលបរិច្ឆេទនៃ ដីកាបញ្ជូនសំណុំឯកសារផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យរបស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានី ខេត្ត ឬ
ខ-អចលនទ្រព្យដែលមិនទាន់ចុះបញ្ជី (គ្មានបណ្ណកម្មសិទ្ធិឬប្លង់ទន់) បន្ទាប់ពីកាលបរិច្ឆេទនៃដីកាបញ្ជូនសំណុំឯកសារផ្ទេរសិទ្ធិកាន់កាប់ អចលនទ្រព្យរបស់រដ្ឋបាលក្រុង/ស្រុក/ខណ្ឌ ឬរដ្ឋបាលឃុំ/សង្កាត់ ដោយភ្ជាប់មកជាមួយនូវឯកសារពាក់ព័ន្ធនឹងការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់ អចលនទ្រព្យនេះ។
ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកជាប់ពន្ធ ឬអ្នកតំណាងក្នុងការស្នើសុំបង់ពន្ធប្រថាប់ត្រា កាលពីឆ្នាំ២០២០ អគ្គនាយកដ្ឋានពន្ធដារបានដាក់ឱ្យអនុវត្ត “បញ្ជីរាយឯកសារតម្រូវអំពីការចុះបញ្ជី និងបង់ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ”។
បន្ថែមពីបញ្ជីរាយឯកសារតម្រូវ ឯកសារដ៏មានសារៈសំខាន់នេះក៏បានគូសរំលេចដោយសង្ខេបនូវដំណើរការ ការងារចុះបញ្ជី និងបង់ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ដែលអ្នកជាប់ពន្ធកាន់តែងាយស្រួលក្នុងការឈ្វេងយល់ផងដែរ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)