
ក្រចេះ៖ គិតត្រឹមបំណាច់ខែមិថុនា ឆ្នាំ២០២៥ ការងារសាងសង់តួស្ពានសម្រេចវឌ្ឍនភាពបាន ៩៦% ដោយឡែកវឌ្ឍនភាពគម្រោងទាំងមូល ដោយបូករួមជាមួយនិងកំណាត់ផ្លូវតភ្ជាប់ផងនោះ សម្រេចបាន ៧០% ហើយរំពឹងថានឹងរួចរាល់ក្នុងខែកញ្ញា ឆ្នាំ២០២៦ ទៅតាមផែនការដែលបានគ្រោងទុក ឬបញ្ចប់មុនផែនការបើគិតតាមសន្ទុះការងារជាក់ស្តែងនាពេលបច្ចុប្បន្ន។
ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ” ត្រូវបានចាក់បេតុងតភ្ជាប់មុខតំណស្ពានចុងក្រោយ ដើម្បីត្រៀមបើកឱ្យឆ្លងកាត់បណ្តោះអាសន្នសម្រាប់ទោចក្រយានយន្ត និងរថយន្តធុនតូច (ប្រភេទទេសចរណ៍/គ្រួសារ) ជាការសម្រួលចរាចរណ៍ដល់ ប្រជាពលរដ្ឋក្នុងតំបន់ ក៏ដូចជាអ្នកដំណើរ អ្នកទេសចរ នៅក្នុងឱកាសនៃការប្រារព្ធពិធីបុណ្យដាក់បិណ្ឌ និងភ្ជុំបិណ្ឌ។

ស្ពាននេះត្រើយខាងកើតស្ថិតក្នុង ភូមិតាលុស ឃុំបុសលាវ ស្រុកចិត្របុរី និងត្រើយខាងលិចស្ថិតក្នុង ភូមិថ្មរាប ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ មានប្រវែងសរុប ១.៧៦១ម៉ែត្រ ទទឹង ១៣,៥ម ក្នុងនោះ គន្លងផ្លូវរថយន្តមាន ២គន្លង, គន្លងផ្លូវទោចក្រយានមាន ២គន្លង, គន្លងផ្លូវថ្មើរជើងមាន ២គន្លង និងបង្កាន់ដៃស្ពានសងខាង មានសសរជើងស្ពានចំនួន ៣៦ដើម និងផ្លូវនាវាចរណ៍ផងដែរ។

គម្រោងសាងសង់ស្ពាន និងកំណាត់ផ្លូវតភ្ជាប់ ត្រូវបានប្រើប្រាស់ឥណទានសម្បទានពីរដ្ឋាភិបាលចិន ប្រមាណ ១១៤លានដុល្លារ និងសាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ (SCG) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន (WACC) បានប្រារព្ធពិធីបើកការដ្ឋានកាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ ក្រោមអធិបតីភាព សម្តេចតេជោ អតីតនាយករដ្ឋមន្ត្រីនិងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភាកម្ពុជា។

“ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ” និងកំណាត់ផ្លូវតភ្ជាប់ ដែលនឹងចូលរួមបម្រើដល់ការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនផ្ទៃក្នុងរបស់កម្ពុជាឱ្យកាន់តែមានភាពប្រទាក់ក្រឡា ជាពិសេសជំរុញកំណើនដឹកជញ្ជូនក្នុងវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងទេសចរណ៍ នៅតាមបណ្តាខេត្តស្ថិតក្នុងភូមិភាគឦសាន។

បន្ថែមពីនេះ គម្រោងនេះនឹងជួយសម្រួលដល់ការធ្វើដំណើរផ្សេងៗរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ការធ្វើដំណើររបស់សិស្សានុសិស្សទៅសាលារៀន និងការធ្វើដំណើររបស់បងប្អូនទៅកាន់មន្ទីរពេទ្យ ជាពិសេសនៅគ្រាអាសន្ន ឬពេលយប់ព្រលប់ដោយពុំចាំបាច់ចំណាយពេលវេលា និងប្រាក់កាស ក្នុងការឆ្លងសាឡាង និងមានសុវត្ថិភាពខ្ពស់។

លើសពីនេះ គម្រោងខាងលើនឹងចូលរួមផងដែរក្នុងការលើកកម្ពស់ការតភ្ជាប់អាស៊ាន និងការតភ្ជាប់មហាអនុតំបន់មេគង្គ(GMS) និងអនុតំបន់មេគង្គឡាន-ឆាងផងដែរ៕




ដោយ៖ មឿន ឌីណា (Moeun Dyna)