
កំពង់ឆ្នាំង៖ រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ និង រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ បានបើកការដ្ឋានសាងសង់ផ្លូវជនបទដោយក្រាលកៅស៊ូពីរជាន់ (DBST) និងក្រាលបេតុងចំនួន ៣ខ្សែ ប្រវែងសរុប ៤១,១០គីឡូម៉ែត្រ ស្ថិតនៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ ផ្លូវទាំង៣ខ្សែនេះ ក្នុងក្របខ័ណ្ឌគម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា (CSLEP) ដើម្បីតភ្ជាប់តំបន់រមណីយដ្ឋានទឹកធ្លាក់ថ្មក្រាល រមណីយដ្ឋានទឹកធ្លាក់ស្រែអំពិល និងរមណីដ្ឋានអន្លង់ស្វាយ។
ហេដ្ឋារចនាសម្ព័ន្ធរូបវន្តគាំទ្រដ៏មានសារៈសំខាន់នេះ នឹងជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋផង និងក៏ជាកាតាលីករជំរុញការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យកាន់តែច្រើន និងបានប្រសិទ្ធនាមទេសចរណ៍កម្ពុជាជា “មាសបៃតង”។ ជាការថ្លែង លោក ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍។

ពិធីខាងលើ លោក ហួត ហាក់ បានថ្លែងថ្លែងអំណរគុណចំពោះ ក្រសួងអភិវឌ្ឍន៍ជនបទ ដែលតែងតែផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធ ជាមួយក្រសួងទេសចរណ៍ នៅក្នុងបុព្វហេតុគាំទ្រ និងលើកកម្ពស់វិស័យទេសចរណ៍កម្ពុជា ជាក់ស្ដែងពិធីបើកការដ្ឋានសាងសង់ហេដ្ឋារចនាសម្ព័ន្ធជនបទ តភ្ជាប់ទៅកាន់គោលដៅទេសចរណ៍ ក្នុងតំបន់ការពារធម្មជាតិនាឱកាសនេះ។

រាជរដ្ឋាភិបាលកម្ពុជាក្នុងនីតិកាលទី៧ បានជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា ក្នុងគោលដៅសម្រេចឱ្យបាននូវចក្ខុវិស័យ “កម្ពុជាជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០”។ ជាការថ្លែង លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានបន្តថា តាមរយៈការដាក់ចេញ និងអនុវត្តនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដើម្បី “កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព” ព្រមទាំងបានកំណត់អាទិភាពគន្លឹះចំនួន ៥ គឺ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ជាពិសេសបច្ចេកវិទ្យាឌីជីថល”។

លោក បានថ្លែងបន្តទៀតថា ក្នុងនោះក្រសួង បាននិងកំពុងយកចិត្តទុកដាក់លើការលើកកម្រិតគុណភាពហេដ្ឋារចនាសម្ព័ន្ធ និងគមនាគមន៍ជនបទពីផ្លូវក្រាលដីស និងផ្លូវល្បាយក្រួសទៅជាផ្លូវក្រាលកៅស៊ូពីរជាន់ ឬផ្លូវបេតុងប្រកបដោយភាពធន់ ដើម្បីបង្កើនការតភ្ជាប់ និងជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់ ដូចពាក្យស្លោក “មានផ្លូវគឺមានក្តីសង្ឃឹម”។

លើសពីនេះ លោក រដ្ឋមន្ត្រី បានប្តេជ្ញាចិតបង្កើនកិច្ចសហការជាមួយ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងការចូលរួមតភ្ជាប់ និងលើកកម្រិតផ្លូវជនបទទៅដល់តំបន់គោលដៅទេសចរណ៍ ដើម្បីចូលរួមលើកស្ទួយវិស័យទេសចរណ៍នេះឱ្យក្លាយជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ។

លោក រដ្ឋមន្ត្រី បានឱ្យដឹងថា បច្ចុប្បន្ន ផ្លូវជនបទនៅទូទាំងប្រទេសមានប្រវែងសរុបជាង ៥ម៉ឺនគ.ម ដោយក្នុងនោះផ្លូវក្រាលកៅស៊ូ និងបេតុង ដែលធន់នឹងការប្រែប្រួលអាកាសធាតុ និងអាចប្រើប្រាស់បានគ្រប់រដូវកាល មានប្រវែង ៨៥២៧ គ.ម ស្មើប្រមាណជិត ២០%ប៉ុណ្ណោះ។

ជាក់ស្ដែង ពិធីបើកការដ្ឋានសាងសង់ផ្លូវជនបទ មានប្រវែងសរុប ៤១,១០គ.ម នាពេលនេះ នឹងផ្តល់ផលប្រយោជន៍ដល់ប្រជាជន ចំនួន ៦៨៨២ គ្រួសារ ស្មើនឹង ២៨ ៥៩៨នាក់ រស់នៅក្នុងភូមិចំនួន១២ ឃុំចំនួន៤គឺ ឃុំក្តុលសែនជ័យ ខ្លុងពពក ជៀប និងឃុំក្បាលទឹក នៃស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ជាពិសេសជួយជំរុញកំណើនភ្ញៀវទេសចរណ៍ចូលមកទស្សនាកម្សាន្តនៅតំបន់សហគមន៍អេកូទេសចណ៍ទាំង៣ ដែលជាការអភិវឌ្ឍសេដ្ឋកិច្ចនៅតំបន់ទេសចរណ៍ធម្មជាតិ ឱ្យកាន់តែរីកចម្រើនថែមទៀត។ ជាការថ្លែងបន្ថែម លោក ឆាយ ឫទ្ធិសែន៕

ដោយ៖ មឿន ឌីណា (Moeun Dyna)