
ភ្នំពេញ៖ ស្របពេលដែលកម្ពុជា បន្តទទួលបានកំណើនការវិនិយោគផ្ទាល់ពីបរទេសខ្ពស់ ហើយកំណើនក្នុងវិស័យឧស្សាហកម្មកំពុងឈានមុខគេ និងអាចសម្រេចបានក្នុងរង្វង់ប្រមាណ ៧,៨ភាគរយ ក្នុងឆ្នាំ២០២៥។ បើតាមសារលិខិត សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសប្រារព្ធទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម លើកទី២ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥។
និន្នាការនេះ បានផ្តល់នូវកាលានុវត្តភាពថ្មីៗ សម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម ក្នុងការចូលរួមពង្រីក ពិពិធកម្មសេដ្ឋកិច្ច និងផ្សារភ្ជាប់ខ្លួនទៅនឹងខ្សែច្រវាក់ផ្គត់ផ្គង់ ដែលកំពុងត្រូវការធាតុចូលពីក្នុងស្រុកកាន់តែច្រើន និងការបង្កើនតម្លៃបន្ថែមដែលកាន់តែមានសក្តានុពល។ បើតាមការបន្ត សារលិខិតខាងលើ។
សារលិខិតខាងលើ បានបន្តថា ក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះ វិស័យសហគ្រាសធុនមីក្រូ តូច និងមធ្យម សម្រេចបាននូវសមិទ្ធផល ថ្មីៗជាច្រើនគួរជាទីសាទរ។ តាមរយៈគោលនយោបាយ យុទ្ធសាស្ត្រ និងវិធានការគាំទ្រនានាដែល រាជរដ្ឋាភិបាល បានដាក់ចេញការទទួលបានសេវាសាធារណៈពីបណ្តាក្រសួងស្ថាប័ន ជារួម មានភាពល្អប្រសើរ កាន់តែ ងាយស្រួល និងធ្វើឡើងតាមមធ្យោបាយឌីជីថលច្រើនឡើង។
ក្រសួងស្ថាប័ននានា កំពុងបន្តដាក់ចេញនូវវិធានការ ដើម្បីពង្រឹងនិងលើកកម្ពស់សមត្ថភាពវិស័យឯកជន ការសម្រួលពាណិជ្ជកម្ម និងរកដំណោះស្រាយចំពោះ បញ្ហាប្រឈមដែលនៅសេសសល់។ ការធ្វើទំនើបកម្មប្រព័ន្ធទូទាត់សងប្រាក់ដូចជាប្រព័ន្ធបាគង និងស្តង់ដា ខេអេចយ្យអរជាដើម បានរួមចំណែកសម្រួលដល់ការធ្វើប្រតិបត្តិការ ដែលគាំទ្រដល់ការរីកចម្រើននៃអាជីវកម្ម ខ្នាតតូចនិងអនឡាញ។ បើតាម សារលិខិតដដែល។
បើតាម សារលិខិតដដែល បានឱ្យដឹងថា ជាមួយគ្នានេះ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុបានបើកគណនី និងផ្តល់ជា QR Code ប្រមាណជាង ១,៥ លាននាក់ សម្រាប់បុគ្គលស្វ័យនិយោជន៍។ ចំនួនអ្នកខ្ចីជាសហគ្រាសធុនមីក្រូ តូច និងមធ្យម មានប្រមាណ ៨២០ ៩៨៧ នាក់ គិតជាទឹកប្រាក់ប្រមាណ ៨៥ ៣៣០ ប៊ីលានរៀល ស្មើនឹង ៣៦,៣ ភាគរយ នៃឥណទានសរុបនៃប្រព័ន្ធធនាគារ។
ក្នុងរយៈពេល៦ខែចុងក្រោយនេះ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធប្រមាណជាង ៧០ ០០០ បានចុះឈ្មោះដើម្បីបានការទទួលស្គាល់ពីរាជរដ្ឋាភិបាល និងទទួលបានអត្ថប្រយោជន៍នានា។
រាជរដ្ឋាភិបាល សូមវាយតម្លៃខ្ពស់ នឹងប្តេជ្ញាគាំទ្រចំពោះសហគ្រាសធុនមីក្រូ តូច និងមធ្យមដែលបាន បន្តពុះពារនិងខិតខំកសាងអភិវឌ្ឍអាជីវកម្មរបស់ខ្លួន ទោះបីកំពុងស្ថិតក្នុងបរិការណ៍សេដ្ឋកិច្ចដែលមានការ ប្រឈមគ្គី។ ដ្បិតកំណើននៃធុរកិច្ចមួយចំនួនបានកំពុងថមថយ ហើយការផ្លាស់ប្តូរឥរិយាបថអ្នកប្រើប្រាស់ និង ពាណិជ្ជកម្មអនឡាញកំពុងគំរាមកំហែងដល់ធុរកិច្ចជាប្រពៃណីមួយចំនួន រាជរដ្ឋាភិបាលបានមើលឃើញនូវ ឱកាសធុរកិច្ចថ្មីៗពីឧស្សាហូបនីយកម្ម ក៏ដូចជាសក្តានុពលនៃការពង្រឹងនិងពង្រីកសមត្ថភាពនៃធុរកិច្ចដែលបាន និងកំពុងបន្តចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ។ បើតាម សារលិខិត សម្ដេចធិបតីនាយករដ្ឋមន្រ្តី។
សារលិខិត សម្ដេចធិបតីនាយករដ្ឋមន្រ្តី បានបន្ថែម រលើមូលដ្ឋាននេះ ការចាកចេញពីឋានៈប្រទេសមានការអភិវឌ្ឍតិចតួចនៅដំណាច់ឆ្នាំ២០២៩ គួរត្រូវបានយើងទាំងអស់គ្នាជាពិសេសសហគ្រាសធុនមីក្រូ តូច និងមធ្យម ចាត់ទុកជាឱកាសដែលត្រូវក្តាប់យក និងទាញប្រយោជន៍ឱ្យបានជាអតិបរមា ជាជាងការភ័យព្រួយបារម្ភ និងខ្លបខ្លាចនូវការគំរាមកំហែងក៏ដូចជា ការប្រកួតប្រជែងពីខាងក្រៅ។
តាមរយៈបទពិសោធនៃបណ្តាសេដ្ឋកិច្ចជឿនលឿន មានតែការត្រៀមលក្ខណៈ ការពង្រឹងនិងអភិវឌ្ឍសមត្ថភាព សហគ្រិនភាព នវានុវត្តន៍ និងការខិតខំព្យាយាមបំពេញអនុលោមភាពប៉ុណ្ណោះ ដែលជាកត្តាកំណត់នៃភាពជោគជ័យក្នុងដំណើរការវិវត្តនេះ។ ជាការគូសបញ្ជាក់ សារលិខិត សម្ដេចធិបតីនាយករដ្ឋមន្រ្តី៕
ដោយ៖ មឿន ឌីណា (Noeun Dyna)