Register Already an agent ? Login

គម្រោងពង្រីកសមត្ថភាពស្រោចស្រព និងការពារទឹកជំនន់នៃប្រព័ន្ធធារាសាស្ត្រព្រែកអូរដំរីឆ្លង-ព្រែកថ្មី ស្វាយរៀង ៩៥%

ស្វាយរៀង៖ គម្រោងពង្រីកសមត្ថភាពស្រោចស្រព និងការពារទឹកជំនន់នៃប្រព័ន្ធធារាសាស្ត្រព្រែកអូរដំរីឆ្លង-ព្រែកថ្មី ក្នុងខេត្តស្វាយរៀង វឌ្ឍនភាពសម្រេចបានប្រមាណ ៩៥%។

លោក ចាន់ យុត្ថា រដ្ឋលេខាធិការ និងជានាយក បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្វាយរៀង ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពគម្រោងស្តារពង្រីកសមត្ថភាពស្រោចស្រព និងការពារទឹកជំនន់នៃប្រព័ន្ធធារាសាស្រ្តព្រែកអូរដំរីឆ្លង-ព្រែកថ្មី ស្ថិតក្នុងឃុំថ្មី ឃុំរាជមន្ទីរ និងឃុំបន្ទាយក្រាំង ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។

តាមការចុះពនិត្យនេះ លោក ចាន់ យុត្ថា បានឱ្យដឹងថា ការងារសំខាន់ៗរបស់គម្រោងរួមមាន៖ ទី១-ស្តារព្រែកធម្មជាតិអូរដំរីឆ្លងប្រវែង ៨,២៨៧គីឡូម៉ែត្រ ទី២-ស្តារព្រែកធម្មជាតិព្រែកថ្មីប្រវែង ១២,៦០០គីឡូម៉ែត្រ ទី៣-ស្តារប្រឡាយមេប្រវែង ៤,៨៧៦គីឡូម៉ែត្រ។

ទី៤-កសាងផ្លូវក្រាលក្រួសក្រហមអមសងខាងព្រែកអូរដំរីឆ្លង ប្រឡាយមេ ព្រែកថ្មី ទី៥-ជួសជុលនិងសាងសង់ស្ពានឆ្លងព្រែកអូរដំរីឆ្លង និងព្រែកថ្មីចំនួន ១០កន្លែង ទី៦-ជួសជុលនិងសាងសង់សំណង់សិល្បការ្យតភ្ជាប់ពីប្រឡាយមេព្រែកថ្មីទៅប្រឡាយស្រោចស្រពចំនួន ៥០កន្លែង និង ទី៧-សាងសង់អគារសហគមន៍សម្រាប់ការគ្រប់គ្រង និងថែទាំប្រព័ន្ធធារាសាស្ត្រ។

ប្រធានគម្រោង បានបន្តថា គម្រោងពង្រីកសមត្ថភាពស្រោចស្រព និងការពារទឹកជំនន់នៃប្រព័ន្ធធារាសាស្ត្រព្រែកអូរដំរីឆ្លង-ព្រែកថ្មី ចាប់អនុវត្តពីខែមិថុនា ឆ្នាំ២០២៤ ហើយគ្រោងនឹងបញ្ចប់នៅខែមិថុនា ឆ្នាំ២០២៥។

គម្រោងនេះ មានសក្តានុពលបង្កើនការស្រោចស្រពលើផ្ទៃដីបានប្រមាណ ១៦ ២០០ហិកតា និងមានប្រជាពលរដ្ឋទទួលផលប្រមាណ ៣៧២៧គ្រួសារ។ ជាការបញ្ជាក់ ប្រធានគម្រោង៕

ដោយ៖ មឿន ឌីណា (Moeun Dyna)