Register Already an agent ? Login

ផ្លូវជាតិលេខ៤៨ កោះកុង ត្រូវបានប្រគល់-ទទួល បន្ទាប់ពីក្រុមការងារបច្ចេកទេសក្រសួងចុះត្រួតពិនិត្យរួចរាល់

កោះកុង៖ គម្រោងសាងសង់លើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ប្រវែង១៤៨គីឡូម៉ែត្រ ពីចំណុចប្រសព្វផ្លូវជាតិលេខ៤ អូរជ្រៅ-ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ក្រោមជំនួយរបស់រដ្ឋាភិបាលកូរ៉េខាងត្បូងចំនួន ៦៥,១៤ដុល្លារ ត្រូវបានធ្វើការប្រគល់-ទទួល បន្ទាប់ពីក្រុមការងារបច្ចេកទេសក្រសួងចុះត្រួតពិនិត្យរួចរាល់។

លោក សូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួង ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស KCIeng & KECC Joint Venture និងក្រុមហ៊ុនសាងសង់សម្ព័ន្ធក្រុមហ៊ុនកូរ៉េ ILSUNG & HANIL Joint Venture ចុះពិនិត្យគុណភាព និងបច្ចេកទេសលើការអនុវត្តគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ដើម្បីធ្វើពិធីប្រគល់-ទទួល។

តាមការចុះពិនិត្យនេះ ដើម្បីធ្វើពិធីប្រគល់-ទទួល កាលពីថ្ងៃអង្គារ ទី១៧ ខែមិថុនា ឆ្នាំ២០២៥ ដោយពិនិត្យឡើងវិញគុណភាពនៃការសាងសង់ ផ្លាកសញ្ញាចរាចរណ៍ និងគំនូសសញ្ញាចរាចរណ៍ជាដើម ដោយក្នុងនោះបានធ្វើការពិនិត្យទៅលើកម្រាស់ និងការបង្ហាប់ស្រទាប់កៅស៊ូ AC (ខួង និងពិសោធ) ធ្វើតេស្តជម្រាបទឹកលើស្រទាប់កៅស៊ូ និងពិនិត្យចំណុចបច្ចេកទេសមួយទៀតផងដែរ។

ក្រោយពីបានត្រួតពិនិត្យរួចរាល់ នៅរសៀលថ្ងៃដដែល លោក សូរ វ៉ិចទ័រ បានដឹកនាំក្រុមការងារប្រជុំវាយតម្លៃ និងបានឯកភាពធ្វើការប្រគល់-ទទួល ផ្លូវជាតិលេខ៤៨ ជាផ្លូវការ។ ក្នុងនោះផងដែរ ក្រុមហ៊ុនសាងសង់មានកាតព្វកិច្ចត្រូវថែទាំផ្លូវនេះ រយៈពេលធានាពីរឆ្នាំបន្ថែមទៀតបន្ទាប់ពីការប្រគល់-ទទួលនេះ។ ឮ

គូររម្លឹកផងដែរថា គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ មានប្រវែង ១៤៨គីឡូម៉ែត្រ ត្រូវបានសាងសង់ជាប្រភេទស្រទាប់កៅស៊ូ AC បានបើកការដ្ឋានសាងសង់នៅ ថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា។

ផ្លូវនេះ ត្រូវបានស្ថាបនាជាបួនគន្លង ចំនួន៥ ទីតាំង ប្រវែង ៣០គីឡូម៉ែត្រ និងពីរកន្លង ប្រវែង១១៨ គីឡូម៉ែត្រ។ តាមផែនការគម្រោង គ្រោងបញ្ចប់នៅខែមេសា ឆ្នាំ២០២៤ ប៉ុន្តែដោយស្ថានភាពការរីករាលដាលនៃកូវីដ-១៩ និងកត្តាភូមិសាស្ត្រតំបន់ភ្នំ ធ្វើឱ្យគម្រោងនេះពន្យាពេលសាងសង់ជាង១ឆ្នាំ ពោលគឺបញ្ចប់ការសាងសង់នៅ ខែឧសភា ឆ្នាំ២០២៥ វិញ។

គូសបញ្ជាក់ថា គម្រោងនេះ តភ្ជាប់ជាមួយផ្លូវជាតិលេខ១០ និងតភ្ជាប់ទៅខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តប៉ៃលិន មកកាន់តំបន់ឆ្នេរកម្ពុជា ដែលភ្ជាប់ប្រទេសកម្ពុជាទៅប្រទេសថៃ ត្រូវបានចាត់ទុកជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្តានុពលរបស់កម្ពុជា ក្នុងការជួយសម្រួលដល់ការតភ្ជាប់ទំនាក់ទំនងគមនាគមន៍ និងការធ្វើសមាហរណកម្មតភ្ជាប់ផ្ទៃក្នុងប្រទេស។

ជាពិសេស កំពង់ផែទឹកជ្រៅនៅក្រុងព្រះសីហនុ សំដៅរួមចំណែកក្នុងការជំរុញការដោះដូរពាណិជ្ជកម្ម វិនិយោគ និងការដឹកជញ្ជូនដំណាំកសិផល និងកសិឧស្សាហកម្ម ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ឆាប់រហ័ស និងចំណាយតិច។

ផ្លូវជាតិលេខ៤៨នេះ នឹងជួយជំរុញសក្តានុពលតំបន់ទេសចរណ៍នៅក្នុងខេត្តកោះកុងបន្ថែមទៀត ក៏ដូចជាតំបន់ទេសចរណ៍គីរីសាគរ ដែលជាគោលដៅទេសចរណ៍ដ៏សំខាន់មួយ នៅភាគនិរតីនៃកម្ពុជា។

តាមរយៈផ្លូវជាតិដ៏មានសក្តានុពលនេះ ក៏នឹងជួយជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ច ក្នុងតំបន់ជាប់ព្រំប្រទល់ជាមួយប្រទេសជិតខាង ដោយរំពឹងបាននូវការទាក់ទាញវិនិយោគិន និងជំរុញការនាំចេញនៅតំបន់សេដ្ឋកិច្ចពិសេសចំនួន៤ ដែលស្ថិតនៅតាមបណ្តោយផ្លូវនេះ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)