
ភ្នំពេញ៖ គិតត្រឹមពាក់កណ្តាលខែមិថុនា ឆ្នាំ២០២៥ នេះ គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចបានប្រមាណ ៣៦% ហើយ។
លោក សួង ហេង រដ្ឋលេខាធិការ និងជានាយកគម្រោង ដឹកនាំអង្គភាពគ្រប់គ្រងគម្រោងសាងសង់ស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ចុះពិនិត្យ តាមដានការអនុវត្តគម្រោង កាលពីថ្ងៃអង្គារ ទី១៧ ខែមិថុនា ឆ្នាំ២០២៥។

បើតាមការចុះពិនិត្យនេះបានឱ្យដឹងថា បច្ចុប្បន្នការងារស្ពានផ្នែកខាងកើត ១-ផ្នែកគ្រឹះស្ពាន សម្រេចបានប្រមាណ ៦៦,៥០% ក្នុងនោះ សសរគ្រឹះចំនួន ១៥៦ដើម សម្រេចបាន ១៣៧ដើម ២០ជើងតាង សម្រេចបានចំនួន៩ និងធ្នឹមភ្ជាប់ក្រោមចំនួន១២ សម្រេចបាន ៨ធ្នឹម។

២-រចនាសម្ព័ន្ធក្រោមស្ពានសម្រេចបាន ២៥,១២% រួមមានតួសសរស្ពាន១២ សម្រេចបានចំនួន ៦សសរ សសរស្ពាន ៥២ សម្រេចបាន២៤ និងធ្នឹមភ្ជាប់ក្បាលសសរទទឹងស្ពានចំនួន៣៤ សម្រេចបាន ១០ធ្នឹម ព្រមទាំងការងារសំខាន់ៗមួយចំនួនទៀត។

រយៈពេលសាងសង់គិតត្រឹមខែឧសភា ឆ្នាំ២០២៥នេះ សម្រេចបាន ១៦ខែហើយ ស្មើនឹង ៣៨,១០% នៃផែនការសាងសង់ ៤២ខែ ដោយមិនមានការយឺតយ៉ាវជាងកម្មវិធីការងារដែលគ្រោងទុកទេ ដែលត្រៀមបញ្ចប់នៅដើមឆ្នាំ២០២៨។ បើតាមការបញ្ជាក់ លោក សួង ហេង។

លោក សួង ហេង បានបន្តថា គិតត្រឹមពាក់កណ្តាលខែមិថុនា ឆ្នាំ២០២៥នេះ សម្រេចបានប្រមាណ ៣៦% ហើយ បន្ទាប់ពីសម្ពោធបើកការដ្ឋានសាងសង់ នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤។

អង្គភាពគ្រប់គ្រងគម្រោង បានជំរុញឱ្យក្រុមហ៊ុនពន្លឿនការងារសាងសង់ផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ១ និងបន្តពង្រឹងសុវត្ថិភាពការងារបន្តទៀតដោយហេតុថារដូវវស្សាទឹកទន្លេចាប់ផ្តើមឡើង និងបន្តថែទាំ និងបំពាក់បន្ថែមពោងសុវត្ថិភាពលើទឹក ដើម្បីសុវត្ថិភាពអ្នកប្រើប្រាស់មធ្យោបាយដឹកជញ្ជូនតាមផ្លូវទឹក៕

ដោយ៖ មឿន ឌីណា (Moeun Dyna)