
បារាំង៖ កម្ពុជា-បារាំង កំពុងរៀបចំផែនទីបង្ហាញផ្លូវ ដើម្បីឈានដល់ការលើកកម្រិតនៃទំនាក់ទំនងប្រទេសទាំងពីរ ជា “ដៃគូយុទ្ធសាស្ត្រ”។ បើតាមជំនួប ពិភាក្សាទ្វេភាគី សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និង Emmanuel Macron ប្រធានាធិបតីបារាំង។
ជំនួប ពិភាក្សាទ្វេភាគីនេះ នាល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញចូលរួមសន្និសីទលើកទី៣ របស់អង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ (UNOC3) នៅថ្ងៃទី០៨-១៣ ខែមិថុនា ឆ្នាំ២០២៥ នៅទីក្រុងនីស ប្រទេសបារាំង។
លោក Macron បានសម្តែងក្តីសោមនស្សរីករាយដែលបានទទួលសម្តេចធិបតី និងគណៈប្រតិភូជាថ្មីម្តងទៀតនៅប្រទេសបារាំង និងបានគូសបញ្ជាក់ថា លោកនឹងអញ្ជើញបំពេញទស្សនកិច្ចនៅកម្ពុជា នាឆ្នាំ២០២៦ ខាងមុខនេះ។ លោក បានគូសបញ្ជាក់ថា រដ្ឋាភិបាលបារាំងនឹងផ្តល់ការគាំទ្រដល់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ក្នុងឆ្នាំ២០២៦ ឱ្យបានជោគជ័យ។
ជាការឆ្លើយតប, សម្តេចបវរធិបតី បានអរគុណ លោកប្រធានាធិបតី ដែលបានទទួលស្វាគមន៍សម្តេច និងគណៈប្រតិភូយ៉ាងកក់ក្តៅ និងសម្តែងក្តីរីករាយដែលបានជួប លោកជាថ្មីទៀត។ សម្តេច បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក Macron ដែលផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ក្នុងឆ្នាំ២០២៦។
ចំពោះ ទំនាក់ទំនងទ្វេភាគី ប្រមុខរារដ្ឋាភិបាលកម្ពុជា បានសម្តែងនូវការពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងកម្ពុជា-បារាំង ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរវាងប្រទេសទាំងពីរ ក្នុងការរៀបចំឯកសារផែនទីបង្ហាញផ្លូវ (Roadmap) មួយដើម្បីឈានដល់ការលើកកម្រិតនៃទំនាក់ទំនងកម្ពុជា-បារាំងជា “ដៃគូយុទ្ធសាស្ត្រ”។
ថ្នាក់ដឹកនាំទាំងពីរ បានពិភាក្សាអំពីការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យសក្តានុពលមួយចំនួនរវាងប្រទេសទាំងពីរ ក្នុងនោះរួមមាន វិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច ការពារជាតិនិងសន្តិសុខ ថាមពល និងវប្បធម៌ ជាដើម។
លោក ប្រធានាធិបតី បានឱ្យដឹងថា នឹងបញ្ជូនគណៈប្រតិភូដឹកនាំដោយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម មកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ដើម្បីលើកកម្ពស់ភាពជាដៃគូពាណិជ្ជកម្ម និងសេដ្ឋកិច្ច។ លោក បានសង្កត់ធ្ងន់ថា ពិភពលោកបានទទួលស្គាល់នូវជំនាញ និងស្នាដៃរបស់កម្ពុជាក្នុងវិស័យបោសសម្អាតមីន។ រដ្ឋាភិបាលបារាំងនឹងបន្តគាំទ្រវិស័យការពារជាតិនៅកម្ពុជា៕
ដោយយ៖ មឿន ឌីណា (Moeun Dyna)