Register Already an agent ? Login

គម្រោងវិនិយោគក្នុងខែឧសភា ចិន ឈរលើតារាង កម្ពុជាទី២ សិង្ហបុរីទី៣ ទុនវិនិយោគសរុប ៨១៦លានដុល្លារ

ភ្នំពេញ៖ គម្រោងវិនិយោគក្នុង ខែឧសភា ឆ្នាំ២០២៥ដែលត្រូវបានអនុម័តដោយគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចិន ឈរលើតារាងជាង៨៤%, កម្ពុជាជិត១០% សិង្ហបុរីជាង៣%, កោះ Samoaជិត២% ​ខណៈ កូរ៉េខាងត្បូងជាង១%។

គម្រោងវិនិយោគចំនួន៥៩ ដែលមានទុនវិនិយោគសរុបប្រមាណ ៨១៦លានដុល្លារ ត្រូវបានចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងខែឧសភា ឆ្នាំ២០២៥។

គម្រោងវិនិយោគទាំងនេះ ខេត្តស្វាយរៀងទទួលបាន ១៩គម្រោង, ខេត្តកំពង់ស្ពឺទទួលបាន ១៥គម្រោង, តាកែវទទួលបាន ៨គម្រោង, កណ្ដាលទទួលបាន ៧៨គម្រោង, ភ្នំពេញទទួលបាន ៦គម្រោង, កំពង់ឆ្នាំង ព្រះសីហនុ កោះកុង មណ្ឌលគិរី ក៏ទទួល ១គម្រោងរៀងគ្នាផងដែរ។

គូសបញ្ជាក់ថា គម្រោងវិនិយោគចំនួន៥៩ វិស័យឧស្សាហកម្ម មានទុនវិនិយោគ ៥៧៩លានដុល្លារ ខណៈ វិស័យផ្សេងៗ មានទុនវិនិយោគ ២៣៧លានដុល្លារ។

ក្នុងខែឧសភា ឆ្នាំ២០២៥នេះ ការចុះបញ្ជីគម្រោងវិនិយោគមានការកើនឡើងចំនួន ៣៤គម្រោង ស្មើនឹងប្រមាណ ១៣៦% ខណៈទុនវិនិយោគមានការកើនឡើងប្រមាណ ៥៧០លានដុល្លារ ស្មើនឹងប្រមាណ ២៣១% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។

គិតចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៥ ការចុះបញ្ជីគម្រោងវិនិយោគមានចំនួន ២៩០គម្រោង កើនឡើងចំនួន ១៣៧គម្រោង ស្មើនឹងប្រមាណ ៩០% ខណៈ ទុនវិនិយោគមានចំនួនប្រមាណ ៤,២ពាន់លានដុល្លារ កើនឡើងប្រមាណ ១,៤ពាន់លានដុល្លារ ស្មើនឹងប្រមាណ៥២% ធៀបនឹងរយៈ ពេលដូចគ្នាក្នុងឆ្នាំ២០២៤៕

ដោយ៖ មឿន ឌីណា (Moeun Dyna)