
ស្ទឹងត្រែង៖ កម្មវិធីអភិវឌ្ឍន៍ និងធ្វើឱ្យប្រសើរឡើងលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទប្រកបដោយនិរន្តរភាព ត្រូវអនុវត្តរយៈពេល ៥ឆ្នាំ ចាប់ពីឆ្នាំ២០២៤-ឆ្នាំ២០២៩ នៅក្នុងខេត្តគោលដៅចំនួន៩ មានថវិកាកម្មវិធីសរុបចំនួន ៩៥,១៤លានដុល្លារ។ បើតាមការថ្លែងលោក ទិត្យ សុផា អគ្គាធិការរង និងជានាយកកម្មវិធី។
លោក ទិត្យ សុផា បានថ្លែង ក្នុងពិធីបើកការដ្ឋានសាងសង់ និងជួសជុលហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទក្នុងកម្មវិធីអភិវឌ្ឍន៍ និងធ្វើឱ្យប្រសើរឡើងលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទប្រកបដោយនិរន្តរភាព នៅក្នុងខេត្តស្ទឹងត្រែង ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥។
លោក បានថ្លែងបន្តថា ក្នុងនោះ ថវិកាបដិភាគរបស់រាជរដ្ឋាភិបាលចំនួន ២,១៤លានដុល្លារ និងហិរញ្ញប្បទានសប្បទានពីធនាគាអភិវឌ្ឍន៍អាស៊ី (ADB) ចំនួន ៩៣លានដុល្លារ ក្នុងនោះ ក៏មានថវិកាជំនួយឥតសំណងរបស់មូលនិធិជប៉ុន សម្រាប់វិបុលភាព និងភាពធន់នៅអាស៊ី និងប៉ាស៊ីហ្វិក (JFPR) ចំនួន ៣លានដុល្លារ។
កម្មវិធីនេះ ត្រូវបានអនុវត្តគោលដៅចំនួន៩ រួមមាន ខេត្តបាត់ដំបង ប៉ៃលិន បន្ទាយ មានជ័យ ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ កំពង់ស្ពឺ និងខេត្តកំពត មានភូមិគោលដៅសរុបចំនួន ៤០០ភូមិ និង ៥០ឃុំ។ ជាការថ្លែងបន្ថែម លោក ទិត្យ សុផា។
លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីភាពក្នុងពិធីនេះ បានសម្តែងនូវការកោតសរសើរដ៏ស្មោះ និងវាយតម្លៃខ្ពស់ ចំពោះការរីកចម្រើន និងសមិទ្ធផលនានានាពេលកន្លងមកលើគ្រប់វិស័យ ទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ក្នុងនោះការផ្លាស់ប្តូរ កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែមានភាពប្រសើរឡើង។
លោក បានថ្លែងបន្តថា ជាពិសេស ការកែលម្អលក្ខខណ្ឌនៃការរស់នៅតាមរយៈការលើកកម្ពស់ការផ្តល់សេវាទឹកស្អាត និងអនាម័យ ដែលបានធ្វើឱ្យប្រជាពលរដ្ឋទទួលបានទឹកស្អាតប្រើប្រាស់ និងការផ្លាស់ប្តូរទម្លាប់មកទទួលទានទឹកស្អាតជួយទ្រទ្រង់សុខភាព ប្រើប្រាស់ បង្គន់អនាម័យត្រឹមត្រូវ មានសុខភាពល្អ និងមានរបៀបរស់នៅប្រកបដោយភាពស៊ីវិល័យ។
សមិទ្ធផលដែលសម្រេចបានក្នុងខេត្ត និងអង្គពិធីដ៏អធិកអធមនាពេលនេះ អាចប្រព្រឹត្តទៅបានគឺដោយសារគុណបំណាច់នៃ “សុខសន្តិភាព”។ ជាការគូសបញ្ជាក់ លោករដ្ឋមន្រ្តី បានបន្តថា ចក្ខុវិស័យរបស់ក្រសួងអភិវឌ្ឍន៍ជនគឺ “កសាងសង្គមជនបទកម្ពុជាឱ្យមានវិបុលភាព ប្រកប ដោយបរិយាបន្ន និងចីរភាព” តាមរយៈកម្មវិធីអាទិភាពទាំង៥ របស់ក្រសួង។
ពាក់ព័ន្ធនឹងវិស័យទឹកស្អាត និងអនាម័យជនបទ លោករដ្ឋមន្រ្ដី ឱ្យដឹងថា ក្រសួងបាននិងកំពុងបន្តអនុវត្តផែនការសកម្មភាពជាតិ ស្តីពីការផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទ ដោយគិតមកដល់បច្ចុប្បន្ន អត្រាគ្របដណ្តប់ទឹកស្អាត និងអនាម័យទូទាំង ប្រទេសសម្រេចបាន ៩២%។
លោក បានបន្ថែមថា ក្នុងនោះ ការផ្គត់ផ្គង់ទឹកស្អាតកម្រិតមូលដ្ឋានសម្រេចបាន ៨៩% និងការផ្តល់សេវាអនាម័យជនបទកម្រិតមូលដ្ឋានសម្រេចបាន ៩៥% ហើយមានរាជធានី/ខេត្តចំនួន២១ ដែលសម្រេចបានជារាជធានី/ខេត្ត បញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ និងកម្រិតធម្មតា (ODF PLUS និង ODF) ដោយក្នុងនោះក៏មាន ខេត្តស្ទឹងត្រែងយើងនេះផងដែរ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)