
ភ្នំពេញ៖ គម្រោងវិនិយោគចំនួន៥៩ ដែលមានទុនវិនិយោគសរុបប្រមាណ ៨១៦លានដុល្លារ ត្រូវបានចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងខែឧសភា ឆ្នាំ២០២៥។
ក្នុងខែឧសភា ឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន ៥៩គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៨១៦លានដុល្លារ និងអាចបង្កើតការងារបានប្រមាណ ៤៤ពាន់កន្លែង។
ក្នុងចំណោម គម្រោងវិនិយោគសរុប គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ច ពិសេសមានចំនួន ៣៨គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ២១គម្រោង។
ក្នុងខែឧសភា ឆ្នាំ២០២៥នេះ ការចុះបញ្ជីគម្រោងវិនិយោគមានការកើនឡើងចំនួន ៣៤គម្រោង ស្មើនឹងប្រមាណ ១៣៦% ខណៈទុនវិនិយោគមានការកើនឡើងប្រមាណ ៥៧០លានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ ២៣១% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។
គួរបញ្ជាក់ថា គិតចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៥ ការចុះបញ្ជីគម្រោងវិនិយោគមានចំនួន ២៩០គម្រោង កើនឡើងចំនួន ១៣៧គម្រោង ស្មើនឹងប្រមាណ ៩០% ខណៈទុនវិនិយោគមានចំនួនប្រមាណ ៤,២ពាន់លានដុល្លារ កើនឡើងប្រមាណ ១,៤ពាន់លានដុល្លារ ស្មើនឹងប្រមាណ ៥២% ធៀបនឹងរយៈ ពេលដូចគ្នាក្នុងឆ្នាំ២០២៤៕
ដោយ៖ មឿន ឌីណា (Moeun Dyna)