
ភ្នំពេញ៖ ស្ពានអាកាស សម្ដេចធិបតី ហ៊ុន ម៉ាណែត (ស្ពានអាកាសភ្លោះផ្លូវជាតិលេខ២) ស្ថិតនៅព្រំប្រទល់ រាជធានីភ្នំពេញ និងខេត្តកណ្ដាល តាមបណ្ដោយផ្លូវ ៦០ម៉ែត្រ គល់ស្ពានអាកាស សម្ដេចធិបតី ហ៊ុន ម៉ាណែត សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ បានឈានដល់ការធ្វើពិធីតភ្ជាប់តួស្ពានហើយ ខណៈ សម្រេច បានប្រមាណ៨៥ភាគរយ។
ស្ពានអាកាសសម្តេចធិបតី ហ៊ុន ម៉ាណែត ស្ថិតនៅតាមបណ្ដោយមហាវិថីសម្ដេចតេជោ ហ៊ុន សែន ប្រសព្វផ្លូវជាតិលេខ២ ព្រំប្រទល់ រវាងរាជធានីភ្នំពេញ និងខេត្តកណ្តាល បានឈានដល់ការធ្វើពិធីតភ្ជាប់តួស្ពានហើយ។ ពិធីនេះ ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

គិតមកដល់ពេលនេះ ការដ្ឋានសាងសង់ស្ពានអាកាសសម្តេចធិបតី ហ៊ុន ម៉ាណែត ទាំងមូលសម្រេចបានប្រមាណ ៨៥ភាគរយហើយ ក្នុងនោះ ស្ពានអាកាសដែលមានទិសដៅពីភ្នំពេញ ទៅអាកាសយានដ្ឋានអន្តរជាតិតេជោ ខេត្តកណ្តាល នឹងរួចរាល់នៅចុងខែមិថុនានេះ។ បើតាមលោក លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបន្តថា ចំណែកស្ពានអាកាស ដែលមានទិសដៅពីអាកាសយានដ្ឋានអន្តរជាតិតេជោ មកភ្នំពេញវិញ នឹងរួចរាល់នៅចុងខែកក្កដាឆ្នាំ២០២៥ខាងមុខ។

សូមរម្លឹកថា ស្ពានអាកាសនេះ បានបើកការដា្ឋនសាងសង់ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវ កាលពីព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤។ គម្រោង តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ដោយប្រើប្រាស់ថវិកាសាងសង់ ចំនួន១៦,២០០,៥០០ដុល្លារ សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ដោយប្រើប្រាស់រយៈពេលសាងសង់ចំនួន ១២ខែ។

គូសបញ្ជាក់ថា ស្ពានអាកាសភ្លោះនេះ ជាប្រភេទបេតុងអាមេ (ធ្នឹមរាងអក្សរ I) មានបណ្ដោយស្ពាន ៦២២ម៉ែត្រ ក្នុងនោះ៖ ស្ពានទី១ ផ្លូវឯកទិសមានទិសដៅតាមបណ្តោយមហាវិថីសម្តេចតេជោ ហ៊ុន សែន ឆ្លងកាត់ផ្លូវជាតិលេខ២ ឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ។

និងស្ពានទី២ ផ្លូវឯកទិសមានទិសដៅឆ្លងកាត់ផ្លូវជាតិលេខ២ ពីអាកាសយានដ្ឋានអន្តរជាតិតេជោ ឆ្ពោះទៅកាន់មហាវិថីសម្តេចតេជោ ហ៊ុន សែន។
ទម្ងន់ផ្ទុកអនុញ្ញាត ២៥តោន កម្ពស់សុវត្ថិភាព ៥.៥០ម៉ែត្រ មានគន្លងចរាចរណ៍ចំនួន៣ គន្លង ទទឹងស្ពានប្រវែង ៩.៥០ម៉ែត្រ៕


ដោយ៖ មឿន ឌីណា (Moeun Dyna)