Register Already an agent ? Login

ចិន បដិសេធយ៉ាងម៉ឺងម៉ាត់ចំពោះការអះអាងរបស់អាមេរិក ដែលថាខ្លួនរំលោភលើកិច្ចព្រមព្រៀងពន្ធ

អន្តរជាតិ៖ ចិនបាន "ច្រានចោលយ៉ាងម៉ឺងម៉ាត់" ការអះអាងរបស់សហរដ្ឋអាមេរិកដែលថា ខ្លួនបានរំលោភលើកិច្ចព្រមព្រៀងពន្ធដ៏ធំស្បើមមួយ ខណៈដែលភាពតានតឹងរវាងមហាអំណាចសេដ្ឋកិច្ចទាំងពីរបានបង្ហាញពីសញ្ញានៃការស្តារឡើងវិញ។

ទីក្រុងប៉េកាំង និងវ៉ាស៊ីនតោន កាលពីខែមុនបានព្រមព្រៀងគ្នាកាត់បន្ថយពន្ធខ្ពស់យ៉ាងខ្លាំងចំពោះគ្នាទៅវិញទៅមកក្នុងរយៈពេល ៩០ថ្ងៃបន្ទាប់ពីការពិភាក្សារវាងមន្ត្រីកំពូលនៅទីក្រុងហ្សឺណែវ។

ប៉ុន្តែ មន្ត្រីជាន់ខ្ពស់ក្រុងវ៉ាស៊ីនតោន លោក Howard Lutnick រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម កាលពីសប្តាហ៍មុនបានចោទប្រកាន់ប្រទេសចិនថា បានរំលោភលើកិច្ចព្រមព្រៀងនេះ។ លោក ថា ទីក្រុងប៉េកាំងកំពុង "យឺតយ៉ាវ" កិច្ចព្រមព្រៀង។

ប្រទេសចិន បានវាយបកវិញនៅថ្ងៃចន្ទ ដោយនិយាយថាទីក្រុងវ៉ាស៊ីនតោន "បានធ្វើការចោទប្រកាន់ក្លែងក្លាយ និងបានចោទប្រកាន់ប្រទេសចិនដោយមិនសមហេតុផលថាបានរំលោភលើការយល់ស្របដែលផ្ទុយនឹងការពិតយ៉ាងធ្ងន់ធ្ងរ"។ បើតាម ក្រសួងពាណិជ្ជកម្ម បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍មួយថា "ប្រទេសចិនបដិសេធយ៉ាងដាច់ខាតនូវការចោទប្រកាន់ដែលមិនសមហេតុផលទាំងនេះ"។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីសប្តាហ៍មុនថា ប្រទេសចិនបាន "បំពានទាំងស្រុង" កិច្ចព្រមព្រៀងនេះ ដោយមិនផ្តល់ព័ត៌មានលម្អិត។

ក្រសួងពាណិជ្ជកម្មរបស់ទីក្រុងប៉េកាំងបាននិយាយថា ខ្លួន "បានរឹងមាំក្នុងការការពារសិទ្ធិ និងផលប្រយោជន៍របស់ខ្លួន និងដោយស្មោះត្រង់ក្នុងការអនុវត្តការយល់ស្រប"។ ដោយបានតបតវិញថា ទីក្រុងវ៉ាស៊ីនតោន "បានណែនាំជាបន្តបន្ទាប់នូវវិធានការរឹតបន្តឹងការរើសអើងប្រឆាំងនឹងប្រទេសចិន" ចាប់តាំងពីកិច្ចពិភាក្សានៅទីក្រុងហ្សឺណែវមក។

ក្រសួង បានលើកឡើងពីការត្រួតពិនិត្យការនាំចេញលើបន្ទះឈីបបញ្ញាសិប្បនិម្មិត ការទប់ស្កាត់ការលក់កម្មវិធីរចនាបន្ទះឈីប និងការដកហូតទិដ្ឋាការសិស្សចិន នៅសហរដ្ឋអាមេរិក។ ក្របន្តថា "យើងជំរុញឱ្យសហរដ្ឋអាមេរិកជួបជាមួយប្រទេសចិនពាក់កណ្តាលផ្លូវ កែតម្រូវភ្លាមៗនូវសកម្មភាពខុសឆ្គងរបស់ខ្លួន និងរួមគ្នារក្សាការឯកភាពពីកិច្ចចរចាពាណិជ្ជកម្មទីក្រុងហ្សឺណែវ"។ បើមិនដូច្នេះទេ ប្រទេសចិននឹងបន្តចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីរក្សាសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ខ្លួន”៕

ប្រភព៖ CNA

ប្រែសម្រួលដោយ៖ MD-Angkor