
តាកែវ៖ គម្រោងស្តារប្រឡាយមេរំដោះទឹកស្រះកែវ ក្នុងភូមិសាស្រ្តខេត្តតាកែវ នឹងជួយបង្កើនសមត្ថភាពស្រោចស្រពបន្ថែមដល់ផ្ទៃដីបង្កបង្កើនផលរដូវវស្សា-ប្រាំង និងដំណាំរួមផ្សំចំនួន ១៧០០ហិកតា គិតរហូតមកដល់ពេលនេះ វឌ្ឍនភាពការងារសម្រេចបាន ៧០%។
លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានវិស្វកម្ម តំណាង រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីបច្ចេកទេសក្រសួង សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារស្តារប្រឡាយមេរំដោះទឹកស្រះកែវ ស្ថិតនៅឃុំសូភី និងឃុំកុមារាជា ក្នុងស្រុកបាទី ខេត្តតាកែវ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥។

លោក ថាំង វីយុទ្ធដា បានឱ្យដឹងថា ការងារសំខាន់ៗរបស់គម្រោងស្តារប្រឡាយមេរំដោះទឹកស្រះកែវ រួមមាន៖ ១-ស្តារប្រឡាយមេរំដោះទឹកស្រះកែវ ប្រវែង ៤៦០០ម៉ែត្រ និង ២-សាងសង់សំណង់សិល្បការ្យសរុបចំនួន ១៥កន្លែង។ លោក បានបញ្ជាក់ថា គិតរហូតមកដល់ពេលនេះ វឌ្ឍនភាពការងារសម្រេចបាន ៧០%។

លោកប្រធាននាយកដ្ឋានវិស្វកម្ម បានបន្តឱ្យដឹងថា ប្រឡាយមេរំដោះទឹកស្រះកែវនេះ គឺមានប្រភពទឹកពីប្រឡាយរលាំងជ្រៃខាងត្បូង ដែលមានសក្តានុពលជួយរំដោះទឹកជំនន់ពីផ្លូវជាតិលេខ៣នៅទីតាំងផ្សារត្រាំខ្នា ហើយភ្លឺប្រឡាយដើតួនាទីយ៉ាងសំខានជាផ្លូវគមនាគមន៍ដែលជួយកាត់បន្ថយការធ្វើចរាចរណ៍នៅទីតាំងផ្សារត្រាំខ្នា។

លើសពីនេះ លោកប្រធាន បានបញ្ជាក់ឱ្យដឹងថា គម្រោងនេះនឹងជួយបង្កើនសមត្ថភាពស្រោចស្រពបន្ថែមដល់ផ្ទៃដីបង្កបង្កើនផលរដូវវស្សាចំនួន ១១២០ហិកតា រដូវប្រាំងចំនួន ៥៦០ហិកតា និងដំណាំរួមផ្សំ ២០ហិកតា ជូនដល់ប្រជាកសិករប្រមាណ ៣៩៩១គ្រួសារ ក្នុងភូមិចំនួន១០ នៃឃុំសូភី និងឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ។

ឆ្លៀតក្នុងឱកាសនោះដែរ លោក ក៏បានណែនាំដល់ក្រុមការងារសាងសង់ឱ្យអនុវត្តការងារទៅតាមបទដ្ឋានបច្ចេកទេសឱ្យបានហ្មត់ចត់ និងជំរុញអនុវត្តការងារឱ្យសម្រេចបានតាមផែនការគ្រោងទុក៕

ដោយ៖ មឿន ឌីណា (Moeun Dyna)