Register Already an agent ? Login

គម្រោងអភិវឌ្ឍន៍ផ្លូវជនបទខេត្តសៀបរាប ៦ខ្សែប្រវែងជាង ៩០គីឡូម៉ែត្រ សម្រេចបានពី ៥០% ទៅជាង ៩០%

សៀមបរាប៖ គម្រោងអភិវឌ្ឍន៍ផ្លូវជនបទ ៦ខ្សែ នៅខេត្តសៀមរាបមានប្រវែងជាង ៩០គីឡូម៉ត្រ វឌ្ឍនភាពសម្រេចបានពី ជាង ៥០% ទៅជាង ៩០%។

លោក នួន ដាញ៉ិល រដ្ឋលេខាធិការ និងជានាយកកម្មវិធីអភិវឌ្ឍន៍ជនហេដ្ឋារចនាសម្ព័ន្ធជនបទសម្រាប់កម្ពុជា (RID4CAM) តំណាងរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីនៃអង្គភាពគ្រប់គ្រងកម្មវិធី RID4CAM ដោយមានការចូលរួមអមដំណើរដោយប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប និងក្រុមទីប្រឹក្សាបច្ចេកទេស (PIC) បានចុះត្រួតពិនិត្យវឌ្ឍនភាពនៃការសាងសង់នៅការដ្ឋាន នៅខេត្តសៀមរាប ក្នុងក្របខណ្ឌកម្មវិធី RID4CAM។

តាមការចុះពិនិត្យនេះ នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ មានការចូលរួមពីក្រុមបេសកកម្មរបស់ធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW) ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) និងសហភាពអឺរ៉ុប (EU) ដឹកនាំដោយលោកស្រីបណ្ឌិត Carmen Colla ប្រធានគ្រប់គ្រងគម្រោងជាន់ខ្ពស់ នៃធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW) ប្រចាំប្រទេសអាល្លឺម៉ង់។

វឌ្ឍនភាពនៃការសាងសង់នៅការដ្ឋាន នៅខេត្តសៀមរាប ក្នុងក្របខណ្ឌកម្មវិធី RID4CAM រួមមានដូចខាងក្រោម៖

ខ្សែផ្លូវទី១ ឈ្មោះផ្លូវ “ដូនកែវ-ស្រះ” ពីភូមិដូនកែវ ឃុំដូនកែវ ទៅភូមិស្រះ ឃុំរើល ស្រុកពួក ប្រវែង ១២,១០០គីឡូំម៉ែត្រ បច្ចុប្បន្នសម្រេចបាន ៩០,៧១%។

ខ្សែផ្លូវទី២ ឈ្មោះផ្លូវ “ដំណាក់ស្លាញ-ធិបតី” ពីភូមិដំណាក់ស្លាញ់ ឃុំសសរស្តំ ទៅភូមិឈូក ឃុំត្រីញ័រ ស្រុកពួក ប្រវែង ១៣,៤០០គីឡូំម៉ែត្រ បច្ចុប្បន្នសម្រេចបាន ៩០,៧១%។

ខ្សែផ្លូវទី៣ ឈ្មោះផ្លូវ “ម្កាក់-អន្ទិតសុក” ពីភូមិម្កាក់ ឃុំតាសំ ទៅភូមិអន្ទិតសុក ឃុំគោកដូង ស្រុកអង្គរជំ ប្រវែង ១០,៧០០គីឡូំម៉ែត្រ បច្ចុប្បន្នសម្រេចបាន ៨៩,៩៦%។

ខ្សែផ្លូវទី៤ ឈ្មោះផ្លូវ “ស្វាយចេក-ចប់តាត្រាវ” ពីភូមិព្រះគូថ្មី ឃុំស្វាយចេក ទៅភូមិប្រាសាទ ឃុំចប់តាត្រាវ ស្រុកអង្គរធំ ប្រវែង ១៧,៣០០គីឡូំម៉ែត្រ បច្ចុប្បន្នសម្រេចបាន ៩៦,៣៧%។

ខ្សែផ្លូវទី៥ ឈ្មោះ “តាកុស-បន្ទាយស្រី” ពីភូមិតាកុស ឃុំព្រះដាក់ ទៅភូមិបន្ទាយស្រី ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ប្រវែង ២០,៥០គីឡូម៉ែត្រ បច្ចុប្បន្នសម្រេចបាន ៥២,០៤%។

ខ្សែផ្លូវទី៦ ឈ្មោះផ្លូវ “អង្ក្រង-ថ្មជល់” ពីភូមិអង្ក្រង ឃុំកន្ទ្រាង ទៅភូមិសសរ ឃុំត្បែង ស្រុកប្រាសាទបាគង និងស្រុកបន្ទាយស្រី ប្រវែង ១៨,៥០០គីឡូំម៉ែត្រ បច្ចុប្បន្នសម្រេចបាន ៩១,០៧%៕

ដោយ៖ មឿន ឌីណា (Moeun Dyna)