Register Already an agent ? Login

គម្រោងអភិវឌ្ឍន៍ផ្លូវជនបទ ៦ខ្សែខេត្តបាត់ដំបងជាង ១០០គីឡូម៉ែត្រ សម្រេចបានពីជាង ៤០% ទៅជិត ៩០%

បាត់ដំបង៖ គម្រោងអភិវឌ្ឍន៍ផ្លូវជនបទ ៦ខ្សែនៅខេត្តបាត់ដំបងប្រវែងសរុបជាង ១០០គីឡូម៉ែត្រ តាមផ្លូវខ្សែនិមួយៗសម្រេចបានពីជាង ៤៦% ទៅ ៨៧%។

លោក នួន ដាញ៉ិល រដ្ឋលេខាធិការ និងជានាយកកម្មវិធីអភិវឌ្ឍន៍ជនហេដ្ឋារចនាសម្ព័ន្ធជនបទសម្រាប់កម្ពុជា (RID4CAM) តំណាងរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចូលរួមអមដំណើរដោយក្រុមទីប្រឹក្សាបច្ចេកទេស (PIC) និង ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង បានចុះត្រួតពិនិត្យវឌ្ឍនភាពនៃការសាងសង់នៅការដ្ឋាន នៅខេត្តបាត់ដំបង ក្នុងក្របខណ្ឌកម្មវិធី RID4CAM។

តាមការចុះពិនិត្យនេះ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ ក៏មានការចូលរួម ធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW) ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) និងសហភាពអឺរ៉ុប (EU) ដឹកនាំដោយលោកស្រីបណ្ឌិត Carmen Colla ប្រធានគ្រប់គ្រងគម្រោងជាន់ខ្ពស់ នៃធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW) ប្រចាំប្រទេសអាល្លឺម៉ង់។

វឌ្ឍនភាពនៃការសាងសង់នៅការដ្ឋាន នៅខេត្តបាត់ដំបងផ្លូវទាំង ៦ខ្សែរួមមាន៖

ខ្សែផ្លូវទី១ ឈ្មោះផ្លូវ “ជ្រៃមួយ-ទួលព្រំ” ពីភូមិជ្រៃមួយ ឃុំជ្រៃ ទៅភូមិទួលមួយ ឃុំកកោះ ស្រុកមោងឫស្សី ប្រវែង ២៩,៣០០គីឡូម៉ែត្រ បច្ចុប្បន្នសម្រេចបាន ៨៧,៧៥%។

ខ្សែទី២ ឈ្មោះ “សាករ-សួស្តី” ពីភូមិសាករ ទៅភូមិសួស្តី ឃុំតាលាស់ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ប្រវែង ៩,១០គីឡូម៉ែត្រ បច្ចុប្បន្នសម្រេចបាន ៥៧,២០%។

ខ្សែផ្លូវទី៣ ឈ្មោះផ្លូវ “កកោះ (NR5)-ប៉ែន” ពីភូមិកកោះ ឃុំកកោះ ទៅភូមិប៉ែន ឃុំមោង ស្រុកមោងឫស្សី ប្រវែង ១៤,១០០គីឡូម៉ែត្រ បច្ចុប្បន្នសម្រេចបាន ៨៦,៥៧%។

ខ្សែផ្លូវទី៤ ឈ្មោះ “បឹងបី - កាប់ព្រិច” ពីភូមិបឹងបី ឃុំមោង ស្រុកមោងឫស្សី ទៅភូមិកាប់ព្រិច ឃុំព្រះផុស ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ប្រវែង ២២,២០គីឡូម៉ែត្រ បច្ចុប្បន្នសម្រេចបាន ៤៦,០៣%។

ខ្សែផ្លូវទី៥ ឈ្មោះផ្លូវ “ពុកឆ្មារ (NR5)-វត្តកណ្តាល” ពីភូមិពុកឆ្មារ ឃុំអូរដំបង២ ទៅភូមិវត្តកណ្តាល ឃុំរង្សកេសី ស្រុកសង្កែ ប្រវែង ១៤,៧០០គីឡូម៉ែត្រ បច្ចុប្បន្នសម្រេចបាន ៧១,០០%។

ខ្សែផ្លូវទី៦ ឈ្មោះផ្លូវ “រ៉ា -ស្ពាន” ពីភូមិរ៉ា ឃុំធិបតី ទៅភូមិស្ពាន ឃុំកោះក្រឡ ស្រុកកោះក្រឡ ប្រវែង ១៤,១០០គីឡូម៉ែត្រ បច្ចុប្បន្នសម្រេចបាន ៧១,០០%។

ជាមួយគ្នានេះដែរ ក្រុមបេសកកម្ម បានបន្តចុះពិនិត្យស្ថានភាពខ្សែផ្លូវប្រវែង ២,៨គីឡូម៉ែត្រ ដែលតភ្ជាប់ពីផ្លូវជាតិលេខ៥ ទៅឃុំមោង ស្រុកមោងឫស្សី ដែលបច្ចុប្បន្នមានសមាសភាពខូចខាតជាខ្លាំង ហើយ រដ្ឋលេខាធិការ បានស្នើសុំឱ្យក្រុមបេសកកម្ម មេត្តាពិនិត្យលទ្ធភាពក្នុងការកែលម្អផ្លូវនេះទៅជាផ្លូវកម្រាលបេតុង ឡើងវិញផងដែរ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)