Register Already an agent ? Login

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បើកកិច្ចប្រជុំសំណើសុំចុះបញ្ជីគម្រោងវិនិយោគ១២គម្រោង ទុន១៥៥លានដុល្លារ

ភ្នំពេញ៖ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បើកកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ១២គម្រោង មានទុនវិនិយោគសរុបប្រមាណ ១៥៥លានដុល្លារ។

លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានដឹកនាំ “កិច្ចប្រជុំច្រកចេញ-ចូលតែមួយ” លើកទី៨ កាលពីព្រឹកថ្ងៃសុក្រ ទី៣០ ខែឧសភា ឆ្នាំ២០២៥  ក៏មានការចូលរួមពីសំណាក់តំណាងក្រសួង ស្ថាប័ន និងរដ្ឋបាលរាជធានី ខេត្តពាក់ព័ន្ធ។

គម្រោងវិនិយោគទាំងនេះ អាចបង្កើតការងារបានប្រមាណ ៧,៥ពាន់កន្លែង និងមានមុខសញ្ញាវិនិយោគក្នុងវិស័យឧស្សាហកម្មចំនួន ១១គម្រោង (រោងចក្រកែច្នៃលោហធាតុ, ផលិតក្រដាសកាតុង, ផលិតផលិតផលពិធីបុណ្យនានា-សម្លៀកបំពាក់បុណ្យ Halloween តុក្កតា ទៀន និងសម្ភារៈបន្ទាប់បន្សំ, ផលិតសម្ភារៈសត្វចិញ្ចឹម និងសម្ភារៈក្មេងលេង។

ក្នុងនោះផងដែរ ផលិតកម្រាលជ័រ និងបន្ទះក្តារ, ផលិតថ្នាំលាប និងទឹកថ្នាំ (ពីសារធាតុគីមី), ផលិតអំពូលភ្លើង សម្ភារៈលម្អក្នុងផ្ទះ និងគ្រឿងបន្ទាប់បន្សំអគ្គិសនីគ្រប់ប្រភេទ, ផលិតកង្ហារគ្រប់ប្រភេទ និងគ្រឿងបន្ទាប់បន្សំអេទ្បិចត្រូនិកគ្រប់ប្រភេទ, ផលិតគ្រឿងសង្ហារិម, ផលិត និងផ្គុំដំទ្បើងកង្ហារ និងផលិតតុក្កតាគ្រប់ប្រភេទ)។

និងវិស័យហេដ្ឋារចនាសម្ព័ន្ធចំនួន ១គម្រោង (អភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យអានុភាព១០០មេហ្កាវ៉ាត់ ខេត្តបាត់ដំបង)។

គយរបញ្ជាក់ថា គម្រោងវិនិយោគទាំង១២ បានបោះទីតាំងនៅរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពង់ស្ពឺ ខេត្តព្រះសីហនុ ខេត្តប៉ៃលិន និងខេត្តបាត់ដំបង៕

ដោយ៖ មឿន ឌីណា (Moeun Dyna)