Register Already an agent ? Login

គម្រោងស្ថាបនាលើកកម្រិតភ្លឺប្រឡាយសន្លុង ស្រុកខ្សាច់កណ្តាល៩០% កែលម្អខ្នងភ្លឺសងខាងព្រែកទឹកដោះស្រុកពញាឮ៧០%

កណ្ដាល៖ គម្រោងស្ថាបនាលើកកម្រិតភ្លឺប្រឡាយសន្លុង ក្នុងឃុំសន្លុង ស្រុកខ្សាច់កណ្តាល ដែលសម្រេចបានប្រមាណ ៩០%  និងគម្រោងស្ថាបនាកែលម្អខ្នងភ្លឺសងខាងព្រែកទឹកដោះ ក្នុងឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល សម្រេចបានប្រមាណ ៧០%។

លោក ប៊ុន ហ៊ាន រដ្ឋលេខាធិការ និងជាប្រធានអង្គភាពត្រួតពិនិត្យគម្រោង តំណាងរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងាររបស់អង្គភាព ដោយមានការចូលរួមពីមន្ត្រីបច្ចេកទេសនាយកដ្ឋានវិស្វកម្ម ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពគម្រោងខាលើ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥។

លោក ប៊ុន ហ៊ាន បានឱ្យដឹងថា ការងារសំខាន់ៗនៃគម្រោងទាំងពីរគឺ៖ ទី១)គម្រោងស្ថាបនាលើកកម្រិតភ្លឺប្រឡាយសន្លុង រួមមាន៖ការងារលើកកម្រិតភ្លឺប្រឡាយចាស់ប្រវែង ១ ១៣៧ម៉ែត្រ ដោយក្រាលថ្មមិចកម្រាស់ ២០០មីលីម៉ែត្រ ទទឹង ១០ម៉ែត្រ និងការងារចាក់បេតុងលើភ្លឺខ្នងប្រឡាយប្រវែង ១១៣៧ម៉ែត្រ កម្រាស់ ២០០មីលីម៉ែត្រ ទទឹង ៧ម៉ែត្រ។

និងទី២)គម្រោងស្ថាបនាកែលម្អខ្នងភ្លឺសងខាងព្រែកទឹកដោះ រួមមាន៖ ការងារកែលម្អខ្នងភ្លឺប្រវែង ២១០០ម៉ែត្រ និងក្រាលដីក្រួសក្រហមទាំងសងខាងកម្រាស់ ២០០មីលីម៉ែត្រ ខ្នងម្ខាងទទឹង ៦ម៉ែត្រ និងខ្នងម្ខាងទៀតទទឹង ៤ម៉ែត្រ និងរៀបដាក់ថ្មធំស្ងួតពង្រឹងគ្រឹះជើងទេរភ្លឺព្រែកសងខាងចំនួន ៤កន្លែង សរុបប្រវែង ៦០០០ម៉ែត្រ។

ក្នុងឱកាសនោះ រដ្ឋលេខាធិការ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងារដែលសម្រេចបាន ព្រមទាំងបានណែនាំដល់ក្រុមការងារអនុវត្តគម្រោង ពិសេសក្រុមការងារ បច្ចេកទេសឱ្យបន្តពង្រឹងគុណភាព សោភ័ណភាព ស្របតាមលក្ខណៈបច្ចេកទេស និងជំរុញការអនុវត្ត ការងារឱ្យសម្រេចបានតាមផែនការគ្រោងទុកប្រកបដោយប្រសិទ្ធភាពខ្ពស់ និងបានណែនាំដល់សហគមន៍ កសិករប្រើប្រាស់ទឹក ចូលរួមថែរក្សាប្រព័ន្ធនេះឱ្យមាននិរន្តរភាពសម្រាប់ការងារស្រោចស្រព និងការប្រើប្រាស់ប្រចាំថ្ងៃជូនប្រជាពលរដ្ឋបានយូរអង្វែង៕

ដោយ៖ មឿន ឌីណា (Moeun Dyna)