Register Already an agent ? Login

ក្រុមហ៊ុន Aurelius Healthcare បើកមន្ទីរពេទ្យធំៗ នៅម៉ាឡេស៊ី វៀតណាម និងថៃ បំណងពង្រីកនៅកម្ពុជា

ម៉ាឡេស៊ី៖ ក្រុមហ៊ុន Aurelius Healthcare ប្រតិបត្តិការអាជីវកម្មបើកមន្ទីរពេទ្យធំៗនៅតាមបណ្តាប្រទេសក្នុងតំបន់អាស៊ានជាច្រើន រួមមាន ម៉ាឡេស៊ី វៀតណាម និងថៃ បច្ចុប្បន្នក្រុមហ៊ុនក៏បានចាប់ដៃគូសហការជាមួយក្រុមហ៊ុននៅកម្ពុជា ដោយគ្រោងពង្រីកបន្ថែមទៀត។

ឆ្លៀតក្នុងឱកាស សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី បានអនុញ្ញាតឱ្យ លោក Dato’ Amir Firdaus Abdullah ប្រធាន និងជានាយកគ្រប់គ្រងក្រុមហ៊ុន Aurelius Healthcare ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

បើតាមជំនួបនេះ នាល្ងាច ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ លោកនាយកគ្រប់គ្រងក្រុមហ៊ុន បានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចធិបតី ដែលបានចំណាយពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី បានចូលជួបសម្តែងការគួរសម។

លោកនាយកគ្រប់គ្រង ក៏បានជម្រាបជូន សម្តេចធិបតី អំពីប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន ដែលរួមមានការបើកមន្ទីរពេទ្យធំៗនៅតាមបណ្តាប្រទេសក្នុងតំបន់អាស៊ានជាច្រើន រួមមានដូចជា៖ ម៉ាឡេស៊ី, វៀតណាម និងថៃ ជាដើម។

លោក Dato’បានបន្តថា បច្ចុប្បន្ន ក្រុមហ៊ុនក៏បានចាប់ដៃគូសហការជាមួយក្រុមហ៊ុន STSK Investment Group នៅកម្ពុជា ហើយក្រុមហ៊ុន Aurelius Healthcare មានចក្ខុវិស័យពង្រីកប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅកម្ពុជាបន្ថែមទៀត។ លោក បានបញ្ជាក់ថា តាមរយៈការវិនិយោគលើសេវាថែទាំសុខភាពប្រកបដោយគុណភាពខ្ពស់ និងការចូលរួមចំណែកក្នុងការអភិវឌ្ឍធនធានមនុស្សតាមរយៈការផ្ទេរជំនាញ បទពិសោធន៍ និងការវិនិយោគលើមូលធនមនុស្សនៅតាមមន្ទីរពេទ្យនានានៅកម្ពុជា។

ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍លោកនាយកគ្រប់គ្រងក្រុមហ៊ុន និងសហការី ព្រមទាំងបានបង្ហាញនូវក្តីសោមនស្សរីករាយចំពោះការសម្រេចចិត្តបណ្តាក់ទុនវិនិយោគនៅកម្ពុជា។

ការចាប់អារម្មណ៍​វិនិយោគលើវិស័យសុខាភិបាល​របស់ក្រុម​ហ៊ុន​ គឺស្របទៅនឹង​គោលនយោបាយ​អាទិភាព​របស់រាជរដ្ឋាភិបាលកម្ពុជា​។ ជាការបន្ត សម្ដេចនាយករដ្ឋមន្រ្តី បានបន្តទៀតថា រាជរដ្ឋាភិបាល​បាននិងកំពុងយកចិត្តទុកដាក់ក្នុងការជំរុញ និងពង្រឹងមូលដ្ឋានសុខាភិបាល នៅថ្នាក់មូលដ្ឋានតាមរយៈការកសាង និងពង្រឹងហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល និងពង្រឹងសមត្ថភាពបុគ្គលិកសុខាភិបាលនៅតាមមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក និងការបង្កើតមន្ទីរពេទ្យតំបន់ចំនួនពីរ គឺនៅខេត្តសៀមរាប និងខេត្តកំពង់ចាម។

ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាល ក៏បានយកចិត្តទុកដាក់លើការផ្តល់សេវាសុខាភិបាលប្រកបដោយគុណភាព ទំនុកចិត្ត និងសុវត្ថិភាព និងបានបង្កើតប្រព័ន្ធធានារ៉ាប់រងផ្នែកថែទាំសុខភាពជូនប្រជាពលរដ្ឋផងដែរ។ ជាការបន្ថែម សម្ដេចនាយករដ្ឋមន្រ្តី បានលើកទឹកចិត្តក្រុមហ៊ុនឱ្យបន្តពង្រឹងកិច្ចសហការជាមួយដៃគូនៅកម្ពុជា សំដៅរួមចំណែកផ្តល់សេវាសុខភាព​ និងព្យាបាលជូនប្រជាពលរដ្ឋនៅ​ក្នុងប្រទេសកម្ពុជា ប្រកបដោយគុណភាពខ្ពស់ និងតម្លៃសមរម្យ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)