
ប៉ៃលិន៖ វឌ្ឍនភាពការងារថែទាំខួបប្រឡាយមេទី២ នៃប្រព័ន្ធធារាសាស្ត្រថ្នល់បត់ ស្ថិតក្នុងឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បម្រើឱ្យការស្រោចស្រពលើផ្ទៃដីស្រូវវស្សាប្រមាណ ១១៧០ហិកតា និងស្រូវប្រាំងប្រមាណ ៤៥០ហិកតា សម្រេចបានប្រមាណ ៤៥%។
លោក ផាង វី ប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម ក្នុងតំណាង រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីបច្ចេកទេសក្រសួង សហការជាមួយលោកប្រធាន អនុប្រធាន និងមន្ត្រីនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តប៉ៃលិន ចុះពិនិត្យជាក់ស្តែង ប្រឡាយមេទី២ នៃប្រព័ន្ធធារាសាស្ត្រថ្នល់បត់ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥។

ប្រឡាយមេទី២ នៃប្រព័ន្ធធារាសាស្ត្រថ្នល់បត់ បានទទួលប្រភពទឹកពីស្ទឹងប៉ៃលិន និងពីផ្ទៃរងទឹកភ្លៀងក្នុងតំបន់ ហើយនៅឆ្នាំ២០២៥ នេះ ការងារថែទាំខួបរួមមាន ១-ស្តារប្រទ្បាយមេ MC2 ១ខ្សែ ប្រវែង ៧០០០ម៉ែត្រ និង ២-សាងសង់សំណង់ស្ទាក់ទឹកថ្មី (ទ្វារ ២សន្លឹក) ចំនួន ៣កន្លែង នៅលើប្រទ្បាយមេ។ បើតាមការឱ្យដឹងពី លោក ផាង វី។

ក្នុងឱកាសនោះ លោកប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម ក៏បានស្នើដល់ក្រុមការងារអនុវត្តគម្រោងឱ្យបន្តយកចិត្តទុកដាក់ឱ្យបានហ្មត់ចត់លើគុណភាព ស្របតាមបទដ្ឋានបច្ចេកទេស និងជំរុញអនុវត្តការងារឱ្យសម្រេចបានតាមផែនការគ្រោងទុក ប្រកបដោយប្រសិទ្ធភាពខ្ពស់។

គួរបញ្ជាក់ថា ប្រឡាយមេទី២ នៃប្រព័ន្ធធារាសាស្រ្តថ្នល់បត់ មានសក្ដានុពលបម្រើឱ្យការស្រោចស្រពលើផ្ទៃដីស្រូវវស្សាប្រមាណ ១១៧០ហិកតា និងស្រូវប្រាំងប្រមាណ ៤៥០ហិកតា ព្រមទាំងស្រោចស្រព ដំណាំរួមផ្សំផ្សេងៗទៀត នៅផ្នែកខាងក្រោម និងផ្នែកខាងលើនៃប្រព័ន្ធធារាសាស្ត្រនេះ ហើយក៏មានតួនាទីក្នុងការចែកចាយទឹកប្រជាពលរដ្ឋប្រើប្រាស់ប្រចាំថ្ងៃផងដែរ៕







ដោយ៖ មឿន ឌីណា (Moeun Dyna)