Register Already an agent ? Login

គម្រោងស្តារអូរតាកេរ្តិ៍ ខេត្តកំពង់ចាម បង្កើនសមត្ថភាពទឹកលើដីស្រែវស្សា-ប្រាំងជាង២ពាន់ហិកតា វឌ្ឍនភាព៥៥%

កំពង់ចាម៖ គម្រោងស្តារអូរតាកេរ្តិ៍ ក្នុងភូមិសាស្រ្តខេត្តកំពង់ចាម នឹងជួយបង្កើនសមត្ថភាពស្រោចស្រពបន្ថែមលើផ្ទៃដីបង្កបង្កើនផលរដូវវស្សាចំនួន ១៨៦០ហិកតា រដូវប្រាំងចំនួន ៨០០ហិកតា និងដំណាំរួមផ្សំចំនួន ៣៥ហិកតា វឌ្ឍនភាព៥៥%។

លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានវិស្វកម្ម តំណាងរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីបច្ចេកទេសក្រសួង ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពគម្រោងស្តារអូរតាកេរ្តិ៍ ស្ថិតនៅឃុំស្តើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥។

លោក ថាំង វីយុទ្ធដា បានឱ្យដឹងថា គិតរហូតមកដល់ពេលនេះ វឌ្ឍនភាពនៃការងារសរុបសម្រេចបានប្រមាណ ៥៥%។  ចំណែកឯ ការងារសំខាន់ៗរបស់គម្រោង រួមមាន៖ ទី១-ស្តារអូរតាកេរ្តិ៍ ប្រវែង ១ ៧៥០ម៉ែត្រ និងទី២-សាងសង់សំណង់លូមូលដោះទឹក(ទ្វារ១) ចំនួន ២កន្លែង។

គម្រោងនេះ នឹងជួយបង្កើនសមត្ថភាពស្រោចស្រពបន្ថែមលើផ្ទៃដីបង្កបង្កើនផលរដូវវស្សាចំនួន ១៨៦០ហិកតា រដូវប្រាំងចំនួន ៨០០ហិកតា និងដំណាំរួមផ្សំចំនួន ៣៥ហិកតា សម្រាប់ប្រជាកសិករប្រមាណ ៩៣៧គ្រួសារ ក្នុងភូមិចំនួន២ ស្ថិតនៅឃុំស្តើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ បើតាមការបញ្ជាក់ លោក ថាំង វីយុទ្ធដា។

 ឆ្លៀតក្នុងឱកាសនោះដែរ លោកប្រធាននាយកដ្ឋានវិស្វកម្ម ក៏បានណែនាំដល់ក្រុមការងារសាងសង់ឱ្យអនុវត្តការងារទៅតាមបទដ្ឋានបច្ចេកទេសឱ្យបានហ្មត់ចត់ និងជំរុញអនុវត្តការងារឱ្យសម្រេចបានតាមផែនការគ្រោងទុក៕

ដោយ៖ មឿន ឌីណា (Moeun Dyna)