Register Already an agent ? Login

ខេត្តឧត្ដរមានជ័យជាខេត្តទី៧ បានបិទបញ្ចប់ការវាស់វែងក្បាលដី ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ

ឧត្ដរមានជ័យ៖ ខេត្តឧត្ដរមានជ័យ ត្រូវបានប្រកាសជាខេត្តទី៧ ដែលបានបិទបញ្ចប់ការវាស់វែងក្បាលដី ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ខណៈ ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជិត ១ម៉ឺនបណ្ណ ជូនប្រជាពលរដ្ឋក្នុងស្រុកចំនួន ៣។

លោក សាយ សំអាល់ រដ្ឋមន្រ្ដីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោក គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តឧត្ដរមានជ័យ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសខេត្តឧត្ដរមានជ័យ បញ្ចប់ការវាស់វែងដីធ្លី មានលក្ខណៈជាប្រព័ន្ធ។

ពីនេះ នៅថ្ងៃទិ១៩ ខែឧសភា ឆ្នាំ២០២៥ លោក គន់ គីម បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការដឹកនាំតម្រង់ទិសរបស់ រដ្ឋមន្រ្ដីក្រសួងរៀបចំដែនដី ដែលបានជំរុញការចុះបញ្ជីដីធ្លីទូទាំងប្រទេស ជូនប្រជាពលរដ្ឋបានឆាប់រហ័ស និងឈានដល់ការប្រកាស ការបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ នាពេលនេះ។

លោក បានថ្លែងបន្តថា ជាក់ស្ដែងក្រោយពីអនុវត្ត ជោគជ័យនូវនយោបាយឈ្នះឈ្នះ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ សម្ដេចតេជោ បានចាប់ផ្ដើមដាក់ចេញនូវគោលនយោបាយបែងចែកដីធ្លី ផ្ដល់កម្មសិទ្ធិឯកជនជូនប្រជាពលរដ្ឋ នុញ្ញាត មានសិទ្ធិកាន់កាប់ប្រើប្រាស់ និងអាស្រ័យផលលើដីជាក់ស្ដែងរបស់ខ្លួន។

នៅក្នុងខេត្តឧត្ដរមានជ័យទាំងមូល ក្នុងយុទ្ធនាការនៃបទបញ្ជាលេខ០១ «នយោបាយចាស់ សកម្មភាពថ្មីលើវិស័យដីធ្លី» ចាប់ពី ខែកក្កដា ឆ្នាំ២០១២ ដល់ខែមិថុនា ឆ្នាំ២០១៣ បានចុះបញ្ជីដីធ្លី និងចេញបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋចំនួន ២៤៥៨៦បណ្ណ ស្មើនិង ១ ៨៨៥៣គ្រួសារ លើផ្ទៃដីទំហំ ៨១ ៥៧០,២២ហិកតា ចំនួន៥៦ភូមិ ១៣ឃុំ\សង្កាត់ ក្រុង១ និងស្រុក ចំនួន៣។

លោក សាយ សំអាល់ មានប្រសាសន៍បានថ្លែងថា សូមអាជ្ញាធរមូលដ្ឋាន និងមន្ទីរពាក់ព័ន្ធ គិតគូរលើការរៀបចំក្រុង និងពិនិត្យឈ្មោះ និងលេខកូដភូមិសាស្ត្រដើម្បីក្រសួងអាចរៀបចំអាសយដ្ឋាន និងព្រំប្រទល់ភូមិ ឃុំ ខេត្ត ទូទាំងប្រទេសឡើងវិញ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)