
អន្តរជាតិ៖ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិន (EV) BYD បានវ៉ាដាច់តូយ៉ូតាជារថយន្តដែលលក់ដាច់បំផុតនៅក្នុងប្រទេសសិង្ហបុរី ហើយវាគឺដោយសារតែការរួមបញ្ចូលគ្នានៃតម្លៃដ៏គួរឱ្យទាក់ទាញ និងអារម្មណ៍យីហោវិជ្ជមានកាន់តែខ្លាំងឡើងចំពោះបច្ចេកវិទ្យារបស់ចិន។ បើតាមអ្នកបើកបរនិងអ្នកវិភាគ បានលើកឡើងដូចគ្នា។
ទិន្នន័យរបស់អាជ្ញាធរដឹកជញ្ជូនផ្លូវគោក (LTA) បានបង្ហាញថា BYD បានលក់រថយន្តចំនួន ៣,០០២គ្រឿង ឬ ២០ភាគរយនៃការលក់រថយន្តសរុបនៅក្នុងប្រទេសសិង្ហបុរីក្នុងរយៈពេល ៤ខែដំបូងក្នុងឆ្នាំ២០២៥។
BYD បានទម្លាក់ក្រុមហ៊ុនតូយ៉ូតាជារថយន្តដែលពេញនិយមបំផុត ក្រុមហ៊ុនផលិតរបស់ជប៉ុនបានលក់រថយន្តចំនួន ២,០៥០គ្រឿង ក្នុងរយៈពេលដូចគ្នា ហើយវ៉ាជែងគូប្រជែង EV សំខាន់របស់ខ្លួនគឺ Tesla ដែលលក់បាន ៥៣៥គ្រឿង។
នៅឆ្នាំ២០២៤ ក្រុមហ៊ុនតូយ៉ូតាលក់រថយន្តបាន ៧,៨៧៦គ្រឿងនៅទីសិង្ហបុរី ច្រើនជាងរថយន្ត BYD ៦,១៩១គ្រឿង។
ប៉ុន្តែតែមាននៅក្នុងឆ្នាំ២០២០ ប៉ុណ្ណោះដែល BYD បានលក់រថយន្តត្រឹមតែ ៣គ្រឿងនៅក្នុងប្រទេសសិង្ហបុរី។ នេះបើយោងតាមទិន្នន័យ LTA តួលេខនេះបានកើនឡើងដល់ ៨៩គ្រឿង ក្នុងឆ្នាំ២០២១, ៧៨៦គ្រឿង ក្នុងឆ្នាំ២០២២ និង ១,៤១៦គ្រឿង ក្នុងឆ្នាំ២០២៣។
ផ្ទុយទៅវិញ ការលក់រថយន្តតូយ៉ូតានៅតែមានស្ថិរភាព ជាមួយនឹងចំនួន ៧,៧០៤គ្រឿន នៅឆ្នាំ២០២០, ៩,៦៣៣គ្រឿង នៅឆ្នាំ២០២១, ៦,៤០៥គ្រឿង នៅឆ្នាំ២០២២ និង ៧,២៤៨គ្រឿង នៅឆ្នាំ២០២៣។
ការលក់របស់ក្រុមហ៊ុន Tesla ក៏បានកើនឡើងផងដែរក្នុងប៉ុន្មានឆ្នាំមកនេះ ប៉ុន្តែមិនលឿនដូចរថយន្ត BYD នោះទេ។ ក្រុមហ៊ុនរបស់ លោក Elon Musk បានលក់រថយន្តចំនួន ២០គ្រឿង ក្នុងឆ្នាំ២០២០, ចំនួន ៩២៤គ្រឿងក្នុងឆ្នាំ២០២១, ចំនួន ៨៧៥គ្រឿង ក្នុងឆ្នាំ២០២២, ចំនួន ៩៤១គ្រឿង ក្នុងឆ្នាំ២០២៣ និងចំនួន ២,៣៨៤គ្រឿង ក្នុងឆ្នាំ២០២៤។
កត្តាសម្រេចចិត្តដ៏សំខាន់មួយសម្រាប់អ្នកបើកបរ BYD ជាច្រើនគឺតម្លៃ ដែលពួកគេបាននិយាយថាទាបជាងរថយន្តម៉ាស៊ីនចំហេះខាងក្នុង (ICE) និងម៉ាក EV ផ្សេងទៀត។
អ្នកស្រី Ng Lay Peng ដែលបានទិញរថយន្ត BYD Atto 3 កាលពីដើមឆ្នាំមុន មិនដែលមានបំណងទិញរថយន្ត EV ទេ ដោយគ្រាន់តែបើកបររថយន្ត ICE ប៉ុណ្ណោះ។ ប៉ុន្តែគុណភាពនិងតម្លៃនៃរថយន្តចិនបានធ្វើឱ្យអ្នកស្រីទទួលបានការចាប់អារម្មណ៍។ អ្នកស្រី បន្តថា ខណៈដែលរថយន្ត ICE ក្នុងជួរតម្លៃដូចគ្នាមើលទៅ "ជាមូលដ្ឋាន" ម៉ូដែល BYD លើសពីការរំពឹងទុករបស់អ្នកស្រី។
ការទទួលស្គាល់កាន់តែច្រើនឡើងនៃម៉ាកយីហោចិនទាំងមូលក៏បានជួយជំរុញ BYD ឱ្យទទួលបានប្រជាប្រិយភាពនាពេលថ្មីៗនេះផងដែរ។ យូរមកហើយគឺជាថ្ងៃដែល "ផលិតនៅចិន" ត្រូវបានគេមើលឃើញថាល្អបំផុតទីពីរ៕
ប្រភព៖ CNA
ប្រែសម្រួលដោយ៖ MD-Angkor