Register Already an agent ? Login

ក្រុមហ៊ុន Beijing Sainte Holding Co., Ltd. មានបំណងបណ្តាក់ទុនវិនិយោគក្នុងវិស័យចម្រាញ់ប្រេងនៅកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុន Beijing Sainte Holding Co., Ltd មានបំណងមកបណ្តាក់ទុនវិនិយោគក្នុងវិស័យចម្រាញ់ប្រេងនៅកម្ពុជា។ ក្រុមហ៊ុន បញ្ជាក់ថា សង្ឃឹមគម្រោងនេះនឹងអាចរួមចំណែកជួយគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជាផងដែរ។

លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហការី បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃក្រុមហ៊ុន Beijing Sainte Holding Co., Ltd. ដែលដឹកនាំដោយលោក ឆិន យីងលាវ (Chen Yingliu) អគ្គនាយកក្រុមហ៊ុន។

បើតាមជំនួបនេះ មានការសម្របសម្រួលពី លោក ឯក សំអុល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមមិត្តភាពកម្ពុជា-ចិន និងលោកស្រី ហ័ង រួយហ័រ (Wong Swie Hwa) ប្រធានសមាគមធុរកិច្ចហុងកុង និងម៉ាកាវប្រចាំកម្ពុជា នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥។

អគ្គលេខាធិការ បានមានមតិស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះគណៈប្រតិភូ និងបានសម្តែងនូវសេចក្តីសោមនស្សរីករាយដែលក្រុមហ៊ុន Beijing Sainte Holding Co., Ltd មានបំណងមកបណ្តាក់ទុនវិនិយោគក្នុងវិស័យចម្រាញ់ប្រេងនៅកម្ពុជា។

លោក បានជម្រាបជូនក្រុមហ៊ុនពីសាវតាររបស់ក្រុមហ៊ុនចម្រាញ់ប្រេងមួយចំនួននៅកម្ពុជា និងបទពិសោធន៍និងភាពជោគជ័យរបស់ក្រុមហ៊ុនមួយចំនួនដូចជានៅប្រទេសសិង្ហបុរី និងប្រទេសកូរ៉េជាដើម។

ជាការគិតគូរជំហានបន្ទាប់ លោក ជា វុទ្ធី បានស្នើឱ្យក្រុមហ៊ុនធ្វើការជ្រើសរើសទីតាំងសមស្របដើម្បីធ្វើការបង្កើតរោងចក្រ សំដៅកាត់បន្ថយការប៉ះពាល់បរិស្ថាន និងប្រជាពលរដ្ឋដែលរស់នៅក្បែរតំបន់នោះ។

បន្ថែមពីនេះ លោក ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបង្កើតតំបន់សេដ្ឋកិច្ចពិសេសមួយសម្រាប់តែឧស្សាហកម្មចម្រាញ់ប្រេង។

ជាការឆ្លើយតប ក្រុមហ៊ុនបានសន្យា និងមានការបេ្តជ្ញាចិត្តខ្ពស់ក្នុងការនាំយកជំនាញ និងបច្ចេកវិទ្យាទំនើប និងឈានមុខពីប្រទេសចិនដើម្បីអនុវត្តគម្រោងនេះឱ្យបានជោគជ័យ។

លើសពីនេះ ក្រុមហ៊ុន Beijing Sainte Holding Co., Ltd សង្ឃឹមថាគម្រោងនេះនឹងអាចរួមចំណែកជួយគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជាផងដែរ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)