Register Already an agent ? Login

គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី បាត់ដំបងមានសក្តានុពលស្ដុកទឹកជាង ១៦៣លានម៉ែត្រគូប សម្រេចបានប្រមាណ៩៧%

បាត់ដំបង៖ គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី មានសក្តានុពលស្ដុកទឹកបានប្រមាណ ១៦៣,១លានម៉ែត្រគូប មានលទ្ធភាពផ្គត់ផ្គង់ទឹកស្រោចស្រពផ្ទៃដីកសិកម្មប្រមាណ ៣៣០០០ហិកតានៅរដូវវស្សា និងប្រមាណ ៤៥០០ហិកតានៅរដូវប្រាំង ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង សម្រេចបានប្រមាណ ៩៧%។

លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរ ថ្នាក់ដឹកនាំ លោក លោកស្រី មន្ត្រីបច្ចេកទេសក្រសួង និង មន្ទីរធនធានទឹកនិងឧតុនិយមខេត្តបាត់ដំបង បានចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ស្ថិតក្នុងស្រុករុក្ខគិរី ខេត្តបាត់ដំបង ដែលទទួលហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥។

ក្នុងឱកាសចុះពិនិត្យការងារ លោក រដ្ឋមន្ត្រីបានមានប្រសាសន៍ឱ្យដឹងថា គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ប្រើប្រាស់វិធីសាស្រ្តថ្មីក្នុងការសាងសង់ ដូចជា ការជីករូងក្នុងភ្នំ ការជីកថ្ម និងវិធីសាស្រ្តពង្រឹងកែច្នៃបាតគ្រឹះទំនប់ជាដើម។

លោក បានបន្តថា គម្រោងនេះ មានសក្តានុពលស្ដុកទឹកបានប្រមាណ ១៦៣,១លានម៉ែត្រគូប មានលទ្ធភាពផ្គត់ផ្គង់ទឹកស្រោចស្រពផ្ទៃដីកសិកម្មប្រមាណ ៣៣០០០ហិកតានៅរដូវវស្សា និងប្រមាណ ៤៥០០ហិកតានៅរដូវប្រាំង គ្របដណ្តប់លើឃុំចំនួន ១១នៃស្រុកមោងឫស្សី និងស្រុករុក្ខគិរី ខេត្តបាត់ដំបង និងស្រុកបាកាន ខេត្តពោធិ៍សាត់ ព្រមទាំងរួមចំណែកក្នុងការផ្គត់ផ្គង់ទឹកស្អាត និងកាត់បន្ថយទឹកជំនន់តាមតំបន់មួយចំនួននៅផ្នែកខាងក្រោម។

លោក ថោ ជេដ្ឋា បានថ្លែងនូវការកោតសរសើរចំពោះវឌ្ឍនភាពគម្រោងដែលសម្រេចបាន ជាពិសេស កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារអនុវត្តគម្រោង មន្ទីរធនធានទឹកនិងឧតុនិយមខេត្តបាត់ដំបង ព្រមទាំងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ដែលបានរួមសហការគ្នាយ៉ាងជិតស្និទ្ធធ្វើឱ្យការអនុវត្តគម្រោងសម្រេចបានតាមផែនការគ្រោងទុក។

គួរបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រីប្រើរយៈពេលសាងសង់ ៩០ខែ ដោយចាប់ផ្ដើមក្នុងខែមិថុនា ឆ្នាំ២០១៨ និងគ្រោងបញ្ចប់នាខែតុលា ឆ្នាំ២០២៥ ខាងមុខ។ ឮ

ការងារសំខាន់ៗរបស់គម្រោងរួមមាន៖ ទី១-សំណង់ទំនប់មេប្រវែង ៦៥៤ម៉ែត្រ ទី២-សំណង់បង្ហៀរប្រវែង ៤១៤ម៉ែត្រ ទី៣-រូងទូនេលពង្វាងទឹករាងជាក្រចកជើងសេះប្រវែង ៤៦២ម៉ែត្រ ទី៤-សំណង់គ្រប់គ្រងទឹកជាប្រភេទសំណង់ប៉មមានទ្វារទឹកច្រើនថ្នាក់ ដែលមានទ្វារទឹកចំនួន៥ និងស្ពានសម្រាប់ឆ្លងទៅប៉មប្រវែង ៥៥ម៉ែត្រ ទី៥-ផ្លូវក្រាលថ្មភ្នំប្រវែង ១៧,៣គីឡូម៉ែត្រ និងទី៦-សំណង់ដោះទឹកចំនួន ៨កន្លែង និងស្ពានបណ្តោះអាសន្នចំនួន ៣កន្លែង។

ក្នុងថ្ងៃដដែល lok រដ្ឋមន្ត្រី និងគណៈប្រតិភូក៏បានចុះពិនិត្យគម្រោងអភិវឌ្ឍន៍ទំនប់សាលាតាអន ស្ថិតក្នុងស្រុកសង្កែ និងស្រុកឯកភ្នំ ខេត្តបាត់ដំបង ក្រោមហិរញ្ញប្បទានពីសាធារណរដ្ឋកូរ៉េ។ គម្រោងនេះ បានចាប់ផ្តើមសាងសង់នៅឆ្នាំ២០១៨ ក្នុងគោលបំណងដើម្បីស្ទាក់ថែរក្សាទឹកទុកនៅលើស្ទឹងសង្កែដែលជាដំណាក់កាលទី៣ផ្នែកខាងក្រោមស្ទឹងសង្កែ បន្ទាប់ពីនៅផ្នែកខាងលើមានអាងទឹកពហុបំណងសេកសក និងទំនប់កង្ហត មុននឹងធ្លាក់ចូលទៅបឹងទន្លេសាប ហើយដែលគម្រោងនេះមានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវវស្សាចំនួន ១០៤០០ហិកតា និងស្រូវប្រាំងចំនួន ៤៧០០ហិកតា៕

ដោយ៖ មឿន ឌីណា (Moeun Dyna)