
ភ្នំពេញ៖ គម្រោងវិនិយោគចំនួន៥៩ ដែលមានទុនវិនិយោគសរុបប្រមាណ៨៦០លានដុល្លារអាម៉េរិក ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងខែមេសា ឆ្នាំ២០២៥។ បើតាម សេចក្តីប្រកាសព័ត៌មាន ប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
ក្នុងខែមេសា ឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគសរុបចំនួន ៥៩គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៨៦០លានដុល្លារ និងអាចបង្កើតការងារបានប្រមាណ ៣៩ពាន់កន្លែង។
ក្នុងចំណោមគម្រោងវិនិយោគសរុប គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ច ពិសេសមានចំនួន ៣២គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ២៧គម្រោង។
ជារួម ការអនុម័តគម្រោងវិនិយោគមានការកើនឡើងចំនួន ៣៧គម្រោង ស្មើនឹងប្រមាណ ១៦៨% ខណៈ ទុនវិនិយោគមានការកើនឡើងជាង ៥៥០លានដុល្លារ ស្មើនឹងប្រមាណ ១៧៨% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។
ដោយឡែក នៅក្នុងរយៈពេល៤ខែនៃឆ្នាំ២០២៥នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគចំនួន ២៣១គម្រោង ក្នុងទុនវិនិយោគមានប្រមាណ ៣,៤ពាន់លានដុល្លារ។
គួរបញ្ជាក់ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ចំនួនគម្រោងបានកើនឡើងចំនួន ១០៣គម្រោង ស្មើនឹងប្រមាណ ៨០% ខណៈ ទុនវិនិយោគបានកើនឡើងជាង ៨៥៦លានដុល្លារ ស្មើនឹងប្រមាណ ៣៤%៕
ដោយ៖ មឿន ឌីណា (Moeun Dyna)