Register Already an agent ? Login

គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ក្នុងក្រុងតាខ្មៅ តម្លៃជាង ៩០លានដុល្លារ គ្រោងបញ្ចប់ការសាងសង់ឆ្នាំ២០២៧

កណ្ដាល៖ គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ក្នុងក្រុងតាខ្មៅ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលកូរ៉េ សាងសង់ដោយក្រុមហ៊ុនសហអាជីវកម្ម KUMHO-TECHCROSS និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនសហអាជីវកម្ម DOHWA-SEOYOUNG មានតម្លៃកិច្ចសន្យាសរុបជាង ៩០លានដុល្លារ ដោយប្រើប្រាស់រយៈពេលសាងសង់ចំនួន ៣៦ខែ និងគ្រោងបញ្ចប់នៅក្នុងឆ្នាំ២០២៧។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ផាក ជុងវុក ឯកអគ្គរដ្ឋទូតកូរ៉េប្រចាំកម្ពុជា បានអញ្ជើញជាអធិបតីភាព ពិធីបើកការដ្ឋានគម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ក្នុងក្រុងតាខ្មៅ នាព្រឹកថ្ង ទី៦ ខែឧសភា ឆ្នាំ២០២៥។

សម្តេចមធិបតី បានថ្លែងក្នុងពិធីបើកខាងលើថា ការអភិវឌ្ឍប្រព័ន្ធចម្រោះទឹកកខ្វក់​ គឺជាការគិតគូរអំពីសុខភាពរបស់ប្រជាពលរដ្ឋ ព្រោះសុខភាពប្រជាពលរដ្ឋ គឺជាកម្លាំងជាតិរបស់យើង។ ប្រជាពលរដ្ឋដែលមានសុខភាពល្អ គឺជាធនធានរបស់ជាតិ ប៉ុន្តែប្រជាពលរដ្ឋដែលមានសុខភាពមិនល្អ គឺជាបន្ទុករបស់ជាតិ។

បន្ថែមពីនេះ ការរៀបចំបង្កើតសមិទ្ធផលបន្ថែមនានា នៅតាមមន្ទីរពេទ្យ ដូចជា មន្ទីរពេទ្យតេជោសន្តិភាព, មន្ទីរតេជោកោះធំ, អគារវះកាត់នៅមន្ទីរពេទ្យបង្អែកសៀមរាប និងការរៀបចំប្រព័ន្ធចម្រោះទឹកកខ្វក់នៅពេលនេះ​ គឺជាការគិតគូរអំពីសុខភាពរបស់ប្រជាពលរដ្ឋ។ ជាងថ្លែងបន្ត ប្រមុខរាជរដ្ឋាភិបាល។

ក្នុងឱកាសនោះ សម្ដេចនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ការអភិវឌ្ឍគឺត្រូវធ្វើពីមួយជំហានទៅមួយជំហាន រាជរដ្ឋាភិបាល បានខិតខំធ្វើគ្រប់បែបយ៉ាងដើម្បីការងារប្រជាពលរដ្ឋ និងគោលនយោបាយជួយដល់ប្រជាពលរដ្ឋ តាមរយៈការអប់រំ និងសុខាភិបាល រួមទាំងកសាង និងសម្ពោធសមិទ្ធផលជាបន្តបន្ទាប់ដើម្បីជំរុញកំណើនសេដ្ឋកិច្ចប្រជាពលរដ្ឋ ដោយកាត់បន្ថយការចំណាយ និងបង្កើនចំណូលរបស់ប្រជាពលរដ្ឋ។

គម្រោងនេះ ត្រូវបែងចែកជា២ ផ្នែករួមមាន ទី១-ការសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ រួមមានការសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ តាមវិធីសាស្ត្រអាងចម្រោះតាមបែបធម្មជាតិ (Waste Stabilization Pond) លើផ្ទៃដីទំហំ ៣០ហិកតា ដែលមានសមត្ថភាពចម្រោះទឹកកខ្វក់ចំនួន ១២ ០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ.

ក្នុងនោះ ការសាងសង់ស្ថានីយបូមទឹកកខ្វក់ចំនួន ៧កន្លែង និងបណ្តាញលូទឹកកខ្វក់គ្រប់ប្រភេទ ប្រវែងសរុប ១២៥,៣ គីឡូម៉ែត្រ ព្រមទាំងការងារតំណភ្ជាប់តាមខ្នងផ្ទះ ដើម្បីបង្ហូរចូលក្នុងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ ដែលគ្របដណ្តប់តំបន់សេវាចំនួន ៦សង្កាត់ រួមមានសង្កាត់កំពង់សំណាញ់ សង្កាត់ដើមមៀន សង្កាត់តាក្តុល សង្កាត់តាខ្មៅ សង្កាត់ព្រែកហូរ និងសង្កាត់ព្រែកឫស្សី ស្មើនឹងផ្ទៃដី ប្រមាណ ៩៧៤ហិកតា ក្នុងក្រុងតាខ្មៅ។ឮ

ទី២-ការសាងសង់ប្រព័ន្ធរំដោះទឹកជំនន់ រួមមាន ការសាងសង់បណ្តាញលូរំដោះទឹកភ្លៀង ដោយដាក់លូប្រអប់ និងលូមូលតាមបណ្តោយផ្លូវជាតិលេខ២១ ចាប់ពីម្តុំរង្វង់មូលតាខ្មៅ ប្រវែង ៥គីឡូម៉ែត្រ និងការងារសាងសង់ និងស្ដារស្ថានីយបូមទឹកភ្លៀង ២កន្លែង ព្រមទាំងបណ្តាញលូរំដោះទឹកភ្លៀងមួយចំនួនទៀតក្នុងក្រុងតាខ្មៅ។

ក្រោយពីបញ្ចប់ការសាងសង់ សមិទ្ធផលទាំងនេះនឹងចូលរួមចំណែកក្នុងការលើកកម្ពស់ សុខុមាលភាព និងអនាម័យបរិស្ថានសម្រាប់ប្រជាពលរដ្ឋរស់នៅក្នុង ៦សង្កាត់នៃក្រុង តាខ្មៅ និងការជួយកាត់បន្ថយនូវជំនន់ទឹកភ្លៀងក្នុងរដូវវស្សា។ ជាងនេះទៀត គម្រោងនេះក៏នឹងជួយជំរុញការវិនិយោគសកម្មភាពពាណិជ្ជកម្ម និងការអភិវឌ្ឍលំនៅឋាន នៅក្នុងតំបន់ជុំវិញនេះផងដែរ។

គួរបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ក្នុងក្រុងតាខ្មៅ គឺជាលទ្ធផល នៃកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ តាមរយៈការពង្រឹងនូវទំនាក់ទំនងជាបន្តបន្ទាប់ ពិសេសក្រោមការដឹកនាំ របស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ បានខិតខំពង្រឹងនិងពង្រីកកិច្ចទំនាក់ទំនងនៃប្រទេសទាំងពីររហូតឈានដល់ការដំឡើងកម្រិតទំនាក់ទំនងទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រ” ដែលបាន និងកំពុងនាំមកនូវការអភិវឌ្ឍរីកចម្រើនថ្មីៗជាច្រើនបន្ថែម ទៀតដល់កម្ពុជា៕

ដោយ៖ មឿន ឌីណា (Moeun Dyna)