Register Already an agent ? Login

គម្រោងជួសជុលទំនប់អាងទឹកទំនប់ថ្មី ឧត្តរមានជ័យបង្កើនស្រោចស្រពដីស្រែប្រាំង-វស្សាជិត២ពានហិកតា វឌ្ឍនភាព៤៥%

ឧត្តរមានជ័យ៖ គម្រោងជួសជុលទំនប់អាងទឹកទំនប់ថ្មី ស្ថិតក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ បង្កើនសមត្ថភាពស្រោចស្រពបន្ថែមលើផ្ទៃដីបង្កបង្កើនផលរដូវ-ប្រាំង-វស្សា និងដំណាំរួមផ្សំចំនួន ១៨៤៩ហិកតា សម្រាប់ប្រជាកសិករប្រមាណ ៤១៨គ្រួសារ ក្នុងភូមិចំនួន២ ស្ថិតនៅឃុំត្រពាំងតាវ ស្រុកអន្លង់វែង។

លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានវិស្វកម្ម ក្នុងតំណាង រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីបច្ចេកទេសក្រសួង ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពគម្រោងជួសជុលទំនប់អាងទឹកទំនប់ថ្មី ស្ថិតក្នុងឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

បើតាម លោក ថាំង វីយុទ្ធដា បានឱ្យលោក ការងារសំខាន់ៗរបស់គម្រោង រួមមាន៖ ទី១-ជួសជុលទំនប់អាងទឹកទំនប់ថ្មី ប្រវែង ២ ០០០ម៉ែត្រ ទី២-សាងសង់សំណង់ជើងទេរបេតុង ប្រវែង ៤០០ម៉ែត្រ ចំនួន ១កន្លែង ទី៣-សាងសង់សំណង់ទ្វារទឹក(ទ្វារ៣) ចំនួន ២កន្លែង និងទី៤-សាងសង់សំណង់ធ្នឹមក្រវាត់ថ្មក្រោយសំណង់បង្ហៀរទំនប់ថ្មី ប្រវែង ១៥៥ម៉ែត្រ ចំនួន ១កន្លែង។

ប្រធាននាយកដ្ឋានវិស្វកម្ម បានបញ្ជាក់ថា គិតរហូតមកដល់ពេលនេះ វឌ្ឍនភាពនៃការងារសរុបសម្រេចបានប្រមាណ ៤៥%។

បើតាម លោកប្រធាន បានគូសបញ្ជាក់ថា គម្រោងនេះនឹងជួយបង្កើនសមត្ថភាពស្រោចស្រពបន្ថែមលើផ្ទៃដីបង្កបង្កើនផលរដូវវស្សាចំនួន ១៤៩២ហិកតា រដូវប្រាំងចំនួន ២៧៩ហិកតា និងដំណាំរួមផ្សំចំនួន ៧៨ហិកតា សម្រាប់បងប្អូនប្រជាកសិករប្រមាណ ៤១៨គ្រួសារ ក្នុងភូមិចំនួន២ ស្ថិតនៅឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

ឆ្លៀតក្នុងឱកាសនោះដែរ លោកប្រធាននាយកដ្ឋានវិស្វកម្ម ក៏បានណែនាំដល់ក្រុមការងារសាងសង់ឱ្យអនុវត្តការងារទៅតាមបទដ្ឋានបច្ចេកទេសឱ្យបានហ្មត់ចត់ និងជំរុញអនុវត្តការងារឱ្យសម្រេចបានតាមផែនការគ្រោងទុក៕

ដោយ៖ មឿន ឌីណា (Moeun Dyna)