
ឧត្តរមានជ័យ៖ គម្រោងជួសជុលទំនប់អាងទឹកកណ្តែក ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ នឹងជួយបង្កើនសមត្ថភាពស្រោចស្រពបន្ថែមលើផ្ទៃដីបង្កបង្កើនផលរដូវវស្សាចំនួន ៦៨១ហិកតា រដូវប្រាំងចំនួន ១១៥ហិកតា និងដំណាំរួមផ្សំចំនួន ៣០ហិកតា វឌ្ឍនភាពសម្រេចបានប្រមាណ ៥០%។
លោក លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានវិស្វកម្ម ក្នុងនាមតំណាង រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីបច្ចេកទេសក្រសួង ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពគម្រោងជួសជុលទំនប់អាងទឹកកណ្តែក ស្ថិតក្នុងសង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

តាមការចុះពិនិត្យ នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ បានមានប្រសាសន៍ឱ្យថា គិតរហូតមកដល់ពេលនេះ ការងារដីសម្រេចបាន ៦០% និងការងារសំណង់សម្រេចបាន ៤០% ដោយឡែក វឌ្ឍនភាពនៃការងារសរុបសម្រេចបានប្រមាណ ៥០%។
លោក ប្រធាននាយកដ្ឋានវិស្វកម្ម បានបន្តថា ចំណែកឯ ការងារសំខាន់ៗរបស់គម្រោង រួមមាន៖ ទី១-ជួសជុលទំនប់អាងទឹកកណ្តែក ប្រវែង ៣ ២០០ម៉ែត្រ ទី២-សាងសង់សំណង់ទ្វារទឹក (ទ្វារ២) ចំនួន ២កន្លែង ទី៣-សាងសង់សំណង់បង្ហៀរ ចំនួន ១កន្លែង និងទី៤-រៀបថ្មធំជើងទេរទំនប់អាងទឹកកណ្តែក ប្រវែង ៤០០ម៉ែត្រ ចំនួន ១កន្លែង។

លោក បានបញ្ជាក់ថា គម្រោងនេះនឹងជួយបង្កើនសមត្ថភាពស្រោចស្រពបន្ថែមលើផ្ទៃដីបង្កបង្កើនផលរដូវវស្សាចំនួន ៦៨១ហិកតា រដូវប្រាំងចំនួន ១១៥ហិកតា និងដំណាំរួមផ្សំចំនួន ៣០ហិកតា សម្រាប់ប្រជាកសិករប្រមាណ ១០៧៤គ្រួសារ ក្នុងភូមិចំនួន៥ ស្ថិតក្នុងសង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
ឆ្លៀតក្នុងឱកាសនោះដែរ លោកប្រធាននាយកដ្ឋានវិស្វកម្ម ក៏បានណែនាំដល់ក្រុមការងារសាងសង់ឱ្យអនុវត្តការងារទៅតាមបទដ្ឋានបច្ចេកទេសឱ្យបានហ្មត់ចត់ និងជំរុញអនុវត្តការងារឱ្យសម្រេចបានតាមផែនការគ្រោងទុក៕

ដោយ៖ មឿន ឌីណា (Moeun Dyna)