
អន្តរជាតិ៖ អធិការបតី លោកស្រី Rachel Reeves បានផ្តល់សញ្ញាថាចក្រភពអង់គ្លេសអាចកាត់បន្ថយពន្ធលើការនាំចូលរថយន្តរបស់សហរដ្ឋអាមេរិក ខណៈដែលលោកស្រីបានំរុញឱ្យមានការកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយរដ្ឋបាល លោក Trump ។
លោកស្រី Reeves បានបញ្ជាក់ថា ខ្ញុំចង់ឃើញរបាំងពន្ធគយនិងមិនមែនពន្ធត្រូវបានកាត់បន្ថយរវាងចក្រភពអង់គ្លេសនិងសហរដ្ឋអាមេរិក។ លោកស្រី បានបន្តថា ចក្រភពអង់គ្លេសកំពុងស្វែងរកការកាត់បន្ថយពន្ធពាណិជ្ជកម្មដែលដាក់ដោយប្រធានាធិបតី លោក Donald Trump ចំនួន ២៥% សម្រាប់រថយន្ត ដែក និងអាលុយមីញ៉ូម និង ១០% លើការនាំចេញរបស់អង់គ្លេសផ្សេងទៀត។
ចំណុចមួយក្នុងចំណោមចំណុចជាប់គាំងសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មក្នុងពេលកន្លងមកគឺស្តង់ដារអាហារ ប៉ុន្តែ Reeves បានគូសបញ្ជាក់ថា ចក្រភពអង់គ្លេសនឹងមិនកាត់បន្ថយទាំងនេះទេ។
នៅព្រឹកថ្ងៃនេះ ឯកសារមួយបានផ្សព្វផ្សាយក្នុងចំណោមក្រុមធុរកិច្ចអាមេរិក និងសហជីពដែលកំពុងស្វែងរកទស្សនៈស្តីពីកិច្ចព្រមព្រៀងដ៏មានសក្តានុពលជាមួយចក្រភពអង់គ្លេស ដោយផ្តោតលើការបញ្ចុះពន្ធរបស់ចក្រភពអង់គ្លេសលើរថយន្តអាមេរិកមកត្រឹម ២.៥% បច្ចុប្បន្ន ១០%។ អធិការបតី បានស្នើឱ្យបើកចំហចំពោះរឿងនេះ ដើម្បីទទួលបានកិច្ចព្រមព្រៀងពាណិជ្ជកម្មកាន់តែទូលំទូលាយ។
ប្រធានាធិបតី លោក Trump បានដាក់ពន្ធ ២៥% រួចហើយលើការនាំចូលរថយន្តទាំងអស់ទៅកាន់សហរដ្ឋអាមេរិក រួមទាំងពីចក្រភពអង់គ្លេសផងដែរ។ ចក្រភពអង់គ្លេស ក៏កំពុងប្រឈមមុខនឹងអត្រាពន្ធកាន់តែច្រើនចំនួន ១០% ហើយកំពុងស្វែងរកការចរចាកិច្ចព្រមព្រៀងជាមួយរដ្ឋបាលសហរដ្ឋអាមេរិក រួមជាមួយនឹងប្រទេសជាច្រើនផ្សេងទៀតដែលទទួលរងនូវការយកពន្ធខ្ពស់ជាងនេះ ដែលភាគច្រើនបច្ចុប្បន្នកំពុងពន្យាររហូតដល់ខែកក្កដា។
លោកស្រី Reeves បានប្រាប់ BBC នៅក្នុងព្រឹត្តិការណ៍មួយក្នុងទីក្រុងវ៉ាស៊ីនតោនថា អ្នកចរចារបស់ចក្រភពអង់គ្លេសកំពុងធ្វើការទាំងស្រុង ដើម្បីទទួលបានកិច្ចព្រមព្រៀងដែលជាផលប្រយោជន៍ជាតិរបស់ប្រទេស។ លោកស្រី លើកឡើងថា យើងមានឆន្ទៈក្នុងការកាត់បន្ថយរបាំងពាណិជ្ជកម្មនៅក្នុងចក្រភពអង់គ្លេស ដែលជារបាំងពាណិជ្ជកម្មដែលមានស្រាប់, ហើយយើងចង់កសាងទំនាក់ទំនងដែលយើងមាន។
ថ្លែងទៅកាន់ BBC ក្នុងព្រឹត្តិការណ៍មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កាលពីថ្ងៃពុធ លោកស្រី Reeves បានលើកឡើងថា ចក្រភពអង់គ្លេសនឹងមិនប្រញាប់ប្រញាល់ចូលទៅក្នុងកិច្ចព្រមព្រៀងនោះទេ។ លោកស្រី បានបន្តថា ប៉ុន្តែរដ្ឋាភិបាលមានទំនុកចិត្តថា ការធ្វើការជាមួយដៃគូរបស់យើងនៅសហរដ្ឋអាមេរិក យើងអាចទទួលបានទំនាក់ទំនងពាណិជ្ជកម្មកាន់តែប្រសើរឡើង និងកសាងលើពាណិជ្ជកម្មដ៏ច្រើនដែលមានស្រាប់រវាងប្រទេសដ៏អស្ចារ្យរបស់យើងទាំងពីរ។
យើងចង់ទទួលបានកិច្ចព្រមព្រៀងត្រឹមត្រូវសម្រាប់ចក្រភពអង់គ្លេស ដើម្បីគាំទ្រដល់ឧស្សាហកម្មរបស់យើង ការងារ និងអ្នកប្រើប្រាស់របស់យើង។ ជាការលើកឡើងបន្តទៀត លោកស្រី Reeves បានបន្ថែមថា ចក្រភពអង់គ្លេស ពិតជាច្បាស់លាស់ក្នុងការពិភាក្សាជាមួយអ្នកចរចាអាមេរិក "យើងនឹងមិនកាត់បន្ថយស្តង់ដារកសិកម្មនៅក្នុងចក្រភពអង់គ្លេស" នោះទេ។
កាលពីថ្ងៃពុធ ទេសាភិបាលធនាគារកណ្តាលអង់គ្លេស លោក Andrew Bailey បាននិយាយថា ចក្រភពអង់គ្លេសត្រូវតែទទួលយកហានិភ័យនៃសង្គ្រាមពាណិជ្ជកម្មដែលប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចពិភពលោក "យ៉ាងធ្ងន់ធ្ងរ"។
ទោះជាយ៉ាងណាក៏ដោយ លោកស្រី Reeves បាននិយាយថា "ខ្ញុំយល់អំពីការព្រួយបារម្ភដែលសហរដ្ឋអាមេរិកមានចំពោះប្រទេសជុំវិញពិភពលោកដែលដំណើរការអតិរេកពាណិជ្ជកម្មដ៏ធំ និងជាប់លាប់ជាមួយសហរដ្ឋអាមេរិក"។ លោកស្រីបានបន្ថែមថា ចក្រភពអង់គ្លេស "មិនមែនជាប្រទេសមួយក្នុងចំណោមប្រទេសទាំងនោះ" ដូច្នេះ "មានកិច្ចព្រមព្រៀងមួយដែលត្រូវធ្វើឡើងរវាងចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក"៕
ប្រភព៖ BBC
ប្រែសម្រួលដោយ៖ MD-Angkor