Register Already an agent ? Login

ស្ពានខ្ពស់ជាងគេនៅកម្ពុជា នៃគម្រោងផ្លូវជាតិលេខ១០ បានចាក់បេតុងតភ្ជាប់មុខតំណ នឹងបើកបណ្តោះអាសន្នថ្ងៃទី១១ ដល់១៧ មេសានេះ

ពោធិ៍សាត់៖ ស្ពានខ្ពស់ជាងគេនៅកម្ពុជា នៃគម្រោងសាងសង់ផ្លូវជាតិលេខ១០ បានចាក់បេតុងតភ្ជាប់មុខតំណ ដើម្បីបើកឱ្យប្រើប្រាស់បណ្តោះអាសន្នសម្រាប់រថយន្តធុនតូច (ប្រភេទទេសចរណ៍/គ្រួសារ) ចាប់ពីថ្ងៃទី១១ ដល់១៧ មេសា ២០២៥ សម្រួលចរាចរណ៍ដល់ប្រជាពលរដ្ឋ អ្នកដំណើរ អ្នកទេសចរ ក្នុងឱកាសនៃការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ខាងមុខនេះ។

ពិធីចាក់បេតុងតភ្ជាប់មុខតំណស្ពានខ្ពស់ជាងគេនៅកម្ពុជា នៃគម្រោងផ្លូវជាតិលេខ១០ ក្រោមអធិបតីភាព លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាព្រឹកថ្ងៃអង្គារ ទី៨ ខែមេសា ឆ្នាំ២០២៥។

ពីធីនេះ ក៏មានការចូលរួមពី លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ប្រធានក្រុមប្រឹក្សាភិបាល អភិបាលខេត្តពោធិ៍សាត់ បាត់ដំបង និងកោះកុង, ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួង មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តទាំង៣, តំណាងក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន CRBC, អាជ្ញាធរមូលដ្ឋាន, កងកម្លាំងសមត្ថកិច្ច និងបងប្អូនកម្មករសាងសង់ជាច្រើនរូប។

គម្រោងផ្លូវជាតិលេខ១៥៥១ (ផ.ជ.១០)  និងស្ពាននេះ នឹងត្រូវបើកឱ្យប្រើប្រាស់ជាបណ្តោះអាសន្នសម្រាប់រថយន្តធុនតូច (ប្រភេទទេសចរណ៍/គ្រួសារ) ឆ្លងកាត់រយៈពេល១សប្តាហ៍ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ខាងមុខនេះ។

ស្ពានខ្ពស់ជាងគេនេះ ជាស្ពានទី២៨ ក្នុងចំណោមស្ពានសរុបចំនួន៣២ ដែលសាងសង់សម្រេចបាន ៩៨% មានប្រវែង៥៣៧ម៉ែត្រ កម្ពស់៩០ម៉ែត្រ (ដោយគិតពីបាតស្ទឹងដល់បាតធ្នឹមក្រោមស្ពាន) ទទឹងស្ពានទាំងសងខាងមានប្រវែង ១០ម៉ែត្រ និងចំណុចកណ្តាលសងខាង នៃស្ពានមានទីធ្លាសម្រាប់សំចតថតរូបអនុស្សាវរីយ៍មានទទឹងសរុប ១៥ម៉ែត្រ (ក្នុងប្រវែងសរុប ១០ម៉ែត្រ ពង្រីកម្ខាង ២,៥ម៉ែត្រ)។

គួរបញ្ជាក់ផងដែរថា ស្ពាននេះ ជាផ្នែកមួយនៃគម្រោងសាងសង់ផ្លូវជាតិលេខ១០ ដែលបានប្រកាសបើកការដ្ឋានសាងសង់ជាផ្លូវការកាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ ក្រោមអធិបតីភាព សម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃកម្ពុជា៕

ដោយ៖ មឿន ឌីណា (Moeun Dyna)