Register Already an agent ? Login

ការងារជួសជុលទំនប់អាងទឹកកណ្តែក ឧត្តរមានជ័យផ្ដល់ទឹកស្រូវប្រាំង-វស្សាជាង ៧០០ហិកតា វឌ្ឍនភាព ៤០%

ឧត្តរមានជ័យ៖ ការងារជួសជុលទំនប់អាងទឹកកណ្តែក ក្នុងសង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ មានសមត្ថភាពស្រោចស្រពបន្ថែមលើផ្ទៃដីបង្កបង្កើនផលស្រូវប្រាំង-ស្រូវវស្សាជាង ៧០០ហិកតា និងដំណាំរួមផ្សំប្រមាណ ៣០ហិកតា ជូនដល់ប្រជាកសិករប្រមាណ ១ ០៧៤គ្រួសារ វឌ្ឍនភាពបានប្រមាណ ៤០%។

លោក ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ ក្នុងរដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយមន្រ្តីជំនាញនៃនាយកដ្ឋានវិស្វកម្ម និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ បានចុះពិនិត្យវឌ្ឍនភាពការងារនេះ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥។

ការជួសជុលទំនប់អាងទឹកកណ្តែក នឹងជួយបង្កើនសមត្ថភាពស្រោចស្រពបន្ថែមលើផ្ទៃដីបង្កបង្កើនផលស្រូវវស្សាចំនួន ៦៨១ហិកតា ស្រូវប្រាំងចំនួន ១១៥ហិកតា និងដំណាំរួមផ្សំប្រមាណ ៣០ហិកតា ជូនដល់បងប្អូនប្រជាកសិករប្រមាណ ១ ០៧៤គ្រួសារ។ បើតាមការបញ្ជាក់ លោក ឈា ប៊ុនរិទ្ធ។

លោក បានបន្តឱ្យដឹងថា ការងារដែលត្រូវអនុវត្តមានដូចជា ទី១-ជួសជុលទំនប់ប្រវែង ៣ ២០០ម៉ែត្រ ទី២-សាងសង់សំណង់ទ្វារទឹកចំនួន ២កន្លែង ទី៣-សាងសង់សំណង់បង្ហៀរចំនួន ១កន្លែង ប្រវែង ៤០ម៉ែត្រ និងទី៤-សាងសង់សំណង់ការពារជើងទេរទំនប់ប្រវែង ៤០០ម៉ែត្រ។ គិតមកដល់ពេលនេះ វឌ្ឍនភាពការងារសម្រេចបានប្រមាណ ៤០%។

នាឱកាសនោះ លោក រដ្ឋលេខាធិការប្រចាំការ បានណែនាំដល់មន្រ្តីបច្ចេកទេសអនុវត្តគម្រោងរបស់នាយកដ្ឋានវិស្វកម្ម ត្រូវបន្តយកចិត្តទុកដាក់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់លើការងារជួសជុល និងសាងសង់ឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ដើម្បីធានាបាននូវការប្រើប្រាស់យូរអង្វែង៕

ដោយ៖ មឿន ឌីណា (Moeun Dyna)