
ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន បានផ្ដល់ហិរញ្ញប្បទានឥតសំណងសរុបចំនួន ១.៤៦៦លានយ៉េន ប្រមាណជិត ១១លានដុល្លារ ដើម្បីគាំទ្រអង្គភាព CMAC លើគម្រោងចំនួន២ និងគម្រោងសម្រាប់គាំទ្រក្រសួង ២ផ្សេងទៀត សរុប៤គម្រោង។
រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក SANUI Kazumasa ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំនៅកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណង និងឯកសារពាក់ព័ន្ធ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥។
គម្រោងទី១ ពង្រឹងសមត្ថភាពអង្គភាព CMAC លើកិច្ចសហប្រតិបត្តិការត្បូង-ត្បូងក្រោមគម្រោងកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គម។ គម្រោងនេះ មានថវិកាសរុបចំនួន ១.១៦៦លានយ៉េន ឬជាង៨,៤លានដុល្លារ នឹងត្រូវប្រើប្រាស់ដើម្បីទិញសម្ភារបច្ចេកទេសរួមមាន៖ គ្រឿងចក្រកម្ទេចមីន ម៉ាស៊ីនរាវមីន និងរថយន្តជាដើម ដើម្បីលើកកម្ពស់សម្ភារបច្ចេកទេសនៃកិច្ចសហប្រតិបត្តិការផង និងសម្រាប់បម្រើកិច្ចការហ្វឹកហ្វឺនអ្នកជំនាញសកម្មភាពមីនទាំងក្នុងតំបន់និងអន្តរជាតិ។
គម្រោងទី២ ការបំពេញបន្ថែមហិរញ្ញប្បទានឥតសំណងចំនួន ៣០០លានយ៉េន ឬជាង២លានដុល្លារ សម្រាប់គាំទ្រគម្រោងសាងសង់អាគារហ្វឹកហ្វឺននិងអាគារផ្សព្វផ្សាយអប់រំយល់ដឹងពីសង្គ្រាម(សារមន្ទីរតេជោសន្ដិភាព) នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ហិរញ្ញប្បទានឥតសំណងក្នុងគម្រោងនេះ សរុបកើនដល់ចំនួន ២.៧៥១លានយ៉េន ជិត២០លានដុល្លារ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)