
ព្រះសីហនុ៖ ប្រជាពលរដ្ឋចំនួន ៨ភូមិ ក្នុងស្រុកកំពង់សីលា ខេត្តព្រះសីហនុ បានទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៦,៧១០ក្បាលដី។
លោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា ប្រជាពលរដ្ឋចំនួន ៨ភូមិ ក្នុងស្រុកកំពង់សីលា ដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុរួមមាន៖ ភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ៦២៧ក្បាលដី, ភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ៣,២៣៩ក្បាលដី, ភូមិបឹងត្រាច ឃុំចំការហ្លួង មានចំនួន ៥៤៤ក្បាលដី។

ក្នុងពីធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈឆ្នាំ២០២៥ លោកកប្រធានមន្ទី បានបន្តថា ភូមិសម្តេចតា ឃុំចំការហ្លួង ៣៦៩ក្បាលដី, ភូមិគីរីវន្ត ឃុំស្ទឹងឆាយ ៨៤៧ក្បាលដី, ភូមិអូរតាហយ ឃុំស្ទឹងឆាយ ១៣៨ក្បាលដី, ភូមិស្ទឹងឆាយជើង ឃុំស្ទឹងឆាយ ៤៩២ក្បាលដី និងភូមិស្ទឹងឆាយត្បូង ឃុំស្ទឹងឆាយ ៤៥៤ក្បាលដី។

លោក បានថ្លែងបន្តទៀថា ជាមួយគ្នានេះ ក្នុងចំណោមជាង ៦ពាន់ក្បាលដីដែលត្រូវចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនបងប្អូនប្រជាពលរដ្ឋមាន ៣ប្រភេទរួមមាន៖ ១-ក្បាលដីទទួលបានពីរដ្ឋ គឺប្រគល់ជូនប្រជាពលរដ្ឋនាពេលនេះ, ២-ក្បាលដីទទួលអំណោយពីជីដូនជីតា ឬឪពុកម្តាយចែកឱ្យ តម្រូវឱ្យបញ្ជូនទៅសាខាពន្ធដារខេត្ត ដើម្បីប្រថាប់ត្រាស្មើសូន្យជាមុនសិនមុននឹងធ្វើការចែកជូនប្រជាពលរដ្ឋ និង ៣-ក្បាលដីទិញ-លក់បន្តដៃគ្នាតម្រូវឱ្យម្ចាស់ដីមកយកឯកសារនៅមន្ទីរ ដនសស.ខេត្ត ដើម្បីបង់ពន្ធប្រថាប់ត្រានៅសាខាពន្ធដារខេត្តជាមុនសិន។

លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីពិធីនេះ បានថ្លែងថា កម្មវិធីចែកបណ្ណកម្មសិទ្ធនាពេលនេះ នេះជាទឹកចិត្តសប្បាយរីករាយធ្វើឱ្យដំណើរការចុះបញ្ជីដីធ្លី និងឈានដល់ការចែកបណ្ណដោយសារមានការចូលរួមពីប្រជាពលរដ្ឋផងដែរ។

លោក ម៉ាង ស៊ីណេត បានថ្លែងបន្តថា រដ្ឋបាលខេត្ត ចង់ឃើញប្រជាពលរដ្ឋទទួលបានបណ្ណកម្មសិទ្ធស្របច្បាប់គ្រប់គ្នា ដើម្បីកាត់បន្ថយនូវទំនាស់ដីធ្លី នៅពេលទទួលបានបណ្ណនេះ វាមានអត្ថប្រយោជន៍ក្នុងការកាន់កាប់ដីធ្លីស្របច្បាប់ និងសូមទុកដាក់បណ្ណនេះឱ្យបានត្រឹមត្រូវ ព្រោះរដ្ឋបាលដីធ្លីមិនអាចចេញបណ្ណនេះជូនម្តងទៀតនោះទេ ម្យ៉ាងទៀតបណ្ណនេះបានជួយកាត់បន្ថយនូវទំនាស់ដីធ្លី ដែលរាជរដ្ឋាភិបាលមិនចង់ឃើញមានជម្លោះដីធ្លីនៅទូទាំងក្រុង ស្រុក នៅទូទាំងប្រទេស។

ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជាទីមោទក គឺពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល និងរដ្ឋបាលខេត្ត ក្នុងការលើកកម្ពស់សុវត្ថិភាពក្នុងការកាន់កាប់ដីធ្លី ដែលជាបច្ច័យជួយជំរុញនូវកំណើនសេដ្ឋកិច្ចសង្គមប្រកបដោយនិរន្តរ៍ភាព និងសុខដុមនីយកម្ម ជាពិសេស ស្របតាមគោលនយោបាយដីធ្លីរបស់រាជរដ្ឋាភិបាលកម្ពុជា សំដៅប្រែក្លាយខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងជាប៉ូលអភិវឌ្ឍជាតិទំនើបប្រកបដោយចីរភាព ជីវភាព សុខភាព និងសុភមង្គលនៅតំបន់ឆ្នេរសមុទ្រកម្ពុជា។ ជាការបន្ថែម លោក អភិបាលខេត្ត។

នាឱកាសនោះ លោក បានផ្តាំផ្ញើដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងស្រុកកំពង់សីលា មន្រ្តីបច្ចេកទេសសុរិយោដី និងអ្នកពាក់ព័ន្ធ ត្រូវផ្តល់កិច្ចសហការចូលរួមគាំទ្រសម្របសម្រួលឱ្យបានកាន់តែសកម្មថែមទៀតនៅក្នុងដំណើរការចុះបញ្ជីដីធ្លី និងជំរុញដំណើរការចែកបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស ព្រមទាំងខិតខំសម្រួល និងដោះស្រាយបញ្ហាប្រឈមនានាដែលកើតមានពាក់ព័ន្ធក្នុងការផ្តល់សេវានៃការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធឱ្យបានលឿន ឆាប់ និងមានប្រសិទ្ធភាព៕
ដោយ៖ មឿន ឌីណា (Moeun Dyna)